ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរថៃ ដំឡើងពន្ធត្រីខ្ពស់ ដោយសារតែអាជីវករថៃ ប្ដឹងថា ទីផ្សាត្រីកម្ពុជា ទម្លាក់ទីផ្សារត្រីថៃ រូបភាពពីបាងកកប៉ុស្តិ៍
× ភ្នំពេញ៖ អាជ្ញាធរថៃ អះអាងថា មូលហេតុដែលខ្លួនដំឡើងពន្ធត្រីខ្ពស់ពីអាជីករខ្មែរនោះ ដោយសារតែអាជីវករខ្មែរ នាំចូលត្រីទៅលក់ច្រើនពេក ដែលបានទម្លាក់ទីផ្សារត្រីរបស់អាជីវករថៃ ធ្វើឲ្យពួកគេពិបាកលក់ប្រជែងទីផ្សារត្រីដែលនាំចូលពីកម្ពុជា។ ការអះអាងរបស់អាជ្ញាធរថៃនេះ ក្រោយពីអាជីវករខ្មែរបានចាក់ត្រីចោលជាច្រើនគីឡូក្រាម នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីតវ៉ាប្រឆាំងនឹងការដំឡើងពន្ធនេះ។
ប្រធានត្រួតពិនិត្យកិច្ចការព្រំដែនលោក Pattanapong sae Lim បាននិយាយថា ការដំឡើងពន្ធនាំចូលត្រីទៅទីផ្សារប្រទេសថៃនោះ គឺជារឿងចាំបាច់បំផុត។ នោះក៏ព្រោះតែអាជីវករ និងអ្នកជំនួញត្រីនៅប្រទេសថៃ បានប្ដឹងមកអាជ្ញាធរថា ត្រីដែលនាំចូលពីប្រទេសកម្ពុជា មកទីផ្សារក្នុងតំបន់ពួកគេនោះមានទំហំច្រើនហួសប្រមាណ ហើយបានទម្លាក់ទីផ្សារត្រីរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
មន្ត្រីថៃរូបនេះ បានបន្ថែមថា ថៃបានលើកលែងពន្ធ និងអនុញ្ញាតឲ្យអាជីវករខ្មែរ អនុវត្តការបង់ពន្ធលើអត្រានាំចូលត្រីនោះ អស់រយៈពេលយូរមកហើយ។ ប៉ុន្តែទើបតែពេលនេះអគ្គនាយកដ្ឋានពន្ធគយថៃ បានចេញសេចក្ដីណែនាំនេះ ឲ្យប៉ុស្តិ៍ត្រួតពិនិត្យគយថៃ អនុវត្តគោលនយោបាយថ្មី ដោយទាមទារដំឡើងពន្ធត្រីពីអាជីករខ្មែរ។
បើតាមលោក Pattanapong អាជីវករខ្មែរ ដែលនាំចូលត្រីទៅលក់ក្នុងប្រទេសថៃមានច្បាប់ត្រឹមត្រូវនោះ ត្រូវមានកាតព្វកិច្ចបង់ពន្ធក្នុងតម្លៃ ១២បាត (១៣០០រៀល) ក្នុងមួយគីឡូក្រាម ។ ហើយត្រីចាប់ពី១០០ទៅ២០០ គីឡូក្រាមនោះ អាជីវករខ្មែរត្រូវបង់ពន្ធពី១៥០០បាត ទៅ២០០០បាត (១៧ម៉ឺនទៅជាង២២ម៉ឺន) ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តគោលនយោបាយនេះ ពីថ្ងៃទីសុក្រទី២៤ កុម្ភៈនេះ។
ចំពោះការដំឡើងថ្លៃពន្ធត្រីនេះ ក្រុមអាជីវករខ្មែររាប់រយនាក់ មិនពេញចិត្តឡើយ ព្រោះវាជាតម្លៃពន្ធខ្ពស់ដែលមិនអាចទទួលយកបាននោះទេ។ ក្រុមអាជីវករក៏បានចាក់ត្រីជិត៣០០គីឡូក្រាម នៅលើស្ពានមិត្តភាពកម្ពុជា-ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ កុម្ភៈ ដើម្បីតវ៉ា ប្រឆាំងនឹងគោលនយោបាយដំឡើងពន្ធថ្មីរបស់អាជ្ញាធរថៃនេះ។
ក្រោយអាជីវករលក់ត្រីនាំគ្នាតវ៉ា អាជ្ញាធរពាក់ព័ន្ធថៃ បានចេញមកសម្របសម្រួលជាមួយអាជីវករលក់ត្រីកម្ពុជាដែរ ។ ដោយមន្ត្រីគយថៃ បានបង្គាប់បញ្ចុះអត្រាបង់ពន្ធឲ្យអាជីវករខ្មែរបង់ពន្ធត្រី មកត្រឹមតម្លៃ៩៥០បាតវិញ ក្នុងមួយគីឡូក្រាម បើទោះជាអាជីករខ្មែរ ទាមទារឲ្យអាជ្ញាធរថៃ អនុវត្តពន្ធចាស់ក្តី។
គួរបញ្ជាក់ថា អត្រាពន្ធចាស់ដែលអាជ្ញាធរថៃ បានកំណត់ទារពីអាជីវករខ្មែរកន្លងមកនោះ គឺក្នុងអត្រាពន្ធពី៣០០បាត ទៅ៥០០បាត ប៉ុណ្ណោះ ចាប់ពីទំហំត្រី១០០គីឡូក្រាមឡើងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com