បទយកការណ៍ / បទសម្ភាសន៍
ជំនាញ​វិជ្ជាជីវៈ ជួយ​ឲ្យ​យុវជន​បោះបង់​ការសិក្សា​មួយចំនួន​តូច គេច​ផុតពី​ចំណាកស្រុក​
17, Apr 2017 , 2:59 pm        
រូបភាព
 
​សៀមរាប​៖  ជំនាញ​វិជ្ជាជីវៈ បាន​ក្លាយជា​ជម្រើស​ថ្មី សម្រាប់​យុវជន​ដែល​បោះបង់​ការសិក្សា​។ ពួកគេ រំពឹងថា​ជំនាញ​វិជ្ជាជីវៈ​នេះ នឹង​ជួយផ្តល់​ការងារ និង​អាជីព​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ ជំនាញ​វិជ្ជាជីវៈ​នេះ ក៏​ធ្វើ​យុវជន​មួយចំនួន​រួច​ផុតពី​ការធ្វើ​ចំណាកស្រុក​ដែរ​។​



​វិទ្យាស្ថាន​ពហុបច្ចេកទេស​វិជ្ជាជីវៈ​ភូមិភាគ​តេ​ជោ​សែន ក្នុង​ខេត្តសៀមរាប កំពុងផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាច្រើន​ផ្នែក​ដល់​យុវជន​ដែល​បោះបង់ចោល​ការសិក្សា​។ ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងនោះ មានដូចជា​ផ្នែក​បដិសណ្ឋារកិច្ច ការបង្រៀន​ធ្វើ​ម្ហូប អគ្គិសនី និង​ការ​កាត់ដេរ​សម្លៀកបំពាក់​ជាដើម​។ 
 
​នៅក្នុង​បន្ទប់​កាត់ដេរ​ទំហំ​ធំ​ល្មម ដែលមាន​សិស្ស ចំនួន​១៧​នាក់  កំពុង​រៀន​កាត់ដេរ មើលទៅ​ហាក់​មមាញឹក​ខ្លាំងណាស់​។ សិស្ស​ម្នាក់ៗ មិន​ទំនេរ​ដៃ​ឡើយ ដោយ​ខ្លះ​កំពុងតែ​ដេរអាវ​ដែល​ពួកគេ​កាត់​ជា​ពុម្ព​រួច អ្នក​ខ្លះទៀត​កំពុង​គូសវាស​ដើម្បី​កាត់​ក្រណាត់​ជា​រាង​អាវ អ្នកខ្លះ​កំពុង​អ៊ុត​ក្រណាត់ និង​ខ្លះ​កំពុង​រុះ​អំបោះ​ចេញពី​អាវ​ដែល​ពួកគេ​ដេរ​ខុស​វិញ​។ 
 
​កញ្ញា សរ ចន្ទ្រា ដែល​កំពុង​ដេរអាវ បានបញ្ជាក់​ថា​នាង​មក​រៀន​ជំនាញ​កាត់ដេរ​នៅទីនេះ រយៈពេល​៤​ខែ​ហើយ​។ មាន​វ័យ ១៨​ឆ្នាំ សរ ចន្ទ្រា បានមក​រៀន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​កាត់ដេរ ព្រោះ​នាង​យល់ថា​អាច​ផ្តល់​ជា​ប្រាក់ចំណូល​សម្រាប់​នាង​ទៅ​ថ្ងៃ​អនាគត​។ យុវតី​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧​រូបនេះ ដេរអាវ​បណ្តើរ និយាយ​បណ្តើរ​ទៀតថា​៖«​ខ្ញុំ​រៀន​កាត់ដេរ ខ្ញុំ​សង្ឃឹមថា​អាច​រកប្រាក់​បាន ព្រោះ​អាច​ប្រកបមុខរបរ​ដោយ​ខ្លួនឯង​»​។ 
  
