យុវជន​ឥណ្ឌា​ស្រេក​ឃ្លាន​សន្តិភាព ជិះ​កង់​កាត់​កម្ពុជា និង​៤៩​ប្រទេស​ផ្សេងទៀត

Interview EN-FR
ជាតិ
សង្គមជាតិ
យុវជន​ឥណ្ឌា​ស្រេក​ឃ្លាន​សន្តិភាព ជិះ​កង់​កាត់​កម្ពុជា និង​៤៩​ប្រទេស​ផ្សេងទៀត
07, Mar 2017 , 7:19 pm         2773
រូបភាព
​ភ្នំពេញ​៖ យុវជន​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​ដែល​ចង់​ឲ្យ​ពិភពលោក​បង្កើត​សន្តិភាព និង​បង្កើត​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន បានសម្រេច​ចិត្ត​ជិះ​កង់​ឆ្លងកាត់​ឲ្យ​បាន​៥០​ប្រទេស​ដើម្បី​សាបព្រោះ​វប្បធម៌​សន្តិភាព និង​មិត្តភាព​។ គិត​ត្រឹម​ខែ​មិនា​នេះ អ្នកជិះ​កង់​ទាំងពីរ​នាក់​នេះ ចេញពី​ប្រទេស​ឥណ្ឌា​ឆ្លងកាត់​ប្រទេស​ថៃ មកដល់​ប្រទេស​កម្ពុជា គ្រោង​ធ្វើដំណើរ​បន្តទៅ​កាន់​ប្រទេស​វៀតណាម និង​បន្តដំណើរ​ទៅមុខទៀត​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​យុវជន​ឥណ្ឌា​ពីរ​នាក់ គឺ​លោក Nitin Sonawane និង លោក Hapse Ajay  ដូចតទៅ​៖


​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស​




​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ លោក Mohandas Gandhi ជនជាតិ​ឥណ្ឌា​មាន​អាយុ​១៥០​ឆ្នាំ បើ​គិត​ចាប់តាំងពី​ថ្ងៃ​លោក​កើតមក​។ លោក​មានកំណើត​នៅ​ឆ្នាំ​១៨៦៩ និង​បាន​បាត់បង់​ជីវិត​ទៅវិញ​នៅ​ឆ្នាំ​១៩៤៨​។

​លោក Nitin Sonawane និង លោក Hapse Ajay  គឺជា​យុវជន​ពីរ​នាក់​ដែល​គ្រោង​សាបព្រោះ​គំនិត​លោក Mohandas Gandhi តាមរយៈ​ការ​ជិះ​កង់​ឆ្លងកាត់​៥០​ប្រទេស​ក្នុង​គម្រោង​រយៈពេល​៣​ឆ្នាំ​។ លោក​ទាំងពីរ​នាក់​ទើប​ចេញដំណើរ​ពី​ប្រទេស​ឥណ្ឌា ឆ្លងកាត់​ប្រទេស​ថៃ និង​មកដល់​ប្រទេស​កម្ពុជា ទី​ដែល​លោក​ត្រូវបាន​សារព័ត៌មាន​ថ្មីៗ​ជួប​សម្ភាស​។



​នៅក្នុង​ប្រទេស​នីមួយៗ​យុវជន​ឥណ្ឌា​ស្នាក់​នៅតាម​វត្ត​អារាម និង​ជួប​សមាគម ឬ​បុគ្គល​នានា​ដែលមាន​សកម្មភាព​ទាក់ទង​ទៅនឹង​ប្រធានបទ​សន្តិភាព​។ ពួកគេ​ជិះ​កង់ ហើយ​មិនត្រូវ​ការចំណាយ​ច្រើន​ឡើយ​។ ជួនកាល​នៅតាម​ដងផ្លូវ ពួកគេ​ទទួលបាន​អំណោយ​ពី​ពលរដ្ឋ​ក្នុងប្រទេស​នីមួយៗ​។ ក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ លោក​ទាំងពីរ​ទទួលបាន​ថវិកា​ពី​សមាគម​ខ្លះ និង​ថវិកា​ពី​សប្បុរស​ជនតា​មដង​ផ្លូវ​ខ្លះ​។

​បេសកកម្ម​របស់​ពួកគេ គឺ​សាបព្រោះ គំនិត «​សន្តិភាព​» និង​«​មិត្តភាព​»​របស់លោក Mohandas Gandhi​។ លោក​និយាយថា​៖«​បើ​គ្មាន​សន្តិភាព​ទេ យើង​មិនអាច​ធ្វើដំណើរ​ទៅមុខ​បាន​ឆ្ងាយ​ឡើយ​»​។ លោក​ទាំងពីរ​នាក់​ជា​បុគ្គល​សាមញ្ញ​ធម្មតា តើ​លោក​បង្កើត​សន្តិភាព​ដូច​ម្តេចទៅ ប្រសិនបើ​អ្នកដឹកនាំ​មិន​ចង់​បង្កើត​សន្តិភាព​នោះ​? នេះ គឺជា​សំណួរ​របស់​អ្នកសារព័ត៌មាន​ទៅកាន់​លោក​ទាំងពីរ​។ សួរ​ចប់​ភ្លាម យុវជន​ទាំងពីរ​ឆ្លើយតប​វិញ​ថា ពួកគេ​ពិតជា​អាចធ្វើ​បាន ព្រោះ ពលរដ្ឋ​ជា​អ្នកបង្កើត​មេដឹកនាំ បង្កើត​អ្នកនយោបាយ និង​បង្កើត​រដ្ឋាភិបាល​។ លើសពីនេះទៅទៀត លោក​ទាំងពីរ​បានបញ្ជាក់​ថា ពលរដ្ឋ​អាចមាន​សមត្ថភាព​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ផ្លាស់ប្តូរ​ពលរដ្ឋ​ខ្លួនឯង និង​ផ្លាស់ប្តូរ​ស្ថានភាព​នានា​។



​ក្នុងការ​សម្រាក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​២​សប្តាហ៍​នេះ លោក​ទាំងពីរ​នាក់​ស្នាក់នៅ​ក្នុង​វត្ត​លង្ការ​ក្បែរ​វិមានឯករាជ្យ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​៕

សូមទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next