ជាតិ
លោក សម រង្ស៊ី សុំ​ឲ្យ​អន្តរជាតិ ជួយ​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​
03, Mar 2017 , 8:39 pm         18565
រូបភាព
លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ។ រូបថត ចិត្រា
លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ។ រូបថត ចិត្រា
​ភ្នំពេញ​៖​ដោយសារ​យល់ថា​បក្ស​កាន់អំណាច កំពុង​ប្រើ​លេស​ផ្សេងៗ ដើម្បី​រំលាយ​បក្សប្រឆាំង ទើប លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​។ យ៉ាងណា អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក សម រង្ស៊ី​។


​ទោះ​លាលែង​ពី​តំណែង​ជា​ប្រធាន​ហើយក៏​ពិតមែន តែ​លោក សម រង្ស៊ី ហាក់​ទៅណា​មិ​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ម្យ៉ាងទៀត សកម្មភាព​របស់លោក សម រង្ស៊ី នៅតែ​ផ្សារភ្ជាប់​ទៅនឹង​បញ្ហានយោបាយ​ក្នុងប្រទេស​កម្ពុជា ដដែល​។

​លើសពីនេះ អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​រស់នៅ​បរទេស​រូបនេះ បាន​បន្ត​ប្រើ​សារ​នយោបាយ ដើម្បី​វាយប្រហារ​ទៅកាន់​បក្ស​កាន់អំណាច ជារឿយៗ​។ ជាក់ស្តែង លោក សម រង្ស៊ី បាន​បង្ហោះ​សំណេរ​កាលពី​ថ្ងៃ​២ ខែមីនា ឆ្នាំ​២០១៧ ដោយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មានបំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុខការ​បោះឆ្នោត មកដល់​។ ដោយ​ក្តី​ព្រួយបារម្ភ​នេះ លោក សម រង្ស៊ី បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​នានា ជួយ​ការពារ​បក្សប្រឆាំង ពី​ការយាយី​របស់​បក្ស​កាន់អំណាច​។

​លោក សម រង្ស៊ី បាន​សរសេរ​ដូច្នេះ​ថា​៖«​សេចក្តីអំពាវនាវ ទៅ​សហគមន៍​អន្តរជាតិ សូម​ឲ្យ​ជួយ​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ ២០១៧ និង ឆ្នាំ​២០១៨ ។ ជាពិសេស សូមជួយ​ការពារ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការចូល​រួមការ​បោះឆ្នោត​នោះ ពីព្រោះ​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុងតែ​រក​លេស​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជៀសវាង​ការប្រកួតប្រជែង ដោយ​សេរី​និង​យុត្តិធម៌​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ថា​ជាការ​ចោទប្រកាន់  ដោយ​គ្មាន​ហេតុផល​។ លោក និយាយ​ដដែល​ថា បក្ស​កាន់អំណាច គ្មាន​ចេតនា ទៅ​រំលាយ​បក្សប្រឆាំង​នោះទេ​។

​លោក សុខ ឥសាន សង្កត់ធ្ងន់ៗ​ថា ប្រសិនបើ​បក្សប្រឆាំង មិន​ប្រព្រឹត្ត​ខុសច្បាប់​នោះទេ ក៏​គ្មាន​អ្នកណាម្នាក់ អាចធ្វើ​អ្វី​ខ្លួន​បានដែរ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​និយាយ​ហ្នឹង គឺជា​ការចោទប្រកាន់​សុទ្ធសាធ ។ អត់​មាន​អ្នកណា​ទៅ​រំលាយ​ទេ​។ រំលាយ ឬ​មិន​រំលាយ គឺ​អាស្រ័យ​លើ​បក្ស​ប្រ​ឆាំ​ខ្លួនឯង​»​។​

​ក្រោយ​ការពារ​បក្ស​របស់ខ្លួន ថា គ្មាន​បំណង​រំលាយ​បក្សប្រឆាំង​រួចហើយ លោក សុខ ឥសាន ក៏បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា នៅ​ស្តាយស្រណោះ​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងទៀត លោក សុខ ឥសាន សង្កេតឃើញថា ទង្វើ​របស់លោក សម រង្ស៊ី ហាក់​ចង់​បង្ហាញថា ខ្លួន នៅតែ​ជា​មេបក្ស​ប្រឆាំង​ដូច​មុន​។​

​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​តី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ក្រោយមក មន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​កំពុងមាន​ក្តីក្តាំ​នៅ​តុលាការ បានប្រកាស​លាលែង​ពី​តំណែង​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​។ មន្ត្រី ដែ​លាលែង​ទាំងនោះ រួមមាន លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ និង​លោក មា​ជ សុវណ្ណារ៉ា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។

​ដោយឡែក សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ពីររូប​ទៀត គឺ​លោក ហុង សុខ​ហួរ និង​លោកស្រី ថាក់ ឡា​នី ក៏បាន​លាលែង​ពី​តំណែង​ក្នុង​គណបក្ស សម រង្ស៊ី ដែរ​។ បច្ចុប្បន្ន លោក ហុង សុខ​ហួរ កំពុង​ជាប់ពន្ធនាគារ​។ ប៉ុន្តែ លោកស្រី ថាក់ ឡា​នី ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​នោះ បាន​និរទេស​ខ្លួន​ទៅ​រស់​នៅឯ​បរទេស​។

​ការលាលែង​របស់​អ្នក​ទាំង​ប្រាំ​ខាងលើ គឺ​ស្រព​ពេលដែល ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​តំណាងរាស្ត្រ​បក្ស​កាន់អំណាច អនុម័ត កាលពីពេល​ថ្មីៗ​នេះ​។ រហូតមកដល់​ពេលនេះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ បាន​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ​។ នៅពេល ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ចប់សព្វគ្រប់ ដោយ​មិន​ជំទាស់​អ្វី​នោះ រដ្ឋសភា ត្រូវបញ្ជូន​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ ទៅកាន់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល នឹង​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ឡាយព្រះហស្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ .

​មាត្រា​ថ្មី​មួយចំនួន ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ យោងតាម​មាត្រា​ថ្មី​ទាំងនោះ ទណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស នោះទេ​។ ម្យ៉ាងទៀត ទណ្ឌិត ក៏​មិនត្រូវ​អនុញ្ញាត ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ឬ​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ណាមួយ​ដែរ​។ លើសពីនេះ គណបក្ស​ណាមួយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។

​មាត្រា​១៨ បានសរសេរថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី ក្នុងករណី ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។

​ចំណែក​មាត្រា​៣៨ បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់​វិធ​នា​ការ ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណ​ធ្ងន់ធ្ងរ​»​។

​រីឯ​មាត្រា​៤៥ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​

​ទំនង​ដោយសារតែ​ឥទ្ធិពល​នៃ​មាត្រា​ថ្មី​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះហើយ ទើប​បណ្តាល​ឲ្យ​អ្នក​ទាំង​ប្រាំ ដែល​កំពុងមាន​ក្តីក្តាំ​នៅ​តុលាការ បង្ខំចិត្ត​លាលែង​ពី​តំណែង​រៀងៗ​ខ្លួន​ដូច្នេះ​។ យ៉ាងណា អ្នក​ទាំង​ប្រាំ បានបញ្ជាក់​ដូចៗ​គ្នា​ថា ការចាកចេញ​របស់​ពួកគេ គឺ​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។

​ក្រោយ​ការលាលែង​របស់លោក សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ត្រូវ​បាន​សមាជ​វិសាមញ្ញ ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ រីឯ​លោកស្រី មូរ សុខ​ហួរ លោក ប៉ុល ហំ​ម និង​លោក អេង ឆៃអ៊ាង ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​៕

Tag:
 CNRP
  CPP
  សម រង្ស៊ី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង