អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​មន្ត្រី​អាមេរិក​សរសើរ​ចំណាត់ការ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​អាស៊ាន​
05, Mar 2017 , 8:19 am        
រូបភាព
 
​មន្ត្រីជាន់ខ្ពស់​អាមេរិក​បានលើកឡើង​លទ្ធផល​វិជ្ជមាន​កើតមាន​ច្រើន​ពាក់ព័ន្ធ​ការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ឆ្លងដែន​នៅ​តំបន់​អាស៊ី​ក្នុង​រយៈពេល​ចុងក្រោយ​។ ប៉ុ​ន្តែ ថ្វីបើ​ដំណើរការ​នៃ​យុទ្ធនា​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ហុច​ផល​ល្អ​និង​មាន​ការវិវត្ត​ទៅមុខ​រហ័ស​ក៏ដោយ វា​នៅតែ​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ទៀត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ធានាថា ទីផ្សារងងឹត​សម្រាប់​ការជួញដូរ​សត្វព្រៃ​លែងមាន​ទៀត​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ថ្ងៃទី ៣​មីនា ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស Daniel Foote ប្រចាំ​ការិយាល័យ​ប្រឆាំង​ញៀន​អន្តរជាតិ​និង​អនុវត្ត​ច្បាប់​នៃ​ក្រសួងការបរទេស​អាមេរិក បាន​កត់សម្គាល់ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ប្រឹងប្រែង​សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន​ច្រើន​ក្នុងការ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ 
 
​លោក Daniel Foote បានលើកឡើង​ដូច្នេះ​ថា​៖« យើង​មើលឃើញ​ច្បាស់​ពី​ការវិវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ និន្នាការ​វិជ្ជមាន​ដ៏​ធំ​មួយ​គឺ​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន​ទទួលស្គាល់ថា ការជួញដូរ​សត្វព្រៃ​ឆ្លងដែន​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​»​។​
 
​ឆ្លើយតប​តប​សំណួរ​អ្នកសារព័ត៌មាន​ថ្មីៗ​ពាក់ព័ន្ធ​ការវិវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នោះ លោក Daniel Foote បាន​រៀបរាប់ថា ចំណុច​វិជ្ជមាន​ទាំងនោះ​មានដូចជា ចំណាត់ការ​របស់​វៀត​ណា​ម​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​, និង​ការប្រឹងប្រែង​របស់​មហា​យក្ស​ចិន​ក្នុងការ​បង្ក្រាប​ទីផ្សារងងឹត​ក្នុង​ទឹកដី​ខ្លួន ក៏ដូចជា​ការចូលរួម​យ៉ាង​សកម្មភាព​ផ្សព្វផ្សាយ​និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​របស់​ប្រទេស​អាស៊ាន​ដែរ​។ 
 
«​ចំណុច​មួយ គឺ​កាលពី​ថ្មីៗ​នេះ ចិន​បាន​បញ្ចេញ​កាលវិភាគ​មួយ​ជាក់លាក់​ក្នុង​ការបិទ​ឲ្យ​បាន​នូវ​ទីផ្សា​ភ្លុក​សត្វ​ដំរី​ក្នុងស្រុក​របស់ខ្លួន​។ បើសិនជា​ចិន​អាចធ្វើ​តាម​គោលនយោបាយ​របស់ខ្លួន​បាន វា​នឹងមាន​ផលប៉ះពាល់​លើ​ទីផ្សារ​ភ្លុក​ដំរី​ជាក់​ជាមិនខាន​។ ដូច្នេះ​វា​នឹងមិន​មានការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ទៀត​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Daniel Foote​។ 
 
​ចិន​ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ផ្សារ​ធំ​ផុត​សម្រាប់​ផលិតផល​សត្វព្រៃ​ខុសច្បាប់​នេះ ជាពិសេស​ភ្លុក​ដំរី និង​កុយ​សត្វ​រមាស​តែម្តង​។ ភ្លុក​ដំរី​និង​កុយរមាស​រាប់​តោន​ត្រូវបាន​គេ​នាំចូល​ទៅកាន់​ប្រទេស​ចិន​នេះ​ដោយសារ​វា​មានតម្លៃ​ការ​ខ្ពស់​និង​អាច​លក់បាន​តម្លៃ​ថ្លៃ​ផងដែរ​។ 
 
​លោក​បន្តថា​៖«​មួយទៀត គឺ​វៀតណាម​បានរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​សត្វព្រៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​ប្រទេស​នេះ​ក៏បាន​កម្ទេចចោល​ឃ្លាំង​ផ្ទុក​ភ្លុក​ដំរី​និង​កុយរមាស​ខុសច្បាប់​ច្រើន ២​តោន​ឯណោះ​។ ហើយ​មួយវិញទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ យើង​ក៏​ឃើញ​មាន​របាយការណ៍​ស្តីពី​ការ​រឹបអូស​ទំនិញ​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​តំបន់​រួមទាំង​នៅ​ប្រទេស​វៀតណាម​និង​កម្ពុជា​ផងដែរ​»​។​
 
​ស្រប​ពេលដែល​មានការ​លើកសរសើរ​ពី​ការវិវត្ត​យ៉ាង​រហ័ស​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុងការ​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ មន្ត្រីជាន់ខ្ពស់​ខាងលើ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា វា​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ​ទៀត​ដើម្បី​កាត់បន្ថយ​ការជួញដូរ​សត្វព្រៃ​នេះ​ឲ្យ​អស់​។ លោក​ផ្តល់​អនុសាសន៍​ថា បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ត្រូវ​បន្ត​ការប្រឹងប្រែង​របស់ខ្លួន​នេះ​ទៀត​ជាពិសេស​បង្កើន​ការផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​និង សមត្ថភាព​ក្នុងការ​អនុវត្ត​ច្បាប់​ជាដើម​។ 
 
«​មន្ត្រី​គយ​ត្រូវ​បន្តការងារ​របស់ខ្លួន​បានល្អ​ដោយ​កំណត់​មុខសញ្ញា​នៃ​ការដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​នៅតាម​កំពង់ផែ និង​តាម​ច្រកព្រំដែន ហើយ ការបន្ត​ការស៊ើបអង្កេត​, ចាប់ខ្លួន និង​កាត់ទោស​រាល់​ក្រុម​ឈ្មួញ​ដែល​នាំ​សត្វព្រៃ​ខុសច្បាប់​ទាំងនោះ​ឲ្យ​បាន​ក៏​ជា​អ្វីដែល​យើង​ត្រូវការ​ខ្លាំង​ដែរ​»៕
 
 
 
 

Tag:
 Daniel Foote
  ការជួញដូរ​សត្វព្រៃ​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com