កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ម្ចាស់​មេដាយមាស​អូឡាំពិក​របស់​សូ​វៀត លក់​មេដាយ​ដើម្បី​ដោះស្រាយ​ជីវភាព​
01, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
Olga Korbut អាយុ​៦១​ឆ្នាំ ជា​អតីត​កីឡាការិនី​កាយសម្ព័ន្ធ​របស់​សូ​វៀត​ដែល​ដណ្តើមបាន​មេដាយមាស​៤ និង​មេដាយប្រាក់​២​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​១៩៧២ និង​ឆ្នាំ​១៩៧៦ ។ ដោយសារ​បញ្ហា​ជីវភាព Olga ដែលមាន​សញ្ជាតិ​បេឡា​រុស និង​រស់នៅ​រដ្ឋ Arizona បានប្រកាស​លក់​មេដាយ​របស់ខ្លួន​នៅ​ក្រុមហ៊ុន​ដេញថ្លៃ​របស់​សហរដ្ឋអាមេរិក​។​



«​មេដាយ​ទាំងនេះ អាចជួយ​សង្គ្រោះ​ការអត់ឃ្លាន​របស់គាត់​»​។ នេះ​ជាការ​លើកឡើង​របស់​សារព័ត៌មាន​រុស្ស៊ី Gazeta.ru ទាក់ទង​នឹង​ការសម្រេច​ដាក់លក់​មេដាយ​អូឡាំពិក​របស់ Olga ដែល​ធ្លាប់មាន​រហស្សនាម​ថា «​កូនចាប​ពី​ទីក្រុង Minsk»​។​

​នា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​១៩៧២​នៅ​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ Olga Korbut ដែល​តំណាង​ឲ្យ​សហភាពសូវៀត ទទួលបាន​មេដាយមាស​៣ ប្រាក់​១ ហើយ​ឈ្នះ​មេដាយមាស​១ ប្រាក់​១ ទៀត នៅ​ឆ្នាំ​១៩៧៦ ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​។​



Korbut បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៩១ ហើយ​បាន​ក្លាយជា​គ្រូ​កាយសម្ព័ន្ធ​ម្នាក់​។ គាត់​ធ្លាប់មាន​ស្វាមី​ឈ្មោះ Leonid Bortkevich ដែលជា​អ្នកចម្រៀង​បេឡា​រុស ហើយ​នៅ​ជាមួយគ្នា​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​២០០០ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ Richard កើត​នៅ​ឆ្នាំ​១៩៧៩ ។​

​ក្នុងចំណោម​មេដាយ​ទាំង​៦ មេដាយមាស​១​ដែល​ឈ្នះ​ពី​ក្រុង​មុយ​និ​ច ត្រូវបាន​ចោល​លួច​។ មិនមាន​ការបញ្ជាក់​អ្វី​បន្ថែម​ពី​ស្ថានភាព​គ្រួសារ​របស់ Korbut នោះឡើយ ប៉ុន្តែ​កាសែត​រុស្ស៊ី Gazeta បាន​អះអាងថា គាត់​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ដោះស្រាយ​។​



​តាមរយៈ​ការ​ដាក់លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Heritage Auctions របស់​អាមេរិក មេដាយមាស​២ និង​ប្រាក់​១ ដែល Korbut ឈ្នះ​នៅ​មុយ​និ​ច មានតម្លៃ​ចំនួន ៣៣៣ ៥០០​ដុល្លារ​អាមេរិក​។ បន្ថែម​ពីលើ​នេះ ក៏មាន​ការរាយការណ៍​ថា Korbut បានដាក់​លក់​មេដាយ​ផ្សេងៗ​ក្រៅពី​អូឡាំពិក​ផងដែរ​៕


Tag:
 Olga Korbut
  កីឡា​អូឡាំពិក​
  មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com