ជាតិ
«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»! CNRP ថា នេះ​ជា​សារ​លើកទឹកចិត្ត​មេឃុំ​ទាំងអស់​
07, Mar 2017 , 4:10 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានការ​ពារ​សារ​នយោបាយ «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​» ថា​មិន​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យល់ថា​សារ​នយោបាយ​នេះ អាច​លើកទឹកចិត្ត​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន ឲ្យ​ខិតខំ​បំពេញការងារ​ដើម្បី​ប្រជាពលរដ្ឋ​។ យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា សារ​នយោបាយ​ខាងលើ គឺ​ខុសពី​គោលការណ៍​ច្បាប់ ហើយ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែសម្រួល​ខ្លឹមសារ​ជាបន្ទាន់​។

 


​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ផ្តល់​ចម្លើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​កែប្រែ ឬ​មិន​កែប្រែ​នោះទេ​ចំពោះ​សារ​នយោបាយ ដែល​បាន​លើកឡើងថា «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏​មិនបាន​បង្ហាញ​ការយល់ឃើញ​របស់លោក​ដែរ ថា​ហេតុអ្វី​បានជា​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែប្រែ​សារ​នយោបាយ​នេះ​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ គ្រាន់តែ​បញ្ជាក់ថា សារ​នយោបាយ ដែលមាន​លក្ខណ​ជា​ពាក្យស្លោក​ខាងលើ គឺ​មិន​ខុសច្បាប់​អ្វី​ឡើយ​។ ផ្ទុយទៅវិញ លោក បាន​ពន្យល់ថា សារ​នយោបាយ​នេះ គឺមាន​អត្ថន័យ​ល្អ ដែល​អាច​លើកទឹកចិត្ត​មេឃុំ ឬ​ចៅសង្កាត់ មកពី​គ្រប់​គណបក្ស ឲ្យ​ខិតខំ​បំពេញការងារ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​។

​លោក សង្កត់ធ្ងន់ៗ​ដូច្នេះ​ថា​៖«​ខ្ញុំ មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ តែ​ខ្ញុំ គ្រាន់តែ​សូម​បកស្រាយ​ថា ពាក្យ​សោ្ល​ក​ហ្នឹង មិនមែន​សំដៅ​តែ​ទៅលើ​គណបក្ស​ណា​នោះទេ គឺ​សម្រាប់​គ្រប់​គណបក្ស​។ ហើយ​ពាក្យ​ហ្នឹង មិនមែនជា​រឿង​ថ្មី​ទេ គឺមាន​តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។ វា ជា​រឿង​ល្អ​ទេ ហើយ​អាច​លើកទឹកចិត្ត​មេឃុំ​ទាំងអស់ ឲ្យ​ធ្វើ​ការបម្រើ​រាស្ត្រ​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ការស្នើ​ឲ្យ​កែប្រែ​នេះ គឺ​មិនមែន​ដោយសារតែ​ព្រួយបារម្ភ​នឹង​ប្រជាប្រិយភាព​នៃ​សារ​នយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ខាងលើ នោះទេ​។ តែ​លោក បញ្ជាក់ថា សារ​នយោបាយ​នេះ គឺ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ទើប​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​កែប្រែ​ដូច្នេះ​។

​លើសពីនេះ លោក សុខ ឥសាន យល់ថា ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​មេឃុំ ឬ​ចៅសង្កាត់ រួមទាំង​មន្ត្រី​នៅតាម​មូលដ្ឋាន ដែល​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​កន្លងមក​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​មេឃុំ​បក្ស​ណា ក៏​ត្រូវតែ​បម្រើ​រាស្ត្រ​ដែរ​។ ឲ្យ​តែ​ជាប់​ជា​មេឃុំ គឺ​បម្រើ​រាស្ត្រ​តែ​ទាំងអស់គ្នា​ហ្នឹង លែង​ជា​មេឃុំ​បក្ស​អ្វី​ទៀតហើយ​។ អ៊ីចឹង​ពាក្យស្លោក​ហ្នឹង បាន​រំលោភ​សីលធម៌ និង​សច្ចធម៌ ហើយ​ក៏បាន​ប្រមាថ​មេឃុំ​ដែរ​»​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ទាំងយប់ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែប្រែ​ខ្លឹមសារ​នៃ​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​។ សេចក្តីថ្លែងការណ៍​នោះ បានសរសេរថា ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ញុះញង់ បង្កហេតុ និង​ប្រមាថ​មន្ត្រីឃុំ​-​សង្កាត់​ទូទាំងប្រទេស​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បក្ស​កាន់អំណាច បាន​ព្រមាន​ប្តឹង​បក្សប្រឆាំង​ទៅ​តុលាការ ប្រសិនបើ​សារ​នយោបាយ​ខាងលើ នៅតែ​មិន​ត្រូវបាន​កែសម្រួល​ខ្លឹមសារ​។ ការចេញ​សេ​ក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់អំណាច បាន​លើកឡើងថា ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​បង្អាប់ និង​ការវាយប្រហារ​ដល់​អ្នក​ដទៃ​។

​ពាក្យស្លោក​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ចេញ​ជា​ផ្លូវការ​នៅក្នុង​អង្គសមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ឃោសនា​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។ នៅក្នុង​អង្គសមាជ​វិសាមញ្ញ​នោះ ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ស្រែក​តាម​លោក​ថា «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។

​ជាពិសេស​នោះ ពាក្យស្លោក​នេះ ក៏ត្រូវ​បាន​បិទ​នៅមុខ​ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។ ក្រោយមក អ្នកគាំទ្រ​បក្សប្រឆាំង បាន​បង្ហោះ​ពាក្យស្លោក​ខាងលើ​យ៉ាង​ព្រោងព្រាត នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕


Tag:
 CNRP
  CPP
  សារ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com