ជាតិ
បទវិភាគ
៤មិនប្តូរ ៧លុះក្ស័យ?
× «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»។ តែកុំភ្លេចករណីមួយទៀតដែលត្រូវចាំនោះ គឺថា លេខរៀងទី៤ មិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជា និងលេខ៧ ក៏មិនមែនសម្រាប់គណបក្សសង្គ្រោះជាតិរហូតនោះដែរ ព្រោះរាល់ការបោះឆ្នោតនឹងមានការចាប់ឆ្នោតដើម្បីកំណត់លេខរៀងនៅលើសន្លឹកឆ្នោត។
នៅលើបណ្តាញសង្គម អ្នកគាំទ្រគណបក្សនយោបាយមួយចំនួន និយមសរសេរលេខជាសញ្ញាបញ្ជាក់ពីការរិះគន់ និងការគាំទ្របក្សរៀងៗខ្លួន។ ផ្អែកលើលេខរៀងក្នុងសន្លឹកឆ្នោតសម្រាប់អណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី៤ រីឯគណបក្សសង្គ្រោះជាតិស្ថិតនៅលេខរៀងទី៧ ។ ការឆ្នោតថ្នាក់ឃុំ-សង្កាត់នឹងឈានមកដល់នៅខែមិថុនា ហើយការបោះឆ្នោតអណត្តិទី៦ កាន់តែកៀក ប៉ុន្តែអ្នកគាំទ្រ និងអ្នកនយោបាយមួយចំនួននៅតែបន្តប្រើប្រាស់លេខរៀង ជាសញ្ញាសម្គាល់គណបក្សដដែល។
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកគាំទ្ររបស់ខ្លួន តែងតែបង្ហាញម្រាមដៃ៤ ជាមួយនឹងស្នាមញញឹមនៅពេលចុះមូលដ្ឋាន រីឯគណបក្សសង្គ្រោះជាតិវិញក៏ដូចគ្នាផងដែរ ដោយពួកគេបង្ហាញម្រាមដៃ៧ (៥ម្ខាង និង២ម្ខាង) រហូតដល់អ្នកខ្លះទោះបីជាប់ខ្នោះទៅហើយក្តី នៅតែលើកម្រាមដៃ៧ ដើម្បីបង្ហាញពីការគាំទ្របក្សមិនប្រួលប្រែ។
នារយៈពេលចុងក្រោយនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសធ្វើយុទ្ធនាការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ច្បាស់ក្នុងចិត្តថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»។ បើតាមសម្តេច ពលរដ្ឋនៅមានការយល់ច្រលំ រួមផ្សំទាំងការឃោសនារបស់អ្នកនយោបាយមួយចំនួនផងដែរនោះ ពួកគេជាប់បំណុលវ័ណ្ឌក ដោយគិតថា គ្រឹះស្ថានដែលបានផ្តល់កម្ចីនោះជារបស់រដ្ឋ។ តើការយល់ច្រលំបែបនេះ អាចកើតឡើងនៅពេលបោះឆ្នោត ប្រសិនបើពលរដ្ឋមួយចំនួននៅតែចាំរត់មាត់ថា លេខ៤ បក្សប្រជាជនកម្ពុជា លេខ៧ បក្សសង្គ្រោះជាតិ?
តើពលរដ្ឋអាចបន្តយល់ច្រលំដែលទេសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដោយគិតថា លេខ៤ជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងលេខ៧ ជារបស់គណបក្សសង្គ្រោះជាតិ? ជាធម្មតា ការកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោតដែលមានព្រះវត្តមានរបស់សម្តេចសង្ឃ រីឯលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នឹងធ្វើឡើងតាមមូលដ្ឋាននីមួយៗ។
«៤មិនប្តូរ ៧លុះក្ស័យ» មានន័យយ៉ាងណា? ប្រសិនបើអព្ភូតហេតុអាចកើតឡើង ដោយគណបក្សប្រជាជនកម្ពុជាអាចរក្សារៀងៗទី៤ និងបក្សសង្គ្រោះជាតិលេខរៀងទី៧នៅក្នុងសន្លឹកឆ្នោតនោះ ការបង្ហាញឆន្ទះដ៏មុះមុតរបស់ក្រុមអ្នកគាំទ្រនឹងមិនមានការប្រែប្រួលឡើយ។ ចុះបើលេខរៀងនៅសន្លឹកផ្លាស់ប្តូរ?
ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា នាសន្និបាតអប់រំឆ្នាំ២០១៦ កម្ពុជាបានជោគជ័យច្រើនក្នុងយុទ្ធនាការរំដោះគ្រោះមិនចេះអក្សរ តាមរយៈកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ទាំងក្នុង និងក្រៅប្រព័ន្ធ ដូច្នេះប្រហែលជាមិនមានបញ្ហាអ្វីដែលត្រូវឲ្យព្រួយបារម្ភនោះឡើយ ដែលប្រជាពលរដ្ឋបោះឆ្នោតច្រលំ៕
© រក្សាសិទ្ធិដោយ thmeythmey.com