ជាតិ
តុលាការកំពូល ជម្រះរឿងឃុំមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ហួសកាលកំណត់នៅថ្ងៃចន្ទ អ្នកស្រី លឹម មុន្នី មន្ត្រីអាដហុក
× ភ្នំពេញ៖ តុលាការកំពូល បានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបើកសវនាការ លើបណ្តឹងសាទុក្ខរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យមន្ត្រីអាដហុកបួនរូប និងមន្ត្រីគ.ជ.ប មួយរូប។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប។
លោក សំ សុគង់ បញ្ជាក់ថា លោក និងមេធាវីដទៃទៀត រួមទាំងកូនក្តីទាំងប្រាំរូបខាងលើ នឹងចូលរួមសវនាការនេះ។ លោកមេធាវី សំ សុគង់ ប្រាប់ថា ការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល គឺដើម្បីប្រឆាំងសាលាឧទ្ធរណ៍ ដែលយល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងការឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដោយហួសពីកាលកំណត់។
លោក និយាយដូច្នេះថា៖«ការឃុំពួកគាត់ មានរយៈពេលយូរដែរហើយ។ អ៊ីចឹង វា អត់មានភាពចាំបាច់ ដែលត្រូវបន្តឃុំពួកគាត់ទៀតទេ។ ហើយសំណុំរឿងហ្នឹង ក៏អត់ស្មុគស្មាញដែរ»។
ជានីតិវិធី ជនសង្ស័យឬជនត្រូវចោទ អាចត្រូវបានឃុំខ្លួន យ៉ាងយូររយៈពេលប្រាំមួយខែ។ ក្នុងរយៈពេលប្រាំមួយខែនេះ ចៅក្រមស៊ើបសួរ ត្រូវសម្រេចថាដោះលែងជនត្រូវចោទ ឬក៏បញ្ជូនពួកគេត្រូវកាន់ចៅក្រមជំនុំជម្រះ។ ខាងលើនេះ គឺជាការពន្យល់របស់លោក សំ សុគង់ ដដែល។
ប៉ុន្តែចំពោះករណីមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឃុំពួកគេប្រហែលជាដប់ខែមកហើយ។ ក្រោយមន្ត្រីអាដហុកជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ចៅក្រមស៊ើបសួរ ក៏សម្រេចឃុំអ្នកទាំងនោះ ចំនួនប្រាំមួយខែថែមទៀត ដើម្បីបន្តការស៊ើបសួរ។
ដោយសារតែមិនអាចទទួលយកបានចំពោះការឃុំខ្លួនកូនក្តីដោយហួសកាលកំណត់នេះហើយ ទើបក្រុមមេធាវី របស់មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដាក់បណ្តឹងសុំជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ហើយរហូតឈានទៅដល់តុលាការកំពូល។
សូមបញ្ជាក់ថា មន្ត្រីអាដហុកទាំងបួនរូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងមន្ត្រីគ.ជ.ប គឺលោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ យកទៅឃុំបណ្តោះអាសន្ន កាលពីដើមខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទ «សូកប៉ាន់សក្សី» និងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ បើតាមការរកឃើញរបស់តុលាការ អ្នកទាំងនោះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com