ជាតិ
មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ម្នាក់ទៀត ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន សុំលាលែង​ពី​តំណែង​
03, Mar 2017 , 10:18 am        
រូបភាព
​ភ្នំពេញ​៖ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ដែល​ត្រូវបាន​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន បានប្រកាស​លាលែង​ពី​សមាជិកា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស សម រង្ស៊ី​។ ការលាលែង​នេះ គឺធ្វើឡើង​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ផ្ញើ​ទៅកាន់​លោក ទាវ វ​ណ្ណុល ប្រធានស្តីទី គណបក្ស សម រង្ស៊ី​។



​តាម​លិខិត​ខាងលើ លោកស្រី ថាក់ ឡា​នី បានបញ្ជាក់​យ៉ាងខ្លី​ថា ការចាកចេញ​របស់លោក​ស្រី គឺ​ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន​។ យ៉ាងណា លិខិត​នោះ មិនបាន​បញ្ជាក់ថា លោកស្រី លាលែង​ពី​សមាជិកភាព​គណបក្ស សម រង្ស៊ី តែម្តង​នោះទេ ពោលគឺ លោកស្រី គ្រាន់តែ​លាលែង​ពី​សមាជិកា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក​ប៉ុណ្ណោះ​។

​លោកស្រី ថាក់ ឡា​នី ត្រូវបាន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្តឹង​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​។ បើតាម​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន មូលហេតុ​នៃ​ការប្តឹង​នេះ គឺ​ដោយសារតែ​លោកស្រី និយាយថា សម្តេច ហ៊ុន សែន នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។

​នៅក្នុង​បណ្តឹង​ខាងលើ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោកស្រី តែ ១០០​រៀល ប៉ុណ្ណោះ​។ ក្រោយមក លោកស្រី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​តម្រូវ​ឲ្យ​លោកស្រី បង់ប្រាក់​១០០​រៀល តាម​ការទាមទារ​រប​ស់ស​ម្តេច ហ៊ុន សែន​។ ចាប់តាំងពី​មាន​ក្តីក្តាំ​នេះ​មក លោកស្រី ក៏បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​បរទេស​។​

​ទោះបីជា​លោកស្រី អះអាងថា ការចាកចេញ គឺ​ដោយសារតែ​មូលហេតុ​ផ្តល់​ខ្លួន​ក៏ពិតមែន ប៉ុន្តែ​មូលហេតុ​មួយទៀត គឺអាច​បណ្តាលមកពី​ឥទ្ធិពល​នៃ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​។ យោងតាម​មាត្រា​ថ្មី​មួយចំនួន​នៃ​ច្បាប់​ខាងលើ ទណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស នោះទេ​។ ម្យ៉ាងទៀត ទណ្ឌិត ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ​ណាមួយ ឡើយ​។ ជាងនេះទៀត គណបក្ស​ណាមួយ ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។

​មាត្រា​១៨ បានសរសេរថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី ក្នុងករណី ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។

​ចំណែក​មាត្រា​៣៨ បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់​វិធា​នា​ការ ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណ​ធ្ងន់ធ្ងរ​»​។

​រីឯ​មាត្រា​៤៥ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​

​ថ្មីៗ​នេះ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ដែល​កំពុង​ជាប់ពន្ធនាគារ ក៏​ប្រកាស​លាលែង​ពី​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស សម រង្ស៊ី ដែរ​។ ចំណែកឯ លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់ពន្ធនាគារ​ដែរនោះ ក៏បាន​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថែមទៀត​។ មូលហេតុ​នៃ​ការចាកចេញ​របស់​អ្នក​ទាំងបី មិន​ខុសពី​លោកស្រី ថាក់ ឡា​នី​នោះទេ​។ លាលែង​របស់​អ្នក​ទាំង​បួន​ខាងលើ គឺធ្វើឡើង​ក្រោយ​ឯកឧត្តម សម រង្ស៊ី លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​៕


Tag:
 ថាក់ ឡា​នី​
 CNRP
  អ៊ុំ សំអាន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com