ជាតិ
នយោបាយជាតិ
តុលាការកំពូល កំពុងបើកសវនាការលើបណ្តឹងសារទុក្ខ សំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប
× តុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែមីនានេះ កំពុងបើកសវនាការលើបណ្តឹងសារទុក្ខរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យមន្ត្រីអាដហុកទាំង៤រូប និងមន្ត្រីគ.ជ.ប មួយរូប។
លោក សំ សុគង់ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តី ឲ្យមន្ត្រីអាដហុក និងមន្រ្តី គ.ជ.ប ធ្លាប់បញ្ជាក់ថា បណ្តឹងសារទុក្ខនេះ គឺដើម្បីប្រឆាំងនឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលពន្យារពេលឃុំខ្លួនកូនក្តីរបស់ខ្លួន ចំនួន៥ខែបន្ថែមទៀត។ កន្លងមកក្រុមមេធាវី បានប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ម្តងរួចហើយ ប៉ុន្តែបរាជ័យ ទើបក្រុមមេធាវី បន្តប្តឹងទៅតុលាការកំពូល។
លោកមេធាវី សំ សុគង់ ពន្យល់ថា ជានីតិវិធី ជនសង្ស័យ ឬជនត្រូវចោទ អាចត្រូវឃុំខ្លួន យ៉ាងយូរ៦ខែ។ ក្នុងរយៈពេល៦ខែនេះ ចៅក្រមស៊ើបសួរ ត្រូវសម្រេចថាតើត្រូវដោះលែងជនត្រូវចោទ ឬក៏បញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជម្រះ។ ប៉ុន្តែករណី មន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប ចៅក្រមស៊ើបសួរ បានឃុំខ្លួនរហូតដល់ទៅជាង១០ខែ។
សូមបញ្ជាក់ថា សវនាការនេះ បានខកខានម្តងហើយកាលពីសប្តាហ៍មុន ដោយសារតែបញ្ហាបច្ចេកទេស ពោលគឺ មន្ត្រីពន្ធនាគារមិនបានទទួលដីកាកោះ ហើយក៏មិនបាននាំអ្នកទាំង៥ មកកាន់តុលាការកំពូលដែរ។
មន្ត្រីអាដហុកទាំង៤រូប រួមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងមន្ត្រីគ.ជ.ប លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ យកទៅឃុំខ្លួនបណ្តោះអាសន្ន កាលពីដើមខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទ «សូកប៉ាន់សក្សី» និងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ បើតាមការរកឃើញរបស់តុលាការ អ្នកទាំង៥ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ៕
Tag:
អាដហុក
គ.ជ.ប
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com