 
​ដូចគ្នា​ដែរ កញ្ញា តៅ ជៀន ក៏​ជា​យុវតី​ម្នាក់​ដែល​បោះបង់ចោល​ការសិក្សា​កណ្តាល​ទី ហើយ​មក​រៀន​កាត់ដេរ នៅទីនេះ​ដែរ​។ យុវតី​រូបនេះ​វ័យ​១៨ ឆ្នាំ​រូបនេះ បញ្ជាក់ថា ជំនាញ​កាត់ដេរ​នេះ​ហាក់​ពិបាក​សម្រាប់​នាង ប៉ុន្តែ​នាង​មិន​រាថយ​ឡើយ ដោយ​ប្តេជ្ញា​ថា ខ្លួន​នឹង​ខំប្រឹង​រៀន ដើម្បី​មាន​ជំនាញ​ពិតប្រាកដ​មួយ ដែល​រក​ចំណូល​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុង​យ៉ាប់យឺន​នោះ​។​
 
​មិនមែន​មានតែ​សិស្សស្រី​ទេ ដែល​រៀន​ជំនាញ​កាត់ដេរ​សំលៀកបំពាក់​ស្ត្រី​នេះ យុវជន សល់ ឃុន​ដេ​ត កំពុង​រៀន​នៅ​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​នេះដែរ​។ យុវជន ឃុន​ដេ​ត ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦ បញ្ជាក់ថា រូបគេ​មក​រៀន​ជំនាញ​កាត់ដេរ​នេះ ព្រោះ​មានចំណេះ​ជំនាញ​មួយ ដែល​ផ្តល់​ចំណូល​ឲ្យ​គេ​ផ្គត់ផ្គង់​ជីវភាព​របស់​គ្រួសារ​ដែល​ខ្វះខាត ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​។


យុវជន​វ័យ​១៦​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារ​ជីវភាព​ក្រីក្រ​លំបាក ខ្ញុំ​បាន​ឈប់រៀន​។ ខ្ញុំ​ចង់បាន​ជំនាញ​ផ្ទាល់ខ្លួន មួយ អត់​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ទេ​»​។​
​អ្នកគ្រូ ថាប់ សុភ​ក្រ័ ជា​គ្រូបង្រៀន​ផ្នែក​កាត់ដេរ​នេះ​។ សម្រាប់​អ្នកគ្រូ សុ​ភ័​ក្រ មើលទៅ​មិន​ហត់នឿយ​សោះឡើយ ទោះ​ត្រូវ​គ្រប់គ្រង​ការរៀន​របស់​សិស្ស​ដល់​ទៅ​១៧​នាក់​ក្នុងពេល​
តែមួយ​ក៏ដោយ​។ រៀន​បណ្តើរ អនុវត្តន៍​បណ្តើរ ធ្វើ​ឲ្យ​សិស្ស​ងាយ​ចងចាំ ឆាប់​ចេះ​ចាប់បាន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកគ្រូ សុ​ភ័​ក្រ​។ ចេញពី​បង្ហាត់បង្ហាញ​សិស្ស​ម្នាក់ ទៅ​សិស្ស​ម្នាក់ទៀត​អ្នកគ្រូ សុភ​ក្រ័ បញ្ជាក់ថា​ដូច្នេះ​ថា​៖« សិស្ស​ទាំងអស់ មិនមាន​ផល​ពិបាក​ឡើយ ព្រោះ​សិក្សា​ពី​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​តែម្ដង ជាពិសេស ការ​កាត់​ក្រណាត់ សម្រាប់​ដេរ សិស្ស​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ខុស​»​។​
 
​ធ្លាប់​បណ្តុះបណ្តាល​សិស្ស​ជាច្រើន​នាក់ កាលពី​វគ្គ​សិក្សា​មុនៗ​ឲ្យ​មាន​ជំនាញ​កាត់ដេរ​រួម​មកហើយ​នោះ  អ្នកគ្រូ ថាប់ សុភ​ក្រ័ បានបង្ហាញ​សុ​ដ្ឋិ​និយម​ដែរ​ថា សិស្ស​ដែល​មក​ទទួល​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​កាត់ដេរ​នេះ ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ និង​អាច​ប្រកប​របរ​ដោយ​ខ្លួនឯងបាន​ទៅ​ថ្ងៃមុខ​៕ 









Tag:
 បទ​យកការណ៍​
  ជំនាញ​វិជ្ជាជីវៈ​
  កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com