បទយកការណ៍ / បទសម្ភាសន៍
តូចចិត្តនិងកូនដែលមិនចង់ជូនខ្លួនទៅវត្ត លោកតាវ័យ៩៦ឆ្នាំម្នាក់ ច្នៃម៉ូតូកង់៤ជិះខ្លួនឯង
×
ភ្នំពេញ៖ លោកតា អឿ ជុំ ហៅ ស្វាយ គឺជាអ្នកជំនាញផ្នែកម៉ាស៊ីនរថយន្តក្នុងសម័យសង្គមរាស្ត្រនិយម។ ក្នុងវ័យ៩៦ឆ្នាំ លោកតាស្វាយ បានកែច្នៃម៉ាស៊ីនទោចក្រយាន(ម៉ូតូ) ឲ្យក្លាយជាម៉ូតូកង់ បួនដែលមានរូបរាងដូចរថយន្ត គ្រាន់តែមានទំហំតូចប៉ុណ្ណោះ។ ម៉ូតូកង់៤នេះ គឺជាសមិទ្ធផលលើកដំបូងរបស់លោកតា ដើម្បីនាំលោកតាទៅគ្រប់ទីកន្លែង។ មូលហេតុដែលនាំឲ្យលោកតាកែច្នៃម៉ូតូកង់៤នេះ គឺលោកតាអន់ចិត្តជាមួយកូនរបស់ខ្លួន ដែលមិនចង់ជូនលោកតាទៅវត្តកន្លងមក។
សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោកតា អឿ ជុំ តាមរយៈការសម្ភាសរបស់ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ៖
លោកតា អឿ ជុំ ហៅ ស្វាយ ចំណាយពេល១ខែ ដើម្បីស្វែងរកគ្រឿងប្រដាប់ មកតំឡើងម៉ូតូកង់បួននេះ។ ម៉ូតូរបស់លោកតា មានលក្ខណៈប្លែកពីទោចក្រយានធម្មតា ដែលតែងមានកង់ចំនួន២ ម៉ូតូរបស់លោកតា គឺមានកង់ចំនួន៤។ ខុសពីម៉ូតូធម្មតា ទោចក្រយានរបស់លោកតា ត្រូវបានច្នៃដោយមានដំបូល និងលក្ខណៈស្រដៀងរថយន្ត(ឡាន) ដូច្នេះដែរ។
លោកតា អឿ ជុំ មានប្រសាសន៍ថា៖«ខ្ញុំតិចទៅបុណ្យនេះ តិចទៅធ្វើបុណ្យនោះ ហើយកូនខ្ញុំនិយាយថា ប៉ាៗ បើខ្ញុំក្រ ប៉ាឯងកុំបន្ទោសខ្ញុំណា ព្រោះខ្ញុំរវល់ជូនប៉ាឯងទៅបុណ្យទៅទាន»។ នេះគឺជាអារម្មណ៍តូចចិត្តរបស់លោកតាស្វាយ ចំពោះសម្តីរបស់កូនដែលរារែកជូនគាត់ទៅកម្មវិធីបុណ្យនានា។ ការតូចចិត្តនេះហើយ បានជំរុញឲ្យលោកតាកែច្នៃម៉ាស៊ីនម៉ូតូកង់ពីរ ឲ្យក្លាយជាម៉ូតូកង់៤ ដើម្បីជិះទៅកម្មវិធីបុណ្យ និងទៅវត្តជាប្រចាំ ពីព្រោះ លោកតាមិនអាចជិះម៉ូតូកង់ពីរ និងបើកឡានដោយខ្លួនឯងបាន។
មានស្រុកកំណើតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកតាស្វាយ ដែលបច្ចុប្បន្នកំពុងរស់នៅរាជធានីភ្នំពេញ បានរៀបរាប់ថា ម៉ូតូនេះ គឺចំណាយពេល១ខែ និងទឹកប្រាក់អស់៨០០ដុល្លារ។ លោកតាបានស្វែងរកឧបករណ៍ និងប្រដាប់ប្រដារ ដើម្បីយកទៅឲ្យជាងធ្វើ ក្រោមការបង្គាប់ និងបង្ហាញរបស់លោកតា ដែលជាអតីតអ្នកជំនាញផ្នែកម៉ាស៊ីនរថយន្តនៅសម័យសង្គមរាស្ត្រនិយម។ រយៈពេល៦ខែហើយ ដែលម៉ូតូកង់៤បួនជាស្នាដៃលើកដំបូងរបស់លោកតា បានធ្វើចរាចរណ៍នៅលើដងផ្លូវ ដោយមានក្រសែភ្នែកអ្នកដំណើរជាច្រើនក្រឡេកមើលនោះ។
កំពុងឈរក្បែរម៉ូតូច្នៃរបស់ខ្លួន នៅកន្លែងជាងជុសជុលម៉ូតូក្បែរផ្សារហេងលីក្នុងរាជធានីភ្នំពេញ លោកតាអឿ ជុំ បានប្រាប់សារព័ត៌មានថ្មីៗថា ម៉ូតូច្នៃនេះ បើមាននរណាចង់ទិញ លោកតាលក់ក្នុងតម្លៃ១០០០ដុល្លារ ពីព្រោះ លោកតាចង់ច្នៃម៉ូតូប្រភេទនេះបន្តទៀត។ លោកនិយាយយ៉ាងដូច្នេះ៖ «បើខ្ញុំអត់ធ្វើការ ចេះតែឈឺណាស់ តែបើមានអីធ្វើកំប៉ិចកំប៉ុក អត់អីវិញ ខ្ញុំមនុស្សសាច់កម្ម»៕
© រក្សាសិទ្ធិដោយ thmeythmey.com