អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេស​អាស៊ាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​យោធា​ដើម្បី​រក្សា​សន្តិសុខ​
05, Mar 2017 , 9:19 pm        
រូបភាព
 
​បណ្តា​ប្រទេស​សមាជិក​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​ប្រទេស​ជា​ដៃគូ ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បួ​ក (ADMM Plus) ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃ ២​ដល់​ថ្ងៃ ៣​មីនា​នៅ​ហ្វីលីពីន​។​


​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក (ADMM Plus) ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​ជា​ដៃគូ​ទាំងអស់​បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។  
 
​សារព័ត៌មាន Sputnik  ក្រសួងការពារជាតិ​រុស្ស៊ី​បានបញ្ជាក់​ដូច្នេះ​៖«​ប្រតិភូ​ទាំងអស់​បានទទួល​ស្គាល់​ពី​ប្រយោជន៍​របស់​ប្រទេស​ជា​សមាជិក​ដែល​ត្រូវបាន​ត្រូវមាន​ការបង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ក្រុមការងារ​ពាក់ព័ន្ធ​ក្រោម​ក្របខណ្ឌ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​។ ការឯកភាព​គ្នា​បែបនេះ​ក៏​ដោយសារ​សមាជិក​ទាំង​អស់​យល់ឃើញថា វា​ជាការ​ពង្រឹងសមត្ថភាព​ដើម្បី​រក្សា​សន្តិសុខ និង ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​»​។​
 
​ការកើនឡើង​នូវ​បញ្ហា​សន្តិសុខ​ដូចជា​បទឧក្រិដ្ឋ​ឆ្លងដែន និង​ភេរវកម្ម បាន​ក្លាយជា​ចំណុច​ស្នូល​ដែល​សមាជិក​អាស៊ាន​និង​ប្រទេស​ជា​ដៃគូ​ផ្តោត​ការយកចិត្តទុកដាក់​។ ដូច្នេះហើយ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ផង និង​ដើម្បី​ពង្រឹងសមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នេះ​។​
 
​ក្រៅពី​ជជែក​ពិភាក្សាគ្នា​ពី​ការ​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ប្រទេស​អាស៊ាន និង​ដៃគូ​ក៏បាន​ពិចារណា​ទទួលយក​គម្រោង បង្កើត​ក្រុមការងារ​នៃ​កិច្ចប្រជុំ​មន្ត្រី​ការពារ​ជាន់ខ្ពស់​អាស៊ាន​សម្រាប់​ឆ្នាំ ២០១៧ ដល់ ២០២០​ថែម​ទៀតផង​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​នេះ រុស្ស​និង​ឡាវ បានបង្ហាញ​ពី​ផែនការ​ក្នុងការ​រៀបចំ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដោយ​ផ្តោតលើ​ការដោះមីន​។ ហើយ​ការហ្វឹកហ្វឺន​ផ្នែក​យោធា​នេះ​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទឹកដី​រុស្ស៊ី ហើយ​កាលបរិច្ឆេទ​នៃ​ការរៀបចំ​អាច​នឹង​ស្ថិតនៅ​ឆ្នាំ ២០១៩​ឯណោះ​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​ត្រូវបាន​ដាក់ចេញ​ដំបូង​បំផុត​នៅ​ឆ្នាំ ២០១០ ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​ទាំងអស់​បាន​ឯកភាពគ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ចំនួន ៥ ក្រោម​ក្របខណ្ឌ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​នេះ​។ វិស័យ​ទាំងនោះ​មានដូចជា សន្តិសុខ​សមុទ្រ​, ប្រឆាំង​ភេរវកម្ម​, ផ្តល់ជំនួយ​មនុស្សធម៌​និង​សង្គ្រោះ​, ប្រតិបត្តិ​ការរក្សា​សន្តិភាព​, និង​វេជ្ជសាស្ត្រ​យោធា​៕

Tag:
 ADMM Plus
  រុស្ស៊ី​
  អាស៊ី​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com