អន្តរជាតិ
អន់ចិត្តដែលចិនឈប់នាំចូលធ្យូងថ្ម កូរ៉េខាងជើងចោទថា «ចិនកំពុងរាំតាមចង្វាក់ភ្លេងអាមេរិក»
× កូរ៉េខាងជើង ទំនងជាអន់ចិត្តផង ខឹងសម្បារផង ក្រោយសម្ព័ន្ធមិត្តតែមួយគត់របស់ខ្លួន គឺមហាយក្សចិន សម្រេចចិត្តផ្អាកការនាំចូលធ្យូងពីកូរ៉េខាងជើង។ រដ្ឋាភិបាលនេះ បានរិះគន់ចំណាត់ការផ្អាកនាំចូលធ្យូងថ្មដែលជាផលិតផលនាំចេញដ៏ធំរបស់ខ្លួន ដល់ថ្នាក់ហ៊ាននិយាយថាក្រុងប៉េកាំងធ្វើតាមតែការទាមទារក្រុងវ៉ាស៊ីនតោន មិនគិតមិត្តភាពយូរឆ្នាំជាមួយខ្លួន។ នេះជាការរិះគន់របស់កូរ៉េខាងជើងចំពោះចិន ដែលមិនធ្លាប់មានពីមុនសោះ។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលចិន បានសម្រេចចិត្តឈប់នាំចូលធ្យូងថ្មពីកូរ៉េខាងជើង ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្ដីសម្រេចនេះ ធ្វើឡើងជាការឆ្លើយតបនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ការបាញ់មីស៊ីលនេះ បំពានច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលហាមកូរ៉េខាងជើងពីការសាកល្បងមីស៊ីលប្រើបច្ចេកវិទ្យាបាលីស្ទិក និងអាវុធនុយក្លេអ៊ែរនោះ។
ដោយសាររឿងនេះ ក្រុងព្យុងយ៉ាង អន់ចិត្តយ៉ាងខ្លាំង និងវាយប្រហារក្រុងប៉េកាំងដោយពាក្យសម្តីទៀតផង។ ដោយមិននិយាយចំឈ្មោះចិន សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២៣ ខែកុម្ភៈ រាយការណ៍ថា ប្រទេសមួយដែលតាំងខ្លួនឯងជាអ្នកជិតខាងល្អ បានបោះបង់កូរ៉េខាងជើង ដើម្បីយកចិត្តអាមេរិក ដោយបានកាត់ផ្ដាច់ការនាំចូលធ្យូងថ្មទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បើតាមសារព័ត៌មាន BBC សារព័ត៌មានរដ្ឋកូរ៉េខាងជើងបន្តថា៖ «ប្រទេសនេះ ដែលចាត់ទុកខ្លួនឯងជាប្រទេសមហាអំណាច កំពុងរាំតាមចង្វាក់ភ្លេងអាមេរិក។ ប្រទេសនេះក៏និយាយការពារវិធានការរបស់ខ្លួនថាមិនមានផលប៉ះពាល់អ្វីដល់ប្រជាជនកូរ៉េខាងជើងឡើយ តែធ្វើឡើងដើម្បីពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងប៉ុណ្ណោះ»។ កូរ៉េខាងជើងក៏បានហៅចំណាត់ការរបស់ចិនថា ជាជំហានអមនុស្សធម៌ទៀត។
ធ្យូងថ្ម ជាផលិតផលនាំចេញដ៏ធំរបស់កូរ៉េខាងជើង ហើយចិនជាទីផ្សារនាំចូលធំជាងគេ ដោយការដោះដូរធ្យូងថ្មនេះមានតម្លៃរាប់លានដុល្លារឯណោះ។ ទឹកប្រាក់សន្ធឹកសន្ធាប់ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងប្រើសម្រាប់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ប៉ុន្តែមិនយកប្រាក់ទាំងនោះទៅជួយប្រជាជនក្រីក្រឡើយ។ មួយវិញទៀត ក្រុងព្យុងយ៉ាង ក៏មិនខ្វល់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារគ្រោះធម្មជាតិឡើយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការប្រើពាក្យថា «ចិនកំពុងរាំតាមចង្វាក់ភ្លេងអាមេរិក» ទំនងជាកូរ៉េខាងជើងចង់សំដៅដល់ការអធិប្បាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ កាលពីមុនចូលកាន់តំណែង លោក ត្រាំ និយាយថា ចិនគួរគ្រប់គ្រងកូរ៉េខាងជើងឲ្យបានល្អ ហើយចិនគួរដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង បើមិនចង់ឲ្យអាមេរិកបង្កការលំបាកក្នុងការធ្វើជំនួញជាមួយខ្លួន។
ជាការពិត ការបញ្ឈប់ការនាំចូលធ្យូងថ្ម គឺជាវិធានការតឹងរ៉ឹងមិនធ្លាប់មានដែលដាក់ចេញដោយក្រុងប៉េកាំង ដែលតាំងពីដើមមក ហ៊ានត្រឹមនិយាយរិះគន់ប៉ុណ្ណោះ។ ចុងក្រោយនេះ មហាយក្សចិន បានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង ដែលល្មើសបម្រាមអន្តរជាតិម្ដងហើយម្ដងទៀតនោះ។ ចិន ជាដង្ហើមការទូតបរទេសតែមួយគត់ដែលគាំទ្រនិងការពារកូរ៉េខាងជើងរហូតមក៕
Tag:
កូរ៉េខាងជើង
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com