អន្តរជាតិ
តុលាការ​អាហ្វ្រិក​ខាងត្បូង បញ្ជា​ឲ្យ​ប្រធានាធិបតី​ខ្លួន​បញ្ឈប់​ការប៉ុនប៉ង​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
24, Feb 2017 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma
លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma
ដោយ: ថ្មីៗ
​តុលាការ​អាហ្វ្រិក​ខាងត្បូង បានចេញ​ដីកា​បង្គាប់បញ្ជា​ឲ្យ​លោក​ប្រធានាធិបតី Jacob Zuma ដកចេញ​នូវ​សេចក្តីថ្លែងការណ៍​ជូនដំណឹង​នៃ​ការដកខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​។ តុលាការ ចាត់ទុក​ការប៉ុនប៉ង​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​ប្រធានាធិបតី​អាហ្វ្រិក​ត្បូង​មាន​លក្ខណៈ​អធម្មនុញ្ញភាព​។



​អនុប្រធាន​តុលាការ​កំពូល​អាហ្វ្រិក​ខាងត្បូង​លោក Phineas Mojapelo នៅ​ថ្ងៃទី​២២ កុម្ភៈ បាន​និយាយថា រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវធ្វើឡើង​ដោយ​ស្របតាម​ធម្មនុញ្ញ ពោលគឺ ត្រូវបាន​ឆ្លងកាត់​ការអនុម័ត​ពីស​ភា​ជាមុនសិន​។ លោក​អនុប្រធាន ក៏បាន​បញ្ជា​ឲ្យ លោក​ប្រធានាធិបតី Jacob Zuma ដកចេញ​នូវ​ការជូនដំណឹង​ដែល​គ្មាន​សុពលភាព​ពី​តុលារ​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ​។

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាហ្វ្រិក​ខាងត្បូង Michael Masutha បាន​អះអាងថា រដ្ឋាភិបាល​លោក នៅតែ​មិន​បោះបង់​ចេតនា​នៃ​ការចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង នឹង​ពិចារណា​លើ​ជម្រើស​ផ្សេងៗ​ទៀត ដែល​រាប់បញ្ចូល​ទាំង​ការប្តឹង​ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ Reuters​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ចុង​ឆ្នាំមុន រដ្ឋមន្ត្រី​យុត្តិធម៌​អាហ្វ្រិក​ខាងត្បូង​លោក Michael Masutha បាន​អះអាងថា រដ្ឋាភិបាល​លោក បានចេញ​សេចក្តីថ្លែងការណ៍​ជូនដំណឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​លោក បញ្ជាក់​ហេតុផល​ថា តុលាការ មិន​គោរព​បុព្វសិទ្ធិ​ការទូត​របស់​ប្រទេស​សមាជិក ក៏ដូចជា​តុលាការ កាត់ទោស​តែ​មេដឹកនាំ​អាហ្វ្រិក​ប៉ុណ្ណោះ​។​

​ផែនការ​របស់​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​ធ្វើឡើង​ក្រោយ​ប៊ូ​រុន​ឌី ដែលជា​ប្រទេស​តំបន់​អាហ្វ្រិក​ដូចគ្នា​នោះ បានអនុម័ត​ច្បាប់​ចាក​ចេញពី​តុលាការ​រួចទៅហើយ​។ សភាជាតិ​ប៊ូ​រុន​ឌី បាន​បោះឆ្នោត​ផ្ទៃក្នុង​ដើម្បី​សម្រេចចិត្ត​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាននិងកំពុង​តែបើ​ក​ការស៊ើបអង្កេត​លើ​រដ្ឋាភិបាល​ប៉ូ​រុន​ឌី​លើ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​៕


Tag:
 អាហ្វ្រិក​ខាងត្បូង​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com