ជាតិ
មានតែជួប សម្លាប់ ម្នាក់គត់ ដែលត្រូវកាត់ទោស ក្នុងរឿងឃាតកម្មលោក កែម ឡី
× ភ្នំពេញ៖ ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នឹងត្រូវនាំទៅកាត់ទោស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី។ ចាប់តាំងពីដំណាក់កាលនៃការស៊ើបអង្កេតដំបូង រហូតដល់កំណត់ពេលសម្រាប់កាត់ក្តី សមត្ថកិច្ច និងតុលាការ រកមិនឃើញបុគ្គលណាផ្សេង ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ក្រៅតែពីលោក ជួប សម្លាប់ នោះទេ។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះសំណុំរឿងឃាតកម្មលើលោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញនៅកម្ពុជា។ រហូតមកដល់ពេលនេះ ជនជាប់ចោទ ដែលពាក់ព័ន្ធ នឹងអំពើឃាតកម្មខាងលើ គឺមានតែលោក អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ដែលនឹងត្រូវនាំខ្លួនទៅចូលរួមសវនាការ។
លោកមេធាវី យុង ផានិត ដែលទើបតែចូលខ្លួនការពារក្តីឲ្យលោក ជួប សម្លាប់ តាមការចាត់តាំងរបស់គណៈមេធាវី បានប្រាប់សារព័ត៌មានថ្មីៗថា ដើមឡើយ លោក ចង់ស្នើឲ្យតុលាការ ពន្យារពេលនៃការជំនុំជម្រះលើសំណុំរឿងមួយនេះ។ ប៉ុន្តែ ក្រោយសិក្សាបានល្អិតល្អន់ ហើយយល់ថាសំណុំរឿងនេះ ហាក់គ្មានអ្វីស្មុគស្មាញ លោកមេធាវី ក៏សម្រេចចិត្តចូលរួមសវនាការ តាមការកំណត់របស់តុលាការ ដើម្បីការពារក្តីឲ្យលោក ជួប សម្លាប់ ទៅតាមផ្លូវច្បាប់។
លោក និយាយដូច្នេះថា៖«ឥឡូវ ខ្ញុំសម្រេចចិត្តហើយ ថានឹងចូលរួមសវនាការនេះ។ ខ្ញុំ មិនសុំពន្យារពេលទេ»។
លោកមេធាវីរូបនេះ បានបន្ថែមទៀតថា លោក មានភស្តុតាងគ្រប់គ្រាន់ សម្រាប់លើកឡើងនៅក្នុងសវនាការ ដើម្បីដោះបន្ទុក ចំពោះការចោទប្រកាន់លើកូនក្តីរបស់ខ្លួន ពីសំណាក់ព្រះរាជអាជ្ញា ដែលដើរតួនាទីជាដើមបណ្តឹង។ យ៉ាងណា នៅពេលនេះ លោក សូមមិនបង្ហាញថា ភស្តុតាងដែលអាចដោះបន្ទុកទាំងនោះ មានអ្វីខ្លះទេ។
នៅពេលដែលចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បិទការស៊ើបសួរលើសំណុំរឿងដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ គឺមានតែលោក ជួប សម្លាប់ តែម្នាក់ទេ ដែលត្រូវបញ្ជូនទៅកាន់ចៅក្រមជំនុំជម្រះ។ ដូច្នេះ ជនជាប់ចោទ ដែលនឹងត្រូវនាំទៅកាត់ក្តី មិនមានអ្នកផ្សេងទៀត ក្រៅតែពីលោក ជួប សម្លាប់ នោះទេ។ នេះជាការពន្យល់របស់លោកមេធាវី យុង ផានិត ដដែល។
លោក បញ្ជាក់បែបនេះថា៖«វា អាចមានអ្នកផ្សេងទៀត ចូលរួមដែរ ដូចជាសាក្សីជាដើម។ តែបើនិយាយពីជនជាប់ចោទ គឺមានតែលោក ជួប សម្លាប់ ហ្នឹងហើយ។ តែក្រែងលោ សវនាការ មានការប្រែប្រួលយ៉ាងណា ខ្ញុំមិនហ៊ានសន្និដ្ឋានទេ»។
លោក ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចតាមចាប់ភ្លាមៗ ក្រោយពីឃាតកម្មលើលោក កែម ឡី កើតឡើង ក្នុងស្តាម៉ាតមួយកន្លែង ស្ថិតនៅម្តុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ទាក់ទងនឹងអំពើឃាតកម្មដ៏សាហាវនេះ សាធារណរជនខ្លះ រួមទាំងក្រុមសង្គមស៊ីវិលមួយចំនួន ហើយជាពិសេសនោះ ក្រុមគ្រួសាររបស់លោក កែម ឡី ហាក់គ្មានជំនឿថា តុលាការ អាចនឹងផ្តល់យុត្តិធម៌ជូនលោក កែម ឡី សោះឡើយ។ ម្យ៉ាងទៀត ពួកគេ នៅតែមានមន្ទិលថា លោក ជួប សម្លាប់ អាចមិនមែនជាឃាតកពិតប្រាកដនោះទេ។
ទោះមិនសូវមានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយ៉ាងនេះក្តី ក្រុមសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងសហគមន៍អន្តរជាតិនានា នៅតែចេញមុខម្តងមួយៗ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឲ្យបានម៉ត់ចត់ ដើម្បីស្វែងរកឃាតកពិតប្រាកដ និងអ្នកជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី យកទៅផ្តន្ទាទោសតាមច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com