ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេស ចាត់ទុក​ការរិះគន់​របស់​អាមេរិក ផ្អែកលើ​ការសង្ស័យ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់
22, Feb 2017 , 6:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ចាត់ទុក​ការរិះគន់​របស់​រដ្ឋាភិបាល​អាមេរិក ចំពោះ​ខ្លឹមសារ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ គឺជា​ការសង្ស័យ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​គោលបំណង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ។ រដ្ឋាភិបាល​អាមេរិក បាន​រិះគន់​វិសោធនកម្ម​ច្បាប់​នេះ​ថា បង្កើតឡើង​ដើម្បី​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​


 
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្ដែង​ការខកចិត្ត នៅពេល​ឃើញ​ប្រតិកម្ម​មិន​សម​ហេតុផល​របស់​អាមេរិក ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ​។ ក្រ​សូង យល់ឃើញថា អាមេរិក​ដែល​កំពុង​រិះគន់​មកលើ​រដ្ឋាភិបាល​កម្ពុជា គឺ​គ្រាន់តែ​ជាការ​សង្ស័យ​ដោយ​គ្មាន​មូលដ្ឋាន ជាជាង​យុត្តិកម្ម​ពិតប្រាកដ​ប្រកបដោយ​ហេតុផល ដែល​មិនអាច​ឲ្យ​រដ្ឋាភិបាល​ទទួលយកបាន​ឡើយ​។​
 
​ឆ្លើយតប​នឹង​ការរិះគន់​របស់​អាមេរិក​នេះ ក្រសួងការបរទេស បានចេញ​សេចក្ដីថ្លែងការណ៍​ដូច្នេះ​ថា​៖«​ច្បាប់​ដែល​បានធ្វើ​វិសោធន​កម្មនេះ មិនមាន​ការគំរាមកំហែង​ណាមួយ​ដល់​គ្រឹះ​នៃ​ប្រព័ន្ធ​ពហុបក្ស ដែល​បានកំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​។ ក៏ដូចជា​នៅតាម​បណ្ដា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​នានា​ដែរ ច្បាប់​ដែល​បានធ្វើ​វិសោធន​កម្មនេះ មាន​គោលបំណង​ទប់ស្កាត់​ការរំលោភបំពាន ដែល​មិន​ស្រប​គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច​ជាការ​ញុះញង់​ឲ្យ​មានការ​ស្អប់​ជាតិ​សាសន៍ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ការបំផ្លិចបំផ្លាញ​ដល់​គ្រឹះ​សង្គម​របស់​ប្រជាជាតិ​។ ទាំងនេះ​ជាកា​ត្វ​កិច្ច​ដែល​មិនអាច​រំលោភបំពាន​បាន​របស់​រដ្ឋាភិបាល ក្នុងការ​ការពារ​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ដែល​កំពុង​ស្ថិតស្ថេរ នាពេល​បច្ចុប្បន្ន​»​។​
 
​បន្ថែម​ពីលើ​នេះ ក្រសួងការបរទេស បាន​អះអាងថា លទ្ធិប្រជាធិបតេយ្យ​រប​ស់​កម្ពុជា គឺ​ផ្អែកលើ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា មិនមែន​ចំណូលចិត្ត​របស់​រដ្ឋាភិបាល​បរទេស​ណាមួយ​ឡើយ​។ រដ្ឋាភិបាល ក៏​មិនអាច​ទទួលយក​ការជ្រៀតជ្រែក ឬ​ការរំលោភបំពាន​ណាមួយ ចូល​កិច្ចការ​ផ្ទៃក្នុង​ខ្លួន ទោះបី​ក្រោមរូបភាព​ផ្ទាល់ និង​ប្រយោល​ក្តី​។ ហើយ​រដ្ឋាភិបាល នឹង​ចាត់វិធានការ​សមស្រប​គ្រប់បែបយ៉ាង ដើម្បី​បញ្ចប់​ការជ្រៀតជ្រែក​ទាំងនេះ និង​រាល់​សកម្មភាព​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​ប្រទេស​កម្ពុជា​។​
 
​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ការធ្វើ​វិសោធនកម្ម​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​បណ្ដា​រដ្ឋាភិបាល​បរទេស កុំ​ឲ្យ​មានការ​រិះគន់​បែប​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យា​អន្តរជាតិ នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​អះអាងថា ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​នេះ មិនមែន​បង្កើត​មក​ដើម្បី​សម្លាប់​ប្រជាជន និង​បង្ក​ឲ្យ​បែកបាក់​ឯកភាព​ជាតិ ដូច​មតិ​រិះគន់​កន្លងមក​នោះទេ​។​
 
​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាល​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ព្រួយបារម្ភ​ពី​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ថា​៖ « វិសោធន​កម្មនេះ បានផ្តល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់កំហិត​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សកម្មភាព​ច្បាប់​នានា​របស់​គណបក្សនយោបាយ ហើយ​ស្ថិតនៅក្រោម​កាលៈទេសៈ​មិន​ច្បាស់លាស់​ណាមួយ គឺ​រំលាយ​គណបក្សនយោបាយ​តែម្តង​»​។ 
 
​ចំណែក​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដោយ​ចាត់ទុកថា ការធ្វើ​វិសោធនកម្ម​ថ្មី​នេះ ជាការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕

Tag:
 ក្រសួងការបរទេស​
 ​អាមេរិក​
 ​ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com