ជាតិ
ការលាលែង​តំណែង​៖ អ្នកនាំពាក្យ​CPP ថា បក្សប្រឆាំង​កំពុង​ដើរតួ​ជា​ជនរងគ្រោះ ឲ្យ​ប្រជាជន​អាណិត
24, Feb 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកវិភាគ​នយោបាយ មើលឃើញ​ផល​វិជ្ជមាន​មួយចំនួន ជុំវិញ​ការលាលែង​ពី​តំណែង​ជា​បន្តបន្ទាប់ របស់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងមាន​ទោសទណ្ឌ ។ អ្នកវិភាគ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​កាត់បន្ថយ​បញ្ហា និង​បន្ទុក​ខ្លះ នៅពេល​មន្ត្រី​របស់ខ្លួន ដែល​កំពុង​តែមាន​ក្តីក្តាំ​នៅ​តុលាការ ប្រកាស​លាលែង​ពី​តំណែង​បែបនេះ​។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ការលាលែង​នេះ បង្ហាញថា គណបក្សប្រឆាំង​កំពុង​ដើរតួ​ជា​ជនរងគ្រោះ ឲ្យ​ប្រជាជន​អាណិត​។



​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មើលមិនឃើញ​ចំណុច​វិជ្ជមាន​នៃ​ការលាលែង​ពី​តំណែង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​នោះទេ​។ លោក យល់ថា ការបោះបង់​តំណែង​នេះ អាចជា​ផែនការ​និង​ការរៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅវិញ​។ លោក ថែមទាំង​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតថា កំពុងតែ​ព្យាយាម​ដើរតួ​ជា​ជនរងគ្រោះ ដើម្បី​ទាមទារ​ការ​អាណិត ពី​ប្រជាជន​។  លោក ឥសាន លើកឡើង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖« វា​អាចជា​ឧបាយកល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ គាត់ ប្រឹង​ធ្វើ​ឲ្យ​ច្របូកច្របល់ ឲ្យ​ប្រជាជន​យល់ច្រឡំ​ថា​គាត់​ហ្នឹង កំពុង​រង​ការ​ធ្វើបាប ដើម្បី​ឲ្យ​ប្រជាជន​អាណិត​គាត់​»​។

​ផ្ទុយ​ពី​ការមើលឃើញ​របស់លោក​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ខាងលើ លោក មាស នី អ្នកវិភាគ​នយោបាយ យល់ថា ការលាលែង​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ មាន​ឯកឧត្តម សម រង្ស៊ី លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណ​រ៉ា ជាដើម មាន​ផល​ល្អ​សម្រាប់​គណបក្ស​។ លោក​និយាយថា មួយរយៈ​កន្លងមកនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំណាយ​ពេលវេលា​ជាច្រើន ដើម្បី​គិតគូរ​ពី​មន្ត្រី​របស់ខ្លួន ដែល​កំពុងតែ​ជាប់ពន្ធនាគារ​។ បើតាម​លោក មាស នី បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នឹងមាន​ភាព​ធូរស្បើយ​ជាង​មុន នៅពេល​មន្ត្រី​របស់ខ្លួន ដែល​រង​បណ្តឹង​នៅ​តុលាការ សុំលាលែង​ពី​ដំណែង​។ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជា​វិធីសាស្ត្រ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​ជម្រះ​ផលវិបាក​រឿង​តុលាការ​។ ជាការ​កាត់បន្ថយ​បញ្ហា បើ​និយាយ​ពី​ឡាន កុំ​ឲ្យ​ដឹក​របស់​ច្រើនពេក​»​។

​លោក មាស នី សន្និដ្ឋានថា ហេតុផល​មួយទៀត ដែល​នាំ​ឲ្យ​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ទាំងពីរ សម្រេចចិត្ត​លាលែង​ពី​តំណែង​នាពេលនេះ គឺ​ដោយសារតែ​ឥទ្ធិពល​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លោក មាស នី បន្តថា ប្រសិនបើ​មិន​លាលែង​នោះទេ ច្បាប់​ស្តីពី​គណបក្សនយោបាយ គង់តែ​ផាត់​អ្នក​ទាំងពីរ ចេញពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​ទេ​។ លោក មានប្រសាសន៍​បែបនេះ​ថា​៖«​អាចជា​សម្ពាធ​ផ្លូវច្បាប់​។ និយាយ​ឲ្យ​សាមញ្ញ លាលែង​មុន ប្រសើរ​ជាងគេ​បណ្តេញចេញ​»​។

​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានសរសេរថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី ក្នុងករណី ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។ ចំណែក​មាត្រា ៣៨ បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់វិធានការ ដោយ​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណ​ធ្ងន់ធ្ងរ​»​។​

​យ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមុខ​ម្តងទៀត ដើម្បី​ការពារ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​លោក អះអាងថា ច្បាប់​ថ្មី​នេះ បង្កើតឡើង ក្នុង​គោលបំណង​អនុវត្ត​ទៅគ្រប់​គណបក្ស​។ លោក សង្កត់ធ្ងន់ថា ច្បាប់​នេះ មិនមែន​បង្កើតឡើង ដើម្បី​សំដៅ​តែ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ឲ្យ​ធ្វើ​ម៉េច បើ​ពួកគាត់​ប្រព្រឹត្ត​មែន​។ ច្បាប់ ត្រូវតែ​អនុវត្ត​ហើយ​។ ច្បាប់​មិន​ខុស​ទេ មនុស្ស​ទេ​ដែល​ខុស​»​។​

​ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការលាលែង​ពី​តំណែង​របស់លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណ​រ៉ា គឺ​ដើម្បី​ប្រយោជន៍​ជាតិ​។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ បញ្ជាក់ថា ការចាកចេញ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ទាំងនោះ មិន​ប៉ះពាល់​អ្វី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

​លោក នៅតែ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគាត់​សុខចិត្ត​លះបង់​អ្វីៗ លះបង់​ដំណែង ដើម្បី​ជាតិ​។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​បែកបាក់​អ្វី​ទេ​»​។

​នៅ​ថ្ងៃទី ២៣ កុម្ភៈ លោក អ៊ុំ សំអាន និង​លោក អ៊ុំ សំអាន បានប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​លិខិត​នោះ ពួកលោក បាន​ប្រាប់​មូលហេតុ​ដូចគ្នា​ថា ការចាកចេញ​របស់​ពួកលោក គឺ​ដោយសារតែ​រឿង​ផ្ទាល់ខ្លួន​។

​ដោយឡែក លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ដែល​កំពុង​ជាប់ពន្ធនាគារ​ដែរនោះ ក៏​ប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស សម រង្ស៊ី ដែរ​។ មូលហេតុ​របស់លោក ហុង សុខ​ហួរ មិន​ខុសពី​លោក​អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា នោះទេ​។

​សូមបញ្ជាក់ថា ការលាលែង​របស់​អ្នក​ខាងលើ គឺ​ក្រោយ​ការលាលែង​របស់​ឯកឧត្តម សម រង្ស៊ី ប្រមាណ​ជា​ពីរ​សប្តាហ៍​មុន​។ ឯកឧត្តម សម រង្ស៊ី បាន​លាលែង​ពី​សមាជិកភាព​និង​តំណែង​ជា​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧៕


© រក្សាសិទ្ធិដោយ thmeythmey.com