ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល កំពុងបើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​
06, Mar 2017 , 9:52 am        
រូបភាព
តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា​នេះ កំពុងបើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប មួយរូប​។



លោក សំ សុគង់ មេធាវីមួយរូប ក្នុងចំណោម​មេធាវីទាំង៥រូប ដែល​រួម​គ្នា​ការពារក្តី ឲ្យមន្ត្រីអាដហុក និងមន្រ្តី គ.ជ.ប ធ្លាប់បញ្ជាក់ថា បណ្តឹង​សារទុក្ខនេះ គឺដើម្បីប្រឆាំងនឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែល​ពន្យារពេល​ឃុំខ្លួនកូនក្តីរបស់ខ្លួន ចំនួន៥ខែបន្ថែមទៀត។ កន្លងមកក្រុមមេធាវី បានប្តឹងជំទាស់ទៅកាន់​សាលាឧទ្ធរណ៍ម្តងរួចហើយ ប៉ុន្តែបរាជ័យ ទើបក្រុមមេធាវី បន្តប្តឹងទៅ​តុលាការ​កំពូល។

លោកមេធាវី សំ សុគង់ ពន្យល់ថា ជានីតិវិធី ជនសង្ស័យ ឬជនត្រូវចោទ អាចត្រូវឃុំខ្លួន​ យ៉ាង​យូរ៦ខែ។ ក្នុងរយៈពេល​៦ខែនេះ ចៅក្រម​ស៊ើបសួរ ត្រូវសម្រេច​ថាតើ​ត្រូវដោះលែងជនត្រូវចោទ ឬក៏បញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជម្រះ។ ប៉ុន្តែករណី មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប ចៅក្រមស៊ើបសួរ បាន​ឃុំខ្លួនរហូតដល់ទៅជាង១០ខែ។ 

​សូមបញ្ជាក់ថា សវនាការ​នេះ បាន​ខកខាន​ម្តង​ហើយ​កាលពី​សប្តាហ៍​មុន ដោយសារតែ​បញ្ហា​បច្ចេកទេស ពោលគឺ មន្ត្រី​ពន្ធនាគារ​មិន​បានទទួល​ដីកាកោះ ហើយក៏​មិនបាន​នាំ​អ្នក​ទាំង​៥ មកកាន់​តុលាការ​កំពូល​ដែរ​។

​មន្ត្រី​អាដហុក​ទាំង​៤​រូប រួ​មាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី  និង​មន្ត្រី​គ​.​ជ​.​ប លោក នី ចរិយា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «​សូកប៉ាន់​ស​ក្សី​» និង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការរកឃើញរ​បស់​តុលាការ អ្នក​ទាំង​៥ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា បច្ចុប្បន្នជាប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕


Tag:
 អាដហុក​
 ​ គ​.​ជ​.​ប​
  ​តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com