ជាតិ
សេដ្ឋកិច្ច
ករណី​ថៃ​ដំឡើង​ពន្ធ​ត្រី​៖​អ្នកនាំពាក្យ​ថា អាជីវករ​ខ្មែរ​ចៀសវាង​ធ្វើ​សកម្មភាព​ដែល​កាន់តែ​ខាតបង់
24, Feb 2017 , 3:07 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុ​ផា​រី មានប្រសាសន៍ថា ការដែល​អាជីវករ​ខ្មែរ​ចាក់​ត្រី​ចោល​ដើម្បី​តវ៉ា​នឹង​អាជ្ញាធរ​ថៃ រឿង​ដំឡើង​ពន្ធគយ​លើ​ការនាំ​ត្រី​ចូល​ប្រទេស​ថៃ​នោះ គឺជា​សកម្មភាព​ដែល​នាំ​ឲ្យ​ពួកគាត់​កាន់តែ​ខាតបង់​។ អ្នកនាំពាក្យ​រូបនេះ​ថា ដំណោះស្រាយ​មានតែ​ពឹង​លើ​ការចរចា​សុំ​ការ​សម្បទាន​ពី​ភាគី​ថៃ​។​



​នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​ម្សិលមិញ ក្រុមអាជីវករ​ខ្មែរ​ដែល​នាំ​ត្រី​ទៅ​លក់​ក្នុង​ទឹកដី​ប្រទេស​ថៃ បាន​ខឹងសម្បា​នឹង​ការដំឡើងថ្លៃ​ភាស៊ី​គយ​របស់​អាជ្ញាធរ​ថៃ និង​បាន​ចាក់​ត្រី​ចោល​លើ​ស្ពាន​ច្រកព្រំដែន​ប៉ោយប៉ែត​។ ហើយ​នៅថ្ងៃនេះ អាជីវករ​បន្ត​ការតវ៉ា​នៅ​ទីតាំង​ដដែល​នេះ​។​

​លោកស្រី សឹង សុ​ផា​រី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជីវករ​មិនគួរ​ជំរុញ​សកម្មភាព​ឲ្យ​ខ្លួនឯង​កាន់តែ​ខាតបង់​នោះទេ ខណៈ​អាជ្ញាធរ​ថៃ​ព្យាយាម​ដំឡើង​ពន្ធ​នាំចូល​ដូចនេះ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​របស់​គេ​។ «​អ្វីដែល​គេ​ចាត់វិធានការ​មក គឺ​ដើម្បី​បង្កើន​ចំណូល​របស់គេ​អ៊ីចឹង​ឯង​។ ដល់​យើង​ធ្លាប់​ពី​ដើម​មក ទទួល​អត្រាពន្ធ​ទាប ដល់ពេល​គេ​ដំឡើង យើង​ប្រតិកម្ម​ទៅ​ចាក់ចោល​ដូចនេះ តាមចិត្ត​ខឹង​របស់​យើង​ចេះតែ​អាចធ្វើ​បាន តែ​សួរថា​គេ​ឈឺក្បាល​ជាមួយ​យើង​ដែរ​ឬ​អត់​?»​។ នេះ​ជាការ​ថ្លែង​របស់​លោកស្រី សុ​ផា​រី ។​

