ជាតិ
ការកកស្ទះ​ក្នុង​ពន្ធនាគារ ព្រោះ​ចំនួន​អ្នកទោស​កើនឡើង តម្រូវ​ឲ្យ​រដ្ឋ​សង់​ពន្ធនាគារ​បន្ថែម​
22, Feb 2017 , 10:59 pm        
រូបភាព
រូបភពពីអង្គការលីកាដូ
រូបភពពីអង្គការលីកាដូ
ភ្នំពេញ​៖ ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា កំពុង​ផ្ទុក​អ្នកទោស ដោយ​ហួសការ​កំណត់​។ វា ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកទោស​ក្នុងប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មានតែ​ក្រសួង​ម​ផ្ទៃ​សាងសង់​ពន្ធនាគារ​បន្ថែ​ម និង​ការអនុញ្ញាត​ឲ្យ​អ្នកទោស​ខ្លះ​នៅក្រៅ​ពន្ធនាគារ​។



 លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ទទួលស្គាល់ថា ពន្ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន ពិតជា​មានការ​កកស្ទះ ដោយសារតែ​ចំនួន​អ្នកទោស​លើសពី​ការកំណត់​។ បើតាម​លោក ជិន ម៉ា​លីន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តម្រូវ​ឲ្យ​កម្ពុជា សាងសង់​ពន្ធនាគារ​ប​ន្ថែ​ម ដែលជា​តួនាទី​របស់​ក្រសួងមហាផ្ទៃ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ពន្ធនាគារ​យើង នៅមានកម្រិត​ក្នុង​ការផ្ទុក​អ្នកទោស​។ ហើយ​ឥឡូវ​ហ្នឹង យើង​មិនទាន់​សាងសង់​បន្ទប់​ពន្ធនាគា​រ បន្ថែម​នោះទេ​»​។​

​លោក ជិន ម៉ា​លីន បានលើកឡើង​យន្តការ​មួយទៀត ដែល​អាច​កាត់បន្ថយ ការកកស្ទះ​នៅក្នុង​ពន្ធនាគារ​។ យន្តការ ដែល​លោក ជិន ម៉ា​លីន លើកឡើង​នោះ​គឺ ការអនុញ្ញាត​ឲ្យ​អ្នកទោស បាន​នៅក្រៅ​ពន្ធនាគារ ហើយ​ទៅ​រស់នៅ​និង​ធ្វើការ​ក្នុង​សហគមន៍​នានា ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។

​លោក សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌ កំពុងតែ​រៀបចំខ្លួន ដើម្បី​អនុវត្ត​ផែនការ​ខាងលើ​។ យ៉ាងណា លោក នៅតែ​មើលឃើញថា ការអនុវត្ត​គម្រោង​នេះ ទំនងជា​មិន​ងាយស្រួល​នោះទេ ដោយសារតែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ទាក់ទង​ទៅនឹង​ច្បាប់ នៅមានកម្រិត​។

​លោក ជិន ម៉ា​លីន ពន្យល់​ដូច្នេះ​ថា​៖«​ច្បាប់​ហ្នឹង យើង​មាន​យូរ​ហើរ តែ​យើង​មិនដែល​អនុវត្ត​។ វា ពិបាក​អនុវត្ត ព្រោះ​ប្រជាពលរដ្ឋ​យើង មិនសូវ​យល់ដឹង​ពី​បញ្ហា​នេះ​។ ពេល​ពួកគាត់ ឃើញ​បុគ្គល​ណាមួយ ដែល​ប្រព្រឹត្ត​បទល្មើស ហើយ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ តែ​បែរជា​ទៅ​រស់​នៅតាម​សហគមន៍ ពួកគាត់ ប្រាកដជា​មានការ​នឿយ​ឆ្ងល់ ឬក៏​គិតថា​តុលាការ​ធ្វើ​ខុស​ប្រក្រតី​ណាមួយ​។ អ៊ី​ចឹ​ហើយ បានជា​វា ពិបាក តែ​យើង​នឹង​អនុវត្ត​សាកមើល បើ​ធ្វើទៅ​ជោគជ័យ យើង នឹង​ពង្រឹង​កិច្ចការ​ហ្នឹង បន្តទៀត​»​។ 

​លោក ជិន ម៉ា​លីន មិនបាន​បកស្រាយ​ទេ​ថា អ្នកទោស​កម្រិតណា ដែល​អាច​អនុញ្ញាត​ឲ្យ​រស់នៅក្នុង​សហគមន៍​នោះ​។ លោក គ្រាន់តែ​បញ្ជាក់ថា អ្នក​ដែល​មានទោស​ធ្ងន់ធ្ងរ មិនអាច​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ​ឡើយ​។ លោក បន្ថែមថា ចំណុច​ខាងលើនេះ នឹងត្រូវ​សិក្សា និង​កំណត់​យ៉ាង​លម្អិត នៅក្នុង​ផែនការ​របស់​ក្រសួងយុត្តិធម៌​។

​បច្ចុប្បន្ន អ្នកជាប់ឃុំឃាំង មាន​ចំនួន​លើសពី​ការកំណត់​របស់​ពន្ធនាគា​រ និង​មណ្ឌល​កែប្រែ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​លើស​ចំនួន​នេះ ធ្វើ​ឲ្យ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជួប​ការលំបាក កាន់តែខ្លាំង​។

​បញ្ហា​ចំនួន​អ្នកទោស​កើនឡើង​លើស​បរិមាណ​ផ្ទុក​របស់​ពន្ធនាគារ​នេះ ក៏ត្រូវ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ផងដែរ​។ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៧ របស់​ក្រសួងមហាផ្ទៃ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២២ កុម្ភៈ សម្តេច ស ខេង  បាន​សង្កត់ធ្ងន់ថា អ្នកជាប់ឃុំឃាំង​នៅ​ពន្ធនាគារ និង​មណ្ឌល​កែប្រែ កំពុងតែ​កើនឡើង​ជា​កំ​ហុក​។ 

​សូម​ស្តាប់​សំឡេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ 





​សូមបញ្ជាក់ថា តាម​ការកំណត់ ពន្ធនាគារ​នៅ​កម្ពុជា អាច​ផ្ទុក​ចំនួន​អ្នកទោស បានតែ ១២០០០ នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ ជាក់ស្តែង អ្នកទោស​ទូទាំងប្រទេស​មាន​រហូតដល់ ១៧៨៩៦​នាក់​។ ដូច្នេះ​ពន្ទ​នាគារ​នៅ​កម្ពុជា បាន​ផ្ទុក​ទណ្ឌិត លើស​ចំនួន​កំណត់ រហូតដល់​ជិត​៦​ពាន់​នាក់​។ នេះ​បើតាម លោក ជិន ម៉ា​លីន ដដែល ដែល​បានលើកឡើង​កាលពី​ខែមករា ឆ្នាំ​២០១៦៕


Tag:
 ពន្ធនាគារ​
  អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com