ជាតិ
មានតែ​ជួប សម្លាប់ ម្នាក់​គត់ ដែល​ត្រូវ​កាត់ទោស ក្នុង​រឿង​ឃាតកម្ម​លោក កែម ឡី​ ​
26, Feb 2017 , 9:39 pm        
រូបភាព
ភ្នំពេញ​៖ ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប  សម្លាប់ នឹងត្រូវ​នាំទៅ​កាត់ទោស នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ចាប់តាំងពី​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​ដំបូង រហូតដល់​កំណត់ពេល​សម្រាប់​កាត់ក្តី សមត្ថកិច្ច និង​តុលាការ រក​មិនឃើញ​បុគ្គល​ណា​ផ្សេង ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្មនេះ ក្រៅតែពី​លោក ជួប សម្លាប់ នោះទេ​។​


​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ជំនុំជម្រះ​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ ជនជាប់ចោទ ដែល​ពាក់ព័ន្ធ នឹង​អំពើ​ឃាតកម្ម​ខាងលើ គឺមាន​តែ​លោក អឿ​ត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​នឹងត្រូវ​នាំខ្លួន​ទៅ​ចូលរួម​សវនាការ​។

លោក​មេធាវី យុង ផានិត ដែល​ទើបតែ​ចូលខ្លួន​ការពារ​ក្តី​ឲ្យ​លោក ជួប សម្លាប់ តាម​ការចាត់​តាំងរបស់​គណៈមេធាវី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដើមឡើយ លោក ចង់​ស្នើ​ឲ្យ​តុលាការ ពន្យារពេល​នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​មួយ​នេះ​។ ប៉ុន្តែ ក្រោយ​សិក្សា​បាន​ល្អិតល្អន់  ហើយ​យល់ថា​សំណុំ​រឿងនេះ ហាក់​គ្មានអ្វី​ស្មុគស្មាញ លោក​មេធាវី ក៏​សម្រេចចិត្ត​ចូលរួម​សវនាការ តាម​ការកំណត់​របស់​តុលាការ ដើម្បី​ការពារ​ក្តី​ឲ្យ​លោក ជួប សម្លាប់ ទៅតាម​ផ្លូវច្បាប់​។

លោក និយាយ​ដូច្នេះ​ថា​៖«​ឥឡូវ ខ្ញុំ​សម្រេចចិត្ត​ហើយ ថា​នឹងចូលរួម​សវនាការ​នេះ​។ ខ្ញុំ មិន​សុំ​ពន្យារពេល​ទេ​»​។​

លោក​មេធាវី​រូបនេះ បាន​បន្ថែមទៀតថា លោក មាន​ភស្តុតាង​គ្រប់គ្រាន់ សម្រាប់​លើកឡើង​នៅក្នុង​សវនាការ ដើម្បី​ដោះ​បន្ទុក ចំពោះ​ការចោទប្រកាន់​លើ​កូនក្តី​របស់ខ្លួន ពី​សំណាក់​ព្រះរាជអាជ្ញា ដែល​ដើរតួនាទី​ជាដើម​បណ្តឹង​។ យ៉ាងណា នៅពេលនេះ លោក សូម​មិន​បង្ហាញថា ភស្តុតាង​ដែល​អាច​ដោះ​បន្ទុក​ទាំងនោះ មាន​អ្វីខ្លះ​ទេ​។

នៅពេលដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្មនេះ គឺមាន​តែ​លោក ជួប សម្លាប់ តែ​ម្នាក់​ទេ ដែល​ត្រូវបញ្ជូន​ទៅកាន់​ចៅក្រម​ជំនុំជម្រះ​។ ដូច្នេះ ជនជាប់ចោទ ដែល​នឹងត្រូវ​នាំទៅ​កាត់ក្តី មិនមាន​អ្នក​ផ្សេងទៀត ក្រៅតែពី​លោក ជួប សម្លាប់ នោះទេ​។ នេះ​ជាការ​ពន្យល់​របស់លោក​មេធាវី យុង ផានិត ដដែល​។

លោក បញ្ជាក់​បែបនេះ​ថា​៖«​វា អាចមាន​អ្នក​ផ្សេងទៀត ចូលរួម​ដែរ ដូចជា​សាក្សី​ជាដើម​។ តែបើ​និយាយ​ពី​ជនជាប់ចោទ គឺមាន​តែ​លោក ជួប សម្លាប់ ហ្នឹងហើយ​។ តែ​ក្រែងលោ សវនាការ មានការ​ប្រែប្រួល​យ៉ាងណា ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ទេ​»​។​

លោក ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​ភ្លាមៗ ក្រោយពី​ឃាតកម្ម​លើ​លោក កែម ឡី កើតឡើង ក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​

ទាក់ទង​នឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ សាធារណរ​ជន​ខ្លះ រួមទាំង​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន ហើយ​ជាពិសេស​នោះ ក្រុមគ្រួសារ​របស់លោក កែម ឡី ហាក់​គ្មាន​ជំនឿ​ថា តុលាការ អាច​នឹង​ផ្តល់​យុត្តិធម៌​ជូន​លោក កែម ឡី សោះឡើយ​។ ម្យ៉ាងទៀត ពួកគេ នៅតែមាន​មន្ទិល​ថា លោក ជួប សម្លាប់ អាច​មិនមែនជា​ឃាតក​ពិតប្រាកដ​នោះទេ​។ 

ទោះ​មិនសូវមាន​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​យ៉ាងនេះ​ក្តី ក្រុម​សង្គម​ស៊ីវិល​ក្នុងស្រុក  ព្រមទាំង​សហគមន៍​អន្តរជាតិ​នានា នៅតែ​ចេញមុខ​ម្តង​មួយៗ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ស្វែងរក​ឃាតក​ពិតប្រាកដ និង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី យកទៅ​ផ្តន្ទាទោស​តាមច្បាប់​៕








© រក្សាសិទ្ធិដោយ thmeythmey.com