ជាតិ
នយោបាយជាតិ
១២គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់
× ភ្នំពេញ៖ ក្នុងចំណោមគណបក្សទាំង៧១ មានគណបក្សតែ១២ ប៉ុណ្ណោះ ដែលបានយកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ ទៅចុះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯ គណបក្ស៥៩ទៀត មិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខនោះទេ។
គណបក្សទាំង១២ ដែលបានចុះបញ្ជីបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
យោងតាមរបាយការណ៍បណ្តោះអាសន្នពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសុំចុះបញ្ជីនៅឃុំ សង្កាត់ទាំង១៦៤៦ នៅក្នុងប្រទេសកម្ពុជា។
គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅ៨០៤ឃុំ-សង្កាត់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៧៨៧ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិ ៦២២ឃុំ-សង្កាត់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២២៣ឃុំ-សង្កាត់។
គណបក្សផ្សេងទៀតរួមមាន គណបក្សសញ្ជាតិកម្ពុជា ៥៣ឃុំ-សង្កាត់ គណបក្សអំណាចខ្មែរ ២៩ឃុំ-សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២៧ ឃុំ-សង្កាត់ គណបក្សយុវជនកម្ពុជា ១៩ឃុំ-សង្កាត់ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៨ឃុំ-សង្កាត់ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១៦ឃុំ-សង្កាត់។
ការចុះបញ្ជីបេក្ខជនខាងលើ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com