ជាតិ
«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»! CNRP ថា នេះជាសារលើកទឹកចិត្តមេឃុំទាំងអស់
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានការពារសារនយោបាយ «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» ថាមិនខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ នៅតែយល់ថាសារនយោបាយនេះ អាចលើកទឹកចិត្តមន្ត្រីនៅថ្នាក់មូលដ្ឋាន ឲ្យខិតខំបំពេញការងារដើម្បីប្រជាពលរដ្ឋ។ យ៉ាងណា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយខាងលើ គឺខុសពីគោលការណ៍ច្បាប់ ហើយទាមទារឲ្យគណបក្សសង្គ្រោះជាតិ កែសម្រួលខ្លឹមសារជាបន្ទាន់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនបានផ្តល់ចម្លើយថា គណបក្សសង្គ្រោះជាតិ នឹងពិចារណាកែប្រែ ឬមិនកែប្រែនោះទេចំពោះសារនយោបាយ ដែលបានលើកឡើងថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏មិនបានបង្ហាញការយល់ឃើញរបស់លោកដែរ ថាហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា ស្នើឲ្យគណបក្សសង្គ្រោះជាតិ កែប្រែសារនយោបាយនេះ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ គ្រាន់តែបញ្ជាក់ថា សារនយោបាយ ដែលមានលក្ខណជាពាក្យស្លោកខាងលើ គឺមិនខុសច្បាប់អ្វីឡើយ។ ផ្ទុយទៅវិញ លោក បានពន្យល់ថា សារនយោបាយនេះ គឺមានអត្ថន័យល្អ ដែលអាចលើកទឹកចិត្តមេឃុំ ឬចៅសង្កាត់ មកពីគ្រប់គណបក្ស ឲ្យខិតខំបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។
លោក សង្កត់ធ្ងន់ៗដូច្នេះថា៖«ខ្ញុំ មិនចង់ធ្វើអត្ថាធិប្បាយអ្វីច្រើនទេ តែខ្ញុំ គ្រាន់តែសូមបកស្រាយថា ពាក្យសោ្លកហ្នឹង មិនមែនសំដៅតែទៅលើគណបក្សណានោះទេ គឺសម្រាប់គ្រប់គណបក្ស។ ហើយពាក្យហ្នឹង មិនមែនជារឿងថ្មីទេ គឺមានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ វា ជារឿងល្អទេ ហើយអាចលើកទឹកចិត្តមេឃុំទាំងអស់ ឲ្យធ្វើការបម្រើរាស្ត្រ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការស្នើឲ្យកែប្រែនេះ គឺមិនមែនដោយសារតែព្រួយបារម្ភនឹងប្រជាប្រិយភាពនៃសារនយោបាយរបស់គណបក្សសង្គ្រោះជាតិខាងលើ នោះទេ។ តែលោក បញ្ជាក់ថា សារនយោបាយនេះ គឺផ្ទុយពីគោលការណ៍ច្បាប់ ទើបគណបក្សប្រជាជនកម្ពុជា ស្នើឲ្យកែប្រែដូច្នេះ។
លើសពីនេះ លោក សុខ ឥសាន យល់ថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់មេឃុំ ឬចៅសង្កាត់ រួមទាំងមន្ត្រីនៅតាមមូលដ្ឋាន ដែលប្រឹងប្រែងបម្រើប្រជាពលរដ្ឋអស់រយៈពេលជាច្រើនទសវត្សកន្លងមក។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«មេឃុំបក្សណា ក៏ត្រូវតែបម្រើរាស្ត្រដែរ។ ឲ្យតែជាប់ជាមេឃុំ គឺបម្រើរាស្ត្រតែទាំងអស់គ្នាហ្នឹង លែងជាមេឃុំបក្សអ្វីទៀតហើយ។ អ៊ីចឹងពាក្យស្លោកហ្នឹង បានរំលោភសីលធម៌ និងសច្ចធម៌ ហើយក៏បានប្រមាថមេឃុំដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្នើឲ្យគណបក្សសង្គ្រោះជាតិ កែប្រែខ្លឹមសារនៃពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិខាងលើ។ សេចក្តីថ្លែងការណ៍នោះ បានសរសេរថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ មានលក្ខណៈញុះញង់ បង្កហេតុ និងប្រមាថមន្ត្រីឃុំ-សង្កាត់ទូទាំងប្រទេស។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បក្សកាន់អំណាច បានព្រមានប្តឹងបក្សប្រឆាំងទៅតុលាការ ប្រសិនបើសារនយោបាយខាងលើ នៅតែមិនត្រូវបានកែសម្រួលខ្លឹមសារ។ ការចេញសេក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សកាន់អំណាច បានលើកឡើងថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ គឺជាការបង្អាប់ និងការវាយប្រហារដល់អ្នកដទៃ។
ពាក្យស្លោកនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដាក់ចេញជាផ្លូវការនៅក្នុងអង្គសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីឃោសនាក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ នៅក្នុងអង្គសមាជវិសាមញ្ញនោះ ឯកឧត្តម កឹម សុខា ដែលត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យអ្នកចូលរួមទាំងអស់ស្រែកតាមលោកថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។
ជាពិសេសនោះ ពាក្យស្លោកនេះ ក៏ត្រូវបានបិទនៅមុខទីស្នាក់គណបក្សសង្គ្រោះជាតិ ផងដែរ។ ក្រោយមក អ្នកគាំទ្របក្សប្រឆាំង បានបង្ហោះពាក្យស្លោកខាងលើយ៉ាងព្រោងព្រាត នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕
© រក្សាសិទ្ធិដោយ thmeythmey.com