ជាតិ
​​​ន​យោ​បាយ​ជាតិ​
១២​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​
07, Mar 2017 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងចំណោម​គណបក្ស​ទាំង​៧១ មាន​គណបក្ស​តែ​១២ ប៉ុណ្ណោះ ដែល​បាន​យក​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ថ្នាក់ឃុំ​-​សង្កាត់ ទៅ​ចុះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ ចំណែកឯ គណបក្ស​៥៩​ទៀត មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ​នោះទេ​។​



​គណបក្ស​ទាំង​១២ ដែល​បាន​ចុះបញ្ជី​បេក្ខជន​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​។​

​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ចុះបញ្ជី​នៅ​ឃុំ សង្កាត់​ទាំង​១៦៤៦ នៅក្នុង​ប្រទេស​កម្ពុជា​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​៨០៤​ឃុំ​-​សង្កាត់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៧៨៧​ឃុំ​-​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៦២២​ឃុំ​-​សង្កាត់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ២២៣​ឃុំ​-​សង្កាត់​។​

​គណបក្ស​ផ្សេងទៀត​រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា ៥៣​ឃុំ​-​សង្កាត់ គណបក្ស​អំណាច​ខ្មែរ ២៩​ឃុំ​-​សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​២៧ ឃុំ​-​សង្កាត់ គណបក្ស​យុវជន​កម្ពុជា ១៩​ឃុំ​-​សង្កាត់ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៨​ឃុំ​-​សង្កាត់ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១៦​ឃុំ​-​សង្កាត់​។​

​ការចុះបញ្ជី​បេក្ខជន​ខាងលើ មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧​។ សូមបញ្ជាក់ថា ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧៕


Tag:
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com