អន្តរជាតិ
លោក ពូ​ទីន​ថា ការបញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទៅ​ស៊ី​រី​កម្ទេច​ភេរវជន ជា​គំនិត​លោក​ផ្ទាល់​
24, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាងថា ការបញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ជា​គំនិត​របស់លោក​ផ្ទាល់​។ លោក​ក៏បាន​ពន្យល់ថា លោក​មិន​ចង់​លួ​កលាន់​ក្នុង​កិច្ចការ​ផ្ទៃ​ស៊ី​រី​ទេ​តែ​លោក​ចង់​កម្ចាត់​ក្រុម​ភេរវជន​អន្តរជាតិ​ប៉ុណ្ណោះ​។



​ការបញ្ជូន​កងទ័ព​និង​នាវា​ដឹក​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង Admiral Kuznetsov ទៅកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ស៊ី​រី​កន្លង​ទៅជា​គំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ផ្ទាល់​។

សូមស្តាប់សំឡេង៖




​ប្រធានាធិបតី​រុស្ស៊ី បានបញ្ជាក់​ដូច្នេះ​ក្នុងពេលដែល​លោក​ជួប​ជាមួយ​បណ្តា​មន្ត្រី​សន្តិសុខ​ដែល​ចូលរួម​បំពេញ​ប្រតិបត្តិការ​នៅ​ស៊ី​រី​កន្លងមក​។ លោក​បាន​សរសើរ​មន្ត្រី​ទាំងនោះ​ដែល​បាន​បំពេញការងារ​បានល្អ ព្រោះ​ពួកគេ​បាន​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ភេរវកម្ម​អន្តរជាតិ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT លោកពូ​ទីន បាន​ថ្លែង​ទៅកាន់​មន្ត្រី​សន្តិសុខ​ទាំងអស់នោះ​ថា​៖«​អ្នក​បាន​បំពេញការងារ​ចប់សព្វគ្រប់​ដែល​បានកំណត់​ឲ្យ ហើយ​ក៏បាន​បំផ្លាញ​ក្រុម​ភេរវជន​អន្តរជាតិ​ដោយ​កម្ទេច​មូលដ្ឋាន​ពួកគេ​,​ឃ្លាំង​គ្រាប់​, សព្វាវុធ​, និង​រចនាសម្ព័ន្ធ​នានា​របស់​ក្រុម​នេះ​ផង​»​។​

​បន្ថែម​ពីនេះ មេដឹកនាំ​រុស្ស៊ី​រូបនេះ​ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​មន្ត្រី​រុស្ស៊ី​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ព្រោះ​ពួកគេ​បាន​ជួយ​ធានា​សន្តិសុខ​ផ្ទៃក្នុង​រុស្ស៊ី​ផ្ទាល់​។​លោក​លើកយក​របាយការណ៍​ចារកម្ម​មួយ​ជា​សម្អាង ដោយ​បង្ហាញថា ប្រជាជន​រុស្ស៊ី​ប្រហែលជា ៤០០០​នាក់ និង ប្រជាជន​នៃ​អតីត​រដ្ឋ​សហភាពសូវៀត​ផ្សេងទៀត​ចំនួន ៥០០០​នាក់​បាននាំគ្នា​ឆ្លងដែន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​នៅ​ស៊ី​រី​។

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ការបញ្ជូន​កងទ័ព​និង​នាវា​ដឹក​យន្តហោះ​ទៅ​ស៊ី​រី លោក ពូ​ទីន បាន​ពន្យល់​បន្ថែមថា រុស្ស៊ី​មិនមែន​ព្យាយាម​លូកលាន់ និង​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​ស៊ី​រី​ឡើយ តែ​លោក​គ្រាន់​តែមាន​គោលដៅ​កម្ចាត់​ភេរវជន​អន្តរជាតិ​ប៉ុណ្ណោះ​។ ហើយ​គោលបំណង​សំខាន់បំផុត​របស់លោក គឺ​ធានា​ស្ថិរភាព​នៃ​រដ្ឋាភិបាល​ស្របច្បាប់​ស៊ី​រី និង​បញ្ចប់​ចលនា​ភេរវកម្ម​ដែល​បំផ្លាញ​សន្តិសុខ​ស៊ី​រី​កន្លងមក​។

​បុរស​ខ្លាំង​រុស្ស៊ី​រូបនេះ​បានបញ្ជាក់​ដូច្នេះ​៖« គោលដៅ​របស់​យើង​គឺ​ជួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ស៊ី​រី​មាន​ស្ថិរភាព​និង​មានលទ្ធភាព​កម្ទេច​ឲ្យ​អស់​នូវ​បណ្តា​ក្រុម​ភេរវជន​អន្តរជាតិ​។​ឆាប់ៗ​ខាងមុខនេះ ស៊ី​រីនឹង​ចាប់ផ្តើម​អនុវត្ត​ដំណោះស្រាយ​នយោបាយ​ដែល​វា​បង្កើត​ឱកាស​ច្រើន​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុងការ​ចូលរួម​បោសសម្អាត​ក្រុម​ភេរវជន​ពី​ទឹកដី​ស៊ី​រី​»​។

​ប៉ុន្តែ​មន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស៊ី​រី បាន​ប្រាប់ថា​លោក ពូ​ទីន ថា ក្នុងពេល​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ស៊ី​រី និង​ពេល​ត្រឡប់មកវិញ នាវាចម្បាំង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​យ៉ាងហោចណាស់ ៨​គ្រឿង​តាម​ពីក្រោយ​ក្រុម​នាវា​របស់​រុស្ស៊ី​។   វា​ហាក់បីដូចជា​បង្ហាញ​ឲ្យ​ឃើញថា បណ្តា​លោកខាងលិច​ហាក់​មិនសូវ​សប្បាយ​យ​ចិត្ត​ដែល​ឃើញ​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​បរទេស​ឡើយ​៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Admiral Kuznetsov
 ​រុស្ស៊ី​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com