អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព​ណា​តូ​៖ រុស្ស៊ី​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​អាមេរិក អាច​ចាត់ទុកជា​ការប្រកាសសង្គ្រាម​
04, Mar 2017 , 7:39 pm        
រូបភាព
 
 
​មេបញ្ជាការ​ជាន់ខ្ពស់​ស​ម្ព័​ន្ធ​យោធា​ណា​តូ ឧ​ត្ត​ម​សេនីយ៍ Adrian Bradshaw បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ឲ្យ​រុស្ស៊ី ដែល​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការចោទប្រកាន់ថា​បាន​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ។ មេបញ្ជាការ​រូបនេះ បាន​គំរាមថា សកម្មភាព​ក​កកូរកកាយ​ផ្ទៃក្នុង​អាមេរិក អាច​ត្រូវបាន​ចាត់ទុកជា​ការប្រកាស​សង្គ្រាម​បាន ព្រោះ​ការវាយប្រហារ​លើ​អាមេរិក ក៏​ជាការ​វាយប្រហារ​លើ​ណា​តូ ដែល​អាច​ត្រូវបាន​ឆ្លើយតប​ដោយ​យោធា​មិនខានឡើយ​។​

 
​រឿងរ៉ាវ​ការចោទប្រកាន់​លើ​រុស្ស៊ី​ថា​បាន​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​អ្នកនយោបាយ​នៅ​អាមេរិក​ឯណោះ កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​ឈានដល់​ការបើក​ការស៊ើបអង្កេត​មួយ​លើ​រឿងនេះ​។ ចំណែក​សម្ព័ន្ធ​យោធា​ណា​តូ​វិញ ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយបាន​និយាយ​ជា​ចំហ​ថា ការ​លូកដៃ​របស់​រុស្ស៊ី អាចជា​សកម្មភាព​ប្រកាសសង្គ្រាម​បាន និង​ព្រមាន​លទ្ធភាព​នៃ​ការប្រើប្រាស់​កងទ័ព​ទៀតផង​។​
 
​មេបញ្ជាការរង​កងក​ម្លាំ​ង​សម្ព័ន្ធមិត្ត​ប្រចាំ​អឺរ៉ុប លោក​ឧ​ត្ត​ម​សេនីយ៍ Adrian Bradshaw និយាយថា យុទ្ធនា​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ពេញ​ពិភពលោក​ពី​សំណាក់​ទីភ្នាក់ងារ​ព័ត៌មាន​ដូចជា Sputnik News និង Russia Today អាច​ត្រូវ​ចាត់បញ្ចូល​ក្នុង​និយមន័យ​សង្គ្រាម​របស់​ណា​តូ​បាន​។ លោក​ឧ​ត្ត​ម​សេនីយ៍​និយាយ​បែបនេះ ក្នុង​កិច្ច​សម្ភា​ជាមួយ​សារព័ត៌មាន The Times ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​ថ្ងៃទី​៤ ខែ​មិនា​។​
 
​បើ​យោងតាម​សន្ធិសញ្ញា​ណា​តូ ការវាយប្រហារ​លើស​មា​ជិ​កមួយ ឬ​ច្រើន​របស់​ណា​តូ គឺជា​ការវាយប្រហារ​លើ​សម្ព័ន្ធ​យោធា​នេះ​ទាំងមូល ដែល​សមាជិក​ទាំងអស់ ត្រូវ​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​គ្នា​ទៅវិញទៅមក​។ ជាមួយនឹង​ការអភិវឌ្ឍ​កាន់តែ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ផ្កាយរណប ក៏ត្រូវ​បាន​ណា​តូ​រួមបញ្ចូល​ជា​ប្រភេទ​នៃ​ការធ្វើ​សង្គ្រាម​ដូច​ការធ្វើ​សង្គ្រាម​ផ្លូវគោក អាកាស និង​ជើង​ទឹក​ដែរ​។​
 
​មេបញ្ជាការ​ជនជាតិ​អង់គ្លេស​ដដែល​នេះ បញ្ជាក់ថា វា​ជា​រឿង​ពិបាក​ណាស់​ដែល​សង្គ្រាម​ថ្ងៃ​អនាគត​មិន​រួមបញ្ចូល​សង្គ្រាម​អន​ឡាញ​នោះ​។ ដោយសារ​ការវិវត្ត​បែបនេះ លោក​ឧ​ត្ត​ម​សេនីយ៍ Bradshaw ក៏​បន្ថែមថា ណា​តូ ចាំបាច់​បង្វែរ​ការចាប់​អារម្មណ៍​របស់ខ្លួន សំដៅ​រក​ទីតាំង​ដែលមាន​សកម្មភាព​គំរាមកំហែង​ដើម្បី​ការពារ​ខ្លួន​។​
 
​ការលើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ Bradshaw ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​របស់​អាមេរិក កំពុង​ញាំញី​ដោយ​រឿងអាស្រូវ​ទាក់ទង​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាច្រើន​នាក់ កំពុង​រក​ការចោទប្រកាន់ថា​បាន​លួច​ទាក់ទង​ជាមួយ​មន្ត្រី​រុស្ស៊ី​។ លោក Michael Flynn អស់​តំ​ណែ​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ ដោយសារ​រឿងនេះ ហើយ​ថ្មីៗ​នេះ រដ្ឋមន្ត្រី​យុត្តិធម៌ និង​កូនប្រសា​រលោក ត្រាំ ផ្ទាល់ ក៏មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ដែរ​៕   
 
 
 
  
  

Tag:
 NATO
  រុស្ស៊ី​
  អាមេរិក​
  Adrian Bradshaw
© រក្សាសិទ្ធិដោយ thmeythmey.com