អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបង្ខំចិត្តជិះវាងដែនអាកាសឥណ្ឌូណេស៊ីក្នុងដំណើរទៅអូស្ត្រាលី
× ជាធម្មតា ត្រឹមពីសិង្ហបុរីទៅអូស្ត្រាលី គេចំណាយពេលជិះយន្តហោះប្រហែល៧ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់មេដឹកនាំអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវចំណាយពេលយ៉ាងតិច ១១ ម៉ោង។ មូលហេតុនោះគឺដោយសារលោកជិះយន្តហោះវាងឲ្យផុតដែនអាកាសឥណ្ឌូណេស៊ី ព្រោះ ឥណ្ឌូណេស៊ីមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលចូលដែនអាកាសខ្លួនឡើយ។
យោងតាមសារព័ត៌មានអាមេរិក Washington Post ដែលស្រង់របាយការណ៍ FlightAware ក្នុងដំណើរតាមយន្តហោះពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសអូស្ត្រាលី កន្លងមក លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចំណាយពេលអស់រហូតដល់ ១១ ម៉ោង ៣នាទី។ បើជាធម្មតា ពីសិង្ហបុរីទៅប្រទេសអូស្ត្រាលី គេចំណាយពេលយ៉ាងច្រើនត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ។
លោក Netanyahu ជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍រដ្ឋអ៊ីស្រាអែល El Al។ យន្តហោះនោះ បានហោះហើរវាងដែនអាកាសរបស់ប្រទេសឥណ្ឌូណេស៊ីដែលជាផ្លូវហោះហើរត្រង់ទៅកាន់អូស្ត្រាលី ហើយយន្តហោះរបស់លោកបានឆ្លងចូលដែនអាកាសហ្វីលីពីន បន្តទៅដែនអាកាសប្រទេស ប៉ាឡាវ (Palau) និងប្រទេស ប៉ាពូ អាស៊ីណូវែលហ្គីណេ (Papua New Guinea) មុនចូលដល់អូស្ត្រាលី។
បើតាមសារព័ត៌មាន Washington Post ដដែល ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al មិនបានទទួលសិទ្ធិហោះហើរក្នុងដែនអាកាសឥណ្ឌូណេស៊ីឡើយ។ ហើយការហោះហើរវាងដែនអាកាសឥណ្ឌូនេស៊ីក៏បង្ហាញឲ្យឃើញពីស្ថានភាពនៃទំនាក់ទំនងការទូតរវាងប្រទេសអ៊ីស្រាអែលនិងឥណ្ឌូណេស៊ីផងដែរ។
ជាប្រទេសម៉ូស្លីមធំបំផុតលើពិភពលោក ឥណ្ឌូណេស៊ី ដូចប្រទេសម៉ូស្លីមផ្សេងទៀតដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសជី្វវអ៊ីស្រាអែលឡើយ។ មិនមានទំនាក់ទំនងនេះក៏ដោយសារបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលអូសបន្លាយអស់រាប់ទសវត្សន៍មកនោះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ ឥណ្ឌូណេស៊ីនៅតែផ្តល់ទិដ្ឋាការឲ្យបណ្តាប្រជាជនដែលកាន់លិខិតឆ្លងដែនអ៊ីស្រាអែល ដែលជាអ្នកទេសចរ។
ម្យ៉ាងវិញទៀត គេឃើញមានការវិវត្តនៃចំណងការទូតរវាងអ៊ីស្រាអែលនិងឥណ្ឌូនេស៊ីខ្លះដែររយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ រដ្ឋាភិបាលក្រុងហ្សាការតា បានសម្រេចដំឡើងកម្រិតទំនាក់ទំនិងមិនផ្លូវការជាមួយក្រុងហ្ស៊េរ៉ុយសាឡិម កាលពីឆ្នាំ ២០១២ ដោយបើកស្ថានកុងស៊ុលនៅទីក្រុង West Bank ហើយនិងតែងតាំងមន្ត្រីទូតម្នាក់ដែលបម្រើការងារជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអ៊ីស្រាអែលទៀត។
កាលពីឆ្នាំមុននេះដែរ រដ្ឋាភិបាលអ៊ីស្រាអែលក៏បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីស្តារទំនាក់ទំនាក់ការទូតជាមួយខ្លួនឲ្យបានពេញលេញវិញ។ ប៉ុន្តែឥណ្ឌូណេស៊ីបានប្រាប់វិញថាខ្លួនអាចស្តារទំនាក់ទំនងជាមួយអ៊ីស្រាអែលបាន ដរាបណាមានការផ្តល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជារដ្ឋឯករាជ្យជាផ្លូវការសិន៕
Tag:
អ៊ីស្រាអែល
Benjamin Netanyahu
ឥណ្ឌូនេស៊ី
El Al
© រក្សាសិទ្ធិដោយ thmeythmey.com