ជាតិ
នយោបាយជាតិ
នៅដើមខែមីនា ឧទ្ធរណ៍ នឹងបើកសវនាការ ជម្រះលើដីកាឃុំខ្លួនលោក គឹម សុខ លោកមេធាវី ជូង ជូងី ជាអ្នកការពារក្តីឲ្យលោក គឹម សុខ
× ភ្នំពេញ៖ សាលាឧទ្ធរណ៍ សម្រេចថានឹងបើកសវនាការ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីដោះស្រាយសំណើលោក គឹម សុខ ដែលសុំជំទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ ការបើកសវនាការនេះ គឺធ្វើឡើងតាមសំណើរបស់មេធាវីការពារក្តីឲ្យលោក គឹម សុខ។
សាលាឧទ្ធរណ៍បានជូនដំណឹង ទៅកាន់លោក ជូង ជូងី ដែលជាមេធាវីរបស់លោកគឹម សុខ រួចហើយ ថាបណ្តឹងសុំជំទាស់នឹងដីកាឃុំខ្លួននៃសាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវលើកទៅជំនុំជម្រះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ បើតាមលោកមេធាវី ជូង ជូងី ការដាក់ពាក្យប្តឹងនៅសាលាឧទ្ធរណ៍ គឺដោយសារតែលោក គឹម សុខ មិនសុខចិត្តនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចយកលោក ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។
លោកមេធាវីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ដោយសារតែកូនក្តីខ្ញុំមិនសុខចិត្ត គាត់ក៏ពឹងពាក់ខ្ញុំជាមេធាវី ឲ្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងដីកាឃុំខ្លួន។ នេះ ជាសិទ្ធិរបស់គាត់។ ជនត្រូវចោទ មានសិទ្ធិតវ៉ាគ្រប់នីតិវិធី»។
យ៉ាងណា លោក ជូង ជូងី មិនបានអះអាងទេថា ការប្តឹងទៅសាលាឧទ្ធរណ៍នេះ គឺដោយសារតែការឃុំខ្លួនលោក គឹម សុខ ខុសពីនីតិវិធីឬយ៉ាងណានោះ។ លោកមេធាវីរូបនេះ គ្រាន់បកស្រាយថា លោក រួមទាំងកូនក្តី មានមូលហេតុច្បាស់លាស់ ក្នុងការប្តឹងជំទាស់នេះ។ លោក បន្តថា មូលហេតុយ៉ាងណានោះ លោកនឹងលើកឡើងនៅក្នុងសវនាការ។
ក្រៅពីដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ លោក ជូង ជូងី ក៏បានដាក់លិខិតមួយផ្សេងទៀត ទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញផងដែរ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីសុំឲ្យដោះលែងលោក គឹម សុខ បានរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ លោក ជូង ជូងី ប្រាប់ថា ជានីតិវិធី ចៅក្រមស៊ើបសួរ មានរយៈពេលប្រាំថ្ងៃ ដើម្បីជូនដំណឹងថាដោះលែងកូនក្តីរបស់លោកតាមការស្នើសុំឬបន្តឃុំខ្លួន។
លោ គឹម សុខ អ្នកវិភាគនយោបាយ ដែលទើបតែជាប់ពន្ធនាគារ ដោយសារបណ្តឹងសម្តេច ហ៊ុន សែន ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «បរិហារកេរ្ត៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ បើតាមលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ការសម្រេចដាក់ពាក្យប្តឹងនេះ គឺដោសារតែលោក គឹម សុខ បានចោទថា គណបក្សប្រជាជនកម្ពជា សម្លាប់លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញនៅកម្ពុជា។ នៅក្នុងបណ្តឹងនេះ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ រហូតដល់ទៅ ៥០ម៉ឺនដុល្លារ ឯណោះ។
លោក គឺម សុខ នៅរងបណ្តឹងមួយផ្សេងទៀត ពីសម្តេច ហ៊ុន សែន។ បណ្តឹងលើកទីពីរនេះ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ តែ២៥០០ដុល្លារ ប៉ុណ្ណោះ។ ការរងបណ្តឹងនេះ គឺដោយសារតែលោក គឹម សុខ និយាយថា ប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕
© រក្សាសិទ្ធិដោយ thmeythmey.com