អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ចេញ ព្រោះ​សំណុំរឿង​ឃាតកម្ម​បងប្រុស​គីម ជុង​អ៊ុន​
05, Mar 2017 , 10:04 am        
រូបភាព
 
​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានសម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក Kang Chol ចេញពី​ប្រទេស​របស់ខ្លួន​។ ការបណ្តេញចេញ​នេះ​ធ្វើឡើង​ដោយសារ​មន្ត្រី​ទូត​ខាងលើ​មិន​ព្រម​ចូលជួប​មន្ត្រី​ទូត​ម៉ាឡេស៊ី​តាម​ការកោះហៅ​មក​សាកសួរ​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​បងប្រុស​លោក គីម ជុង​អ៊ុន លោក Kim Jong Nam នោះ​។


​ចុងក្រោយ ម៉ាឡេស៊ី​បានសម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក Kang Chol ចេញពី​ប្រទេស​របស់ខ្លួន ក្រោយពេល​មន្ត្រី​ទូត​រូបនេះ​មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​តាម​ការកោះហៅ​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ី​នោះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួង​ការបទេស​ម៉ាឡេស៊ី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​ដាក់​លោក Kang Chol ជា​មនុស្ស​មិនគួរ​ទទួល​ស្វាគមន៍ ហើយ​ផ្តល់​ពេលវេលា​ឲ្យ​លោក ៤៨​ម៉ោង​ដើម្បី​រៀបចំខ្លួន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​កំណត់​ទូត​បណ្តេញចេញ​នេះ​ត្រូវបាន​ផ្ញើ​ទៅកាន់​ស្ថានទូត​រួចរាល់​ហើយ​ដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី Anifah Aman ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖« លោក Kang Chol មាន​ពេលវេលា ៤៨ ម៉ោង​ពោលគឺ​រាប់​ចាប់ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​សៅរ៍​ទី ៤​មីនា ដើម្បី​ចាកចេញ​ពី​ម៉ាឡេស៊ី​»​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ម៉ាឡេស៊ី​បាន​កោះហៅ​លោក Kang Chol ឲ្យ​មកជួប​ជាមួយ​អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​ទ្វេភាគី​នៃ​ក្រសួងការបរទេស​លោក Raja Nushirwan Zainal Abidin  នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​មិន​ព្រម​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ី​ឡើយ​។ ស្ថានទូត​កូរ៉េខាងជើង​មិន​បញ្ជូន​សូម្បីតែ​មន្ត្រី​តំណាង​លោក​ឯកអគ្គរដ្ឋទូត​ម​ក​បំភ្លឺ​តាម​ការស្នើសុំ​នេះ​។​
 
​តាមពិតទៅ រឿងរ៉ាវ​ដែល​នៅ​ពីក្រោយ​ការប្រឈមមុខគ្នា​ផ្នែ​ការទូត​រហូតដល់​ថ្នាក់​កោះហៅ​ទូត​ចូល​បំភ្លឺ​នេះ និង​បណ្តេញ​ទូត​ចេញ​នេះ​គឺពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក Kim Jong Nam កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​
 
​ម៉ាឡេស៊ី​ក្តៅស្លឹកត្រចៀក​ខ្លាំង​នៅពេលដែល​កូរ៉េខាងជើង​បន្ត​ចោទប្រកាន់​ខ្លួន​ថា ខ្លូន​នេះ​ចូល​ដៃ​ចូល​ជើង​ជាមួយ​កូរ៉េខាងជើង​ដើម្បី​បន្ទោស​កូរ៉េខាងជើង​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក Kim Jong Nam​។ ហើយ​កូរ៉េខាងជើង​នេះ​ទៀតសោត​ក៏បាន​ចាត់ទុក​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​ម៉ាឡេស៊ី​ជា​សកម្មភាព​ជំរុញ​ដោយ​នយោបាយ និង​មិនគួរ​ឲ្យ​ជឿទុកចិត្ត​ឡើយ​។ 
 
​មុន​ត្រូវគេ​បណ្តេញចេញ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ខាងលើ​បាន​អះអាង​ច្បាស់​ថា ក្រុង​ព្យុងយ៉ាង​មិន​ទទួលយក​លទ្ធផល​របា​យ​ការណ៍​ស៊ើបអង្កេត​របស់​ម៉ាឡេស៊ី​ជាដាច់ខាត​ព្រោះ​ការស៊ើបអង្កេត​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​មន្ត្រី​កូរ៉េខាងជើង​ឡើយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មន្ត្រី​រូបនេះ​ទាមទារ​ឲ្យ​ម៉ាឡេស៊ី​ផ្ទេរ​សាកសព​លោក Kim Jong Nam ទៅ​ស្ថានទូត​ខ្លួន​ទៀត​។​
 
​បើតាម​ក្រសួងការបរទេស​ម៉ាឡេស៊ី មុន​សម្រេច​កោះហៅ​ឲ្យ​មន្ត្រី​ទូត​នេះ​ចូល​បំភ្លឺ កាលពី​ថ្ងៃ​អង្គារ​ខ្លួន​បានទាមទារ​ឲ្យ​មាន​ការសុំ​អភ័យទោស​ពី​សំណាក់​ទូត​កូរ៉េខាងជើង​ដែរ​ចំពោះ​ការចោទប្រកាន់​នេះ​។ ប៉ុន្តែ​កូរ៉េខាងជើង​មិន​អើពើ​ឡើយ​។ ជិត​បួន​ថ្ងៃ​ទៅហើយ ដោយ​មិនមាន​ការឆ្លើយតប​ពី​កូរ៉េខាងជើង ម៉ាឡេស៊ី​ក៏​សម្រេច​ចាត់វិធានការ​ក្តៅ​តបត​កូរ៉េខាងជើង​តែម្តង​៕
 

Tag:
 Kang Chol
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
  Kim Jong Nam
© រក្សាសិទ្ធិដោយ thmeythmey.com