ជាតិ
ពីនេះ ពីនោះ
តើ​គួរប្រើ​ពាក្យ​«​ស្រី ស្ត្រី នារី​»​យ៉ាងដូចម្តេច​?
06, Apr 2023 , 7:29 am        
រូបភាព
​ភ្នំពេញ​៖ ស្មេរ​ជាច្រើន ឧស្សាហ៍​បាន​សរសេរ អាន និង​ស្តាប់ឮ​ពាក្យ​ថា​«​ស្រី ស្ត្រី និង​នារី​»​។ តើ​គេ​ប្រើពាក្យ​ទាំង​៣​នេះ យ៉ាងដូចម្តេច​?



​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ថា​៖

​ស្រី (​ន​) មានន័យថា មនុស្ស​ដែល​មិនមែនជា​ប្រុស​។ ពាក្យ​នេះ ចេញ​មកពី​ភាសាសំស្ក្រឹត​ថា​«​ស្ត្រី​»​។  ពាក្យ​ថា​«​ស្រី​» គេ​ច្រើន​ប្រើ​ភ្ជាប់​ជា​ពាក្យ​«​ប្រុស​»​។ ឧទាហរណ៍​៖ ប្រុស​ស្រី ឬ​ស្រី​ប្រុស​។ ឧទាហរណ៍​៖ នៅក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​ភ្នំពេញ មាន​ភ្ញៀវ​ប្រុស​ស្រី​ជាច្រើន កំពុង​រាំលេង​។ ចំណែក ពាក្យ​ថា​«​ស្ត្រី​» គេ​តែងតែ​ប្រើ​ជាមួយ​ពាក្យ​«​បុរស​»​។ ឧទាហរណ៍​៖ បុរស​ស្ត្រី​ជាច្រើន កំពុង​ដើរ​ហាត់ប្រាណ​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​។

​យើង​មិនគួរ​ប្រើពាក្យ​«​ស្រី​» ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​បុរស​» ឬ​ប្រើពាក្យ​ថា «​បុរស​» ភ្ជាប់​ជាមួយ​ពាក្យ​«​ស្រី​»​នោះទេ​។ ឧទាហរណ៍​៖ ស្រី​បុរស ឬ​បុរស​ស្រី​។ លើសពីនេះ យើង​ក៏​មិនគួរ​ប្រើពាក្យ​«​ស្ត្រី​»​ជាមួយ​ពាក្យ​«​ប្រុស​» ឬ​ពាក្យ​«​ប្រុស​»​ជាមួយ​ពាក្យ​«​ស្ត្រី​»​ដែរ​។ ឧទាហរណ៍​៖ ប្រុស​ស្ត្រី ឬ​ស្ត្រី​ប្រុស​។ ជាទូទៅ គេ​មិនដែល​ឃើញ​ស្មេរ​ប្រើពាក្យ​ដូចនេះ​ឡើយ ពីព្រោះ វា​មិន​ស្របគ្នា​។

​បច្ចុប្បន្ន សង្គម​ខ្មែរ​ច្រើន​ប្រើពាក្យ «​ស្ត្រី​» ដោយ​សំដៅលើ​អ្នកមាន​វ័យចាស់ ខណៈ​ពាក្យ​«​ស្រី​» គេ​ច្រើន​ប្រើ​សំដៅលើ​មនុស្ស​យុវវ័យ ឬ​វ័យ​កណ្តាល ឬ​អ្នក​នៅ​លីវ​។ យ៉ាងណាក៏ដោយ គ្មាន​ការ​កំណត់ថា អាយុ​ប៉ុនណា ត្រូវ​ប្រើពាក្យ​ថា ស្ត្រី ឬ​ស្រី​នោះទេ​។ ឧទាហរណ៍​៖ ៨​មីនា គឺជា​ទិវា​សិទ្ធិ​ស្ត្រី​។ សិទ្ធិ​ស្ត្រី​នៅពេលនេះ គឺ​មិនមែន​តែ​មនុស្ស​ចាស់​ទេ តែ​គេ​សំដៅលើ​ស្ត្រី នារី យុវតី ស្រី កុមារី ទារិកា​។   ប៉ុន្តែ មជ្ឈដ្ឋាន​ខ្លះ គេ​យល់ថា ពាក្យ​«​ស្រី​» គឺជា​ពាក្យ​មិនសូវ​ល្អ​ឡើយ​។ គេ​តែង​ច្រើន​ប្រើពាក្យ​នេះ ដោយ​ភ្ជាប់​ជាមួយ​មុខរបរ ឬ​សកម្ម​ភាពមិន​សមរម្យ​ដែល​សង្គម​មិនសូវ​ឲ្យ​តម្លៃ​។ ឧទាហរណ៍​៖ ស្រី​បា ស្រី​ខារ៉ាអូខេ ស្រីខូច ស្រី​ល្បែង​…​។ គេ​កម្រ​ប្រើពាក្យ​ថា ស្ត្រី​បា ស្ត្រី​ខូច ស្ត្រី​ល្បែង​…​។ មួយវិញទៀត សង្គម​ខ្មែរ ក៏​និយម​ប្រើ​ថា​«​ស្រី​»​នេះ ដោយ​សំដៅលើ​គូ​កំណាន់ចិត្ត​រប​ស់បុរ​ស​ដែលមាន​ភរិយា​រួច ឬ​នៅ​លីវ​។ ឧទាហរណ៍​៖ មាន​ស្រី មាន​ទៅ កុំ​ឲ្យ​តែ​ប្រពន្ធ​ដឹង​។ ម្នាក់​ហ្នឹង មាន​ស្រី​ច្រើនណាស់​។
  
​នារី (​ន​) មានន័យថា ស្ត្រី​,​មនុស្ស​ស្រី​។ ពាក្យ​«​នារី​» គេ​ច្រើន​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​«​បុរស​»​។ ឧទាហរណ៍​៖ បុរស​នារី សុភាពបុរស សុភាពនារី​។ គេ​មិនដែល​ប្រើពាក្យ​«​នារី​»​ជាមួយ​ពាក្យ​«​ប្រុស​»​ទេ​៕ 


Tag:
 ស្ត្រី​
 ​ ស្រី​
  ​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com