ជាតិ
មន្ត្រីអាដហុក ដែលជាប់ឃុំព្រោះរឿងស្រីមុំ បរាជ័យជាលើកទី ៦ ក្នុងការសុំនៅក្រៅពន្ធនាគារ
× ភ្នំពេញ៖ សំណើសុំនៅក្រៅឃុំរបស់មន្ត្រីអាដហុកទាំងបួនរូប ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានសាលាឧទ្ធរណ៍ ច្រានចោលម្តងទៀត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ បើគិតទៅ នេះ ជាសំណើលើកទីប្រាំមួយហើយ ដែលពួកគេ ស្នើឡើង ប៉ុន្តែ សុទ្ធតែទទួលបានការបរាជ័យ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍ បានបដិសេធសាជាថ្មីចំពោះសំណើរបស់មេធាវី ដែលសុំឲ្យមន្ត្រីអាដហុកបួនរូប បាននៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះ ជាលើកទីប្រាំមួយហើយ ដែលមេធាវី ព្យាយាមដាក់សំណើសុំឲ្យដោះលែងកូនក្តីរបស់ពួកគេ។ ប៉ុន្តែ សំណើទាំងនោះ មិនបានផ្តល់ផលវិជ្ជមានសម្រាប់មន្ត្រីអាដហុកឡើយ។
ក្រោយបញ្ចប់សវនាការ ដែលមានរយៈពេលជាងបីម៉ោង នាព្រឹកនេះ លោកស្រី គា សុផល មេធាវីមួយរូប ដែលការពារក្តីឲ្យមន្ត្រីអាដហុកទាំងបួនរូប មិនបាននិយាយអ្វីច្រើនជាមួយនឹងក្រុមអ្នកសារព័ត៌មានឡើយ ដោយលោកស្រី អះអាងថា ប្រញាប់ទៅបំពេញការងារផ្សេងទៀត។ គ្រាន់តែចាកចេញពីបន្ទប់សវនាការភ្លាម លោកស្រីមេធាវីរូបនេះ ក៏ធ្វើដំណើរចូលទៅក្នុងរថយន្តតែម្តង។
ឆ្លើយតបនឹងក្រុមអ្នកសារព័ត៌មាន ដែលរត់តាមរថយន្តផងនិងស្រែកសួរផង លោកស្រី គា សុផង គ្រាន់តែប្រាប់យ៉ាងខ្លីថា អង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ មិនយល់ស្របតាមសំណើរបស់មេធាវី ដែលសុំឲ្យដោះលែងមន្ត្រីអាដហុកនោះទេ។ លោកស្រី បាននិយាយតាមទ្វាររថយន្តដូច្នេះថា៖«គេបដិសេធហើយ។ នេះ ជាលើកទី៦ហើយ។ យើង អាចស្នើសុំច្រើនដង ព្រោះយើងមានសិទ្ធិ»។
ចំណែកឯ មន្ត្រីអាដហុក បាននិយាយតែពីរ-បីម៉ាត់ប៉ុណ្ណោះ មុននឹងដើរចូលរថយន្ត ដែលសមត្ថកិច្ចត្រៀមដឹកពួកលោក ទៅពន្ធនាគារវិញ។ ពួកលោក បានសម្តែងការមិនពេញចិត្ត និងមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា។
លោក ណៃ វង់ដា មន្ត្រីអាដហុកមួយរូប ដែលត្រូវបាននាំខ្លួនទៅកាន់សវនាការដែរនោះ បាននិយាយបែបនេះថា៖«វា គ្មានអ្វីភ្ញាក់ផ្អើលទេ។ យើងដឹងហើយ ចំពោះតុលាការស្រុកខ្មែរយើង»។
លោក ណៃ វង់ដា ទំនងជាចង់បានន័យថា វា ជារឿងធម្មតា ដែលតុលាការ មិនអនុញ្ញាតឲ្យពួកលោក បាននៅក្រៅឃុំ។ ម្យ៉ាងទៀត លោក ណៃ វង់ដា ហាក់គ្មានសង្ឃឹមសោះឡើយ ថាតុលាការនៅកម្ពុជា អាចស្វែងរកយុត្តិធម៌សម្រាប់រូបលោក រូមទាំងគ្នីគ្នាដទៃទៀត។
សវនាការនាព្រឹកនេះ មានតែមន្ត្រីអាដហុកទាំងរូបប៉ុណ្ណោះ គឺលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី។ រីឯលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាប់ពន្ធនាគារដោយសារតែរឿងអាស្រូវខាងលើផងនោះ មិនបានចូលរួមសវនាការ នោះទេ។
មន្ត្រីអាដហុកទាំងបួនរូប ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ដែលបទល្មើសនេះស្ថិតនៅក្នុងរឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ចំណែកឯ លោក នី ចរិយា ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ រហូតមកដល់ពេលនេះ អ្នកទាំងប្រាំខាងលើ បានជាប់ពន្ធនាគារអស់រយៈពេលប្រហែលជាដប់ខែហើយ៕
Tag:
អាដហុក
គជប
សុំនៅក្រៅឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com