ជាតិ
ពីនេះ ពីនោះ
តើគួរប្រើពាក្យ«ស្រី ស្ត្រី នារី»យ៉ាងដូចម្តេច?
× ភ្នំពេញ៖ ស្មេរជាច្រើន ឧស្សាហ៍បានសរសេរ អាន និងស្តាប់ឮពាក្យថា«ស្រី ស្ត្រី និងនារី»។ តើគេប្រើពាក្យទាំង៣នេះ យ៉ាងដូចម្តេច?
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យថា៖
ស្រី (ន) មានន័យថា មនុស្សដែលមិនមែនជាប្រុស។ ពាក្យនេះ ចេញមកពីភាសាសំស្ក្រឹតថា«ស្ត្រី»។ ពាក្យថា«ស្រី» គេច្រើនប្រើភ្ជាប់ជាពាក្យ«ប្រុស»។ ឧទាហរណ៍៖ ប្រុសស្រី ឬស្រីប្រុស។ ឧទាហរណ៍៖ នៅក្នុងពិធីខួបកំណើតមួយនៅភ្នំពេញ មានភ្ញៀវប្រុសស្រីជាច្រើន កំពុងរាំលេង។ ចំណែក ពាក្យថា«ស្ត្រី» គេតែងតែប្រើជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសស្ត្រីជាច្រើន កំពុងដើរហាត់ប្រាណនៅសួនច្បារមុខព្រះបរមរាជវាំង។
យើងមិនគួរប្រើពាក្យ«ស្រី» ដោយភ្ជាប់ជាមួយពាក្យ«បុរស» ឬប្រើពាក្យថា «បុរស» ភ្ជាប់ជាមួយពាក្យ«ស្រី»នោះទេ។ ឧទាហរណ៍៖ ស្រីបុរស ឬបុរសស្រី។ លើសពីនេះ យើងក៏មិនគួរប្រើពាក្យ«ស្ត្រី»ជាមួយពាក្យ«ប្រុស» ឬពាក្យ«ប្រុស»ជាមួយពាក្យ«ស្ត្រី»ដែរ។ ឧទាហរណ៍៖ ប្រុសស្ត្រី ឬស្ត្រីប្រុស។ ជាទូទៅ គេមិនដែលឃើញស្មេរប្រើពាក្យដូចនេះឡើយ ពីព្រោះ វាមិនស្របគ្នា។
បច្ចុប្បន្ន សង្គមខ្មែរច្រើនប្រើពាក្យ «ស្ត្រី» ដោយសំដៅលើអ្នកមានវ័យចាស់ ខណៈពាក្យ«ស្រី» គេច្រើនប្រើសំដៅលើមនុស្សយុវវ័យ ឬវ័យកណ្តាល ឬអ្នកនៅលីវ។ យ៉ាងណាក៏ដោយ គ្មានការកំណត់ថា អាយុប៉ុនណា ត្រូវប្រើពាក្យថា ស្ត្រី ឬស្រីនោះទេ។ ឧទាហរណ៍៖ ៨មីនា គឺជាទិវាសិទ្ធិស្ត្រី។ សិទ្ធិស្ត្រីនៅពេលនេះ គឺមិនមែនតែមនុស្សចាស់ទេ តែគេសំដៅលើស្ត្រី នារី យុវតី ស្រី កុមារី ទារិកា។ ប៉ុន្តែ មជ្ឈដ្ឋានខ្លះ គេយល់ថា ពាក្យ«ស្រី» គឺជាពាក្យមិនសូវល្អឡើយ។ គេតែងច្រើនប្រើពាក្យនេះ ដោយភ្ជាប់ជាមួយមុខរបរ ឬសកម្មភាពមិនសមរម្យដែលសង្គមមិនសូវឲ្យតម្លៃ។ ឧទាហរណ៍៖ ស្រីបា ស្រីខារ៉ាអូខេ ស្រីខូច ស្រីល្បែង…។ គេកម្រប្រើពាក្យថា ស្ត្រីបា ស្ត្រីខូច ស្ត្រីល្បែង…។ មួយវិញទៀត សង្គមខ្មែរ ក៏និយមប្រើថា«ស្រី»នេះ ដោយសំដៅលើគូកំណាន់ចិត្តរបស់បុរសដែលមានភរិយារួច ឬនៅលីវ។ ឧទាហរណ៍៖ មានស្រី មានទៅ កុំឲ្យតែប្រពន្ធដឹង។ ម្នាក់ហ្នឹង មានស្រីច្រើនណាស់។
នារី (ន) មានន័យថា ស្ត្រី,មនុស្សស្រី។ ពាក្យ«នារី» គេច្រើនប្រើភ្ជាប់ជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសនារី សុភាពបុរស សុភាពនារី។ គេមិនដែលប្រើពាក្យ«នារី»ជាមួយពាក្យ«ប្រុស»ទេ៕
Tag:
ស្ត្រី
ស្រី
នារី
© រក្សាសិទ្ធិដោយ thmeythmey.com