​ចំពោះ​ដំណោះស្រាយ​លើ​ការដំឡើង​ពន្ធ​នេះ លោកស្រី សឹង សុ​ផា​រី អះអាងថា មានតែ​ត្រូវ​រង់ចាំ​ការចរចា​រវាង​អាជ្ញាធរ​ នៃភាគី​កម្ពុជា និង​ថៃ​ប៉ុណ្ណោះ​។ លោ​ស្រី​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ពឹង​លើ​ការចរចា ឯ​ការចរចា​បាន​កម្រិតណា ​យើង​ត្រូវ​ទទួល​យកតាម​ស្ថានភាព​ជាក់ស្ដែង​»​។ លោកស្រី​បន្តថា​៖«​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​បែបនេះ យើង​គួរ​នៅ​ស្ងាត់ៗ​សិន កុំ​ជំរុញ​ឲ្យ​ខាត​អ្វី​កាន់តែច្រើន​ទៀត​។ ជាធម្មតា​ស្ថាប័ន​ពាក់ព័ន្ធ ​នឹង​ចាត់វិធានការ ចរចា​ជាមួយ​គេ​»​។ អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រៅពី​ការចចា​រក​ដំណោះស្រាយ​ រវាង​អាជ្ញាធរនៃ​ភាគី​ទាំង២ នៅ​ថ្នាក់ក្រោម​ជាតិ បញ្ហា​ដំឡើង​ពន្ធ​នាំចូល​នេះ អាច​នឹង​ក្លាយជា​របៀប​វារៈ ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ជាតិ នៅពេលដែល​គណៈកម្មាកា​រ​ចម្រុះ​កម្ពុជា​-​ថៃ រៀបចំ​កិច្ចប្រជុំ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។ លោកស្រី​ប្រាប់ថា ការស្វែងរក​កិច្ចចរចា​នេះ គឺ​ដើម្បី​ទទួល​បានការ​សម្បទាន​ណាមួយ​ពី​ភាគី​ថៃ​។​

​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ទៀតថា ការដែល​រដ្ឋាភិបាល​ថៃ​ដំឡើង​ពន្ធ​ដូចនេះ ក៏​ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក​របស់គេ​ផងដែរ​។​ លោកស្រី​បន្តថា​៖«​ពេលខ្លះ​ យើង​រស់​ពឹង​អាស្រ័យ​លើ​ទីផ្សារ​គេ មិន​ទៀងទាត់​ទេ គឺ​យើង​នឹង​ជួប​រឿង​ដូច្នេះ​ឯង ព្រោះ​គេ​មាន​វិស័យ​របស់គេ​ដែល​ត្រូវការពារ​»​។​

​បើតាម​សារ​ព័ត​មាន​ក្នុងស្រុក​មួយចំនួន​ដែល​បាន​ស្រង់​សម្តី​អាជីវករ​លក់​ត្រី​ទាំងនោះ ត្រី​មួយ​ខេង​សណ្ដោង​ប្រមាណ ២០០​គីឡូក្រាម គយ​ថៃ​ធ្លាប់​យក​ថ្លៃ​ពន្ធ​ពី ៣០០​បាត ទៅ​៤០០​បាត តែ​ពេល​ថ្មីៗ​នេះ គយ​ថៃ​បាន​ដំឡើងថ្លៃ​ពន្ធ​នេះ ដល់ ១,៥០០​បាត​។  

​យោងតាម​ការ​សែត​បាងកក​ប៉ុស្តិ៍ ដែល​បាន​ស្រង់សម្តីលោក  Pattanapong sae Lim ប្រធាន​ត្រួតពិនិត្យ​កិច្ចការ​ព្រំដែន​មួយកន្លែង​នៅ​ប្រទេស​ថៃ  ការដំឡើង​ពន្ធ​នាំចូល​ត្រី​ទៅ​ទីផ្សារ​ថៃ​នេះ ​គឺជា​រឿង​ចាំបាច់ ព្រោះ​អាជីវករ និង​អ្នកជំនួញ​ត្រី​នៅ​ប្រទេស​ថៃ បាន​ត្អូញត្អែរថា ត្រី​ស្រស់​នាំចូល​ពី​កម្ពុជា កំពុង​កាន់កាប់​ទីផ្សារ​ក្នុង​ស្រុកថៃ និង​បានធ្វើ​ឲ្យ​តម្លៃ​ត្រី​នៅ​ថៃ​ធ្លាក់ចុះ​។​មន្ត្រី​ព្រំដែន​ថៃ​រូបនេះ ឲ្យ​ដឹង​ទៀតថា ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​តទៅ អាជ្ញាធរ​ចាប់​អនុវត្ត​ន៍ យក​ថ្លៃ​ពន្ធ​ត្រី​នាំចូល​ពី​កម្ពុជា ១២​បាត​ក្នុង​១​គី​ឡី​ក្រាម ដោយ​គ្មាន​ការលើកលែង​៕


Tag:
 ត្រី​
  ពន្ធគយ​
  សឿង សុ​ផា​រី​
  នាំចេញ​ទៅ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com