ជាតិ
តុលាការ​កំពូល ជម្រះ​រឿង​ឃុំ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ហួស​កាលកំណត់​នៅ​ថ្ងៃ​ចន្ទ​ ​
26, Feb 2017 , 3:35 pm         4380
រូបភាព
អ្នក​ស្រី លឹម មុន្នី មន្ត្រីអាដហុក​
អ្នក​ស្រី លឹម មុន្នី មន្ត្រីអាដហុក​
ភ្នំពេញ​៖ តុលាការ​កំពូល បានកំណត់​យក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​បើកសវនាការ លើ​បណ្តឹងសាទុក្ខ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​បួនរូប និង​មន្ត្រី​គ​.​ជ​.​ប មួយរូប​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។


លោក សំ សុ​គង់ បញ្ជាក់ថា លោក និង​មេធាវី​ដទៃទៀត រួមទាំង​កូនក្តី​ទាំង​ប្រាំ​រូប​ខាងលើ នឹងចូលរួម​សវនាការ​នេះ​។ លោក​មេធាវី សំ សុ​គង់ ប្រាប់ថា ការដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល គឺ​ដើម្បី​ប្រឆាំង​សាលាឧទ្ធរណ៍ ដែល​យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដោយ​ហួស​ពី​កាលកំណត់​។

លោក និយាយ​ដូច្នេះ​ថា​៖«​ការឃុំ​ពួកគាត់ មាន​រយៈពេល​យូរ​ដែរ​ហើយ​។ អ៊ីចឹង វា អត់​មាន​ភាពចាំបាច់ ដែល​ត្រូវ​បន្ត​ឃុំ​ពួកគាត់​ទៀត​ទេ​។ ហើយ​សំណុំរឿង​ហ្នឹង ក៏​អត់​ស្មុគស្មាញ​ដែរ​»​។

​ជា​នីតិវិធី ជនសង្ស័យ​ឬ​ជន​ត្រូវ​ចោទ អាច​ត្រូវបាន​ឃុំខ្លួន យ៉ាងយូរ​រយៈពេល​ប្រាំ​មួយខែ​។ ក្នុង​រយៈពេល​ប្រាំ​មួយខែ​នេះ ចៅក្រម​ស៊ើបសួរ ត្រូវ​សម្រេច​ថា​ដោះលែង​ជន​ត្រូវ​ចោទ ឬក៏​បញ្ជូន​ពួកគេ​ត្រូវ​កាន់​ចៅក្រម​ជំនុំជម្រះ​។ ខាងលើនេះ​ គឺជាការ​ពន្យល់​របស់លោក សំ សុ​គង់ ដដែល​។

ប៉ុន្តែ​ចំពោះ​ករណី​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃុំ​ពួកគេ​ប្រហែលជា​ដប់​ខែ​មកហើយ​។ ក្រោយ​មន្ត្រី​អាដហុក​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​មួយខែ ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឃុំ​អ្នក​ទាំងនោះ ចំនួន​ប្រាំ​មួយខែ​ថែមទៀត ដើម្បី​បន្ត​ការ​ស៊ើបសួរ​។

ដោយសារតែ​មិនអាច​ទទួលយកបាន​ចំពោះ​ការឃុំខ្លួន​កូនក្តី​ដោយ​ហួស​កាលកំណត់​នេះហើយ ទើប​ក្រុម​មេធាវី របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដាក់​បណ្តឹងសុំ​ជំទាស់​ទៅកាន់​សាលាឧទ្ធរណ៍ ហើយ​រហូត​ឈានទៅដល់​តុលាការ​កំពូល​។

សូមបញ្ជាក់ថា មន្ត្រី​អាដហុកទាំងបួនរូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំង​មន្ត្រី​គ​.​ជ​.​ប គឺលោក នី ចរិយា ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​ឃុំ​បណ្តោះអាសន្ន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «​សូកប៉ាន់​ស​ក្សី​» និង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការរកឃើញរ​បស់​តុលាការ អ្នក​ទាំងនោះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង