ជាតិ
CPP ហួសចិត្ត ពេល​លឺថា ថវិកាជាតិ​២០​ភាគរយ​នឹង​ទម្លាក់​ឲ្យ​ឃុំ​-​សង្កាត់ បើ CNRP ឈ្នះ
07, Mar 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ សន្យាថា នឹង​យក​ថវិកា​ជាតិប្រមាណ​ជា​២០​ភាគរយ ទៅ​អភិវឌ្ឍ​នៅ​ថ្នាក់មូលដ្ឋាន​។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា យល់ថា គោលនយោបាយ​បែបនេះ មិនអាច​អនុវត្តបាន​ឡើយ​។​



​ឃុំ​-​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត បាន​ដឹកនាំ​រដ្ឋាភិបាល នៅ​ឆ្នាំ​២០១៨ ។ បើ​គិត​ទាំង ១,៦៤៦ ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៨២៣ លាន​ដុល្លារ ស្មើ​ប្រមាណ​២០​ភាគរយ នៃ​ថវិកាជាតិ​ទាំងមូល​។ 

​ជា​គោលនយោបាយ​មួយ ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ទាំង​៥ ដែល​គណបក្ស      សង្គ្រោះ​ជាតិ​បង្កើតឡើង ដើម្បី​ប្រើ​ក្នុងការ​ឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ និង​ដែល​ត្រូវបាន​អនុម័ត​ជា​ផ្លូវការ នៅក្នុង​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី​២ ខែមីនា​កន្លងទៅ​។ 

​ឯកឧត្តម កឹម សុខា ដែល​ត្រូវ​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​បក្ស​នៅក្នុង​អង្គសមាជ​វិសាមញ្ញ​នោះ  បាន​សន្យាថា គណបក្ស​បក្ស​សង្គ្រោះ​ជាតិ នឹង​អនុវត្ត​គោលនយោបាយ​ខាងលើ ដើម