ជាតិ
លោក សម រង្ស៊ី សុំឲ្យអន្តរជាតិ ជួយការពារគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ រូបថត ចិត្រា
× ភ្នំពេញ៖ដោយសារយល់ថាបក្សកាន់អំណាច កំពុងប្រើលេសផ្សេងៗ ដើម្បីរំលាយបក្សប្រឆាំង ទើប លោក សម រង្ស៊ី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយការពារគណបក្សសង្គ្រោះជាតិ។ យ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលចំពោះការលើកឡើងរបស់លោក សម រង្ស៊ី។
ទោះលាលែងពីតំណែងជាប្រធានហើយក៏ពិតមែន តែលោក សម រង្ស៊ី ហាក់ទៅណាមិឆ្ងាយពីគណបក្សសង្គ្រោះជាតិនោះទេ។ ម្យ៉ាងទៀត សកម្មភាពរបស់លោក សម រង្ស៊ី នៅតែផ្សារភ្ជាប់ទៅនឹងបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ដដែល។
លើសពីនេះ អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅបរទេសរូបនេះ បានបន្តប្រើសារនយោបាយ ដើម្បីវាយប្រហារទៅកាន់បក្សកាន់អំណាច ជារឿយៗ។ ជាក់ស្តែង លោក សម រង្ស៊ី បានបង្ហោះសំណេរកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០១៧ ដោយចោទគណបក្សប្រជាជនកម្ពុជាថា មានបំណងរំលាយគណបក្សសង្គ្រោះជាតិ មុខការបោះឆ្នោត មកដល់។ ដោយក្តីព្រួយបារម្ភនេះ លោក សម រង្ស៊ី បានស្នើឲ្យសហគមន៍អន្តរជាតិនានា ជួយការពារបក្សប្រឆាំង ពីការយាយីរបស់បក្សកាន់អំណាច។
លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖«សេចក្តីអំពាវនាវ ទៅសហគមន៍អន្តរជាតិ សូមឲ្យជួយជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ ។ ជាពិសេស សូមជួយការពារសិទ្ធិគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតនោះ ពីព្រោះគណបក្សកាន់អំណាច និងរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ ដើម្បីជៀសវាងការប្រកួតប្រជែង ដោយសេរីនិងយុត្តិធម៌»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការចោទប្រកាន់ ដោយគ្មានហេតុផល។ លោក និយាយដដែលថា បក្សកាន់អំណាច គ្មានចេតនា ទៅរំលាយបក្សប្រឆាំងនោះទេ។
លោក សុខ ឥសាន សង្កត់ធ្ងន់ៗថា ប្រសិនបើបក្សប្រឆាំង មិនប្រព្រឹត្តខុសច្បាប់នោះទេ ក៏គ្មានអ្នកណាម្នាក់ អាចធ្វើអ្វីខ្លួនបានដែរ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គាត់និយាយហ្នឹង គឺជាការចោទប្រកាន់សុទ្ធសាធ ។ អត់មានអ្នកណាទៅរំលាយទេ។ រំលាយ ឬមិនរំលាយ គឺអាស្រ័យលើបក្សប្រឆាំខ្លួនឯង»។
ក្រោយការពារបក្សរបស់ខ្លួន ថា គ្មានបំណងរំលាយបក្សប្រឆាំងរួចហើយ លោក សុខ ឥសាន ក៏បានចំអកឲ្យលោក សម រង្ស៊ី ថា នៅស្តាយស្រណោះតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។ ម្យ៉ាងទៀត លោក សុខ ឥសាន សង្កេតឃើញថា ទង្វើរបស់លោក សម រង្ស៊ី ហាក់ចង់បង្ហាញថា ខ្លួន នៅតែជាមេបក្សប្រឆាំងដូចមុន។
លោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃតី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ក្រោយមក មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលកំពុងមានក្តីក្តាំនៅតុលាការ បានប្រកាសលាលែងពីតំណែងក្នុងគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់។ មន្ត្រី ដែលាលែងទាំងនោះ រួមមាន លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រ និងលោក មាជ សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ។
ដោយឡែក សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ពីររូបទៀត គឺលោក ហុង សុខហួរ និងលោកស្រី ថាក់ ឡានី ក៏បានលាលែងពីតំណែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ បច្ចុប្បន្ន លោក ហុង សុខហួរ កំពុងជាប់ពន្ធនាគារ។ ប៉ុន្តែ លោកស្រី ថាក់ ឡានី ដែលរងបណ្តឹងពីសម្តេច ហ៊ុន សែន ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនោះ បាននិរទេសខ្លួនទៅរស់នៅឯបរទេស។
ការលាលែងរបស់អ្នកទាំងប្រាំខាងលើ គឺស្រពពេលដែល ខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាច អនុម័ត កាលពីពេលថ្មីៗនេះ។ រហូតមកដល់ពេលនេះខ្លឹមសារនៃច្បាប់នេះ បានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ។ នៅពេល ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យចប់សព្វគ្រប់ ដោយមិនជំទាស់អ្វីនោះ រដ្ឋសភា ត្រូវបញ្ជូនខ្លឹមសារនៃច្បាប់ខាងលើ ទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាល នឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ .
មាត្រាថ្មីមួយចំនួន ត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ យោងតាមមាត្រាថ្មីទាំងនោះ ទណ្ឌិត មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធាននិងអនុប្រធានគណបក្ស នោះទេ។ ម្យ៉ាងទៀត ទណ្ឌិត ក៏មិនត្រូវអនុញ្ញាត ឲ្យធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឬគណៈកម្មាធិការនាយកនៃគណបក្សណាមួយដែរ។ លើសពីនេះ គណបក្សណាមួយដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ នឹងត្រូវរំលាយចោលតែម្តង។
មាត្រា១៨ បានសរសេរថា៖«ប្រធាននិងអនុប្រធាន នៃគណបក្សនយោបាយ និងសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបាត់បង់តួនាទី ក្នុងករណី ដែលសាមីខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។
ចំណែកមាត្រា៣៨ បានកំណត់ថា៖«ក្រសួងមហាផ្ទៃ អាចចាត់វិធនាការ ដោយប្តឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយណាមួយ ក្នុងករណីកំហុសមានលក្ខណធ្ងន់ធ្ងរ»។
រីឯមាត្រា៤៥ បានចែងថា៖«ក្នុងករណី ដែលគណបក្សនយោបាយ ត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល ៥ឆ្នាំ»។
ទំនងដោយសារតែឥទ្ធិពលនៃមាត្រាថ្មីក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះហើយ ទើបបណ្តាលឲ្យអ្នកទាំងប្រាំ ដែលកំពុងមានក្តីក្តាំនៅតុលាការ បង្ខំចិត្តលាលែងពីតំណែងរៀងៗខ្លួនដូច្នេះ។ យ៉ាងណា អ្នកទាំងប្រាំ បានបញ្ជាក់ដូចៗគ្នាថា ការចាកចេញរបស់ពួកគេ គឺដោយសារមូលហេតុផ្ទាល់ខ្លួន។
ក្រោយការលាលែងរបស់លោក សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ត្រូវបានសមាជវិសាមញ្ញ ដែលប្រារព្ធនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ។ រីឯលោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្ស៕
Tag:
CNRP
CPP
សម រង្ស៊ី
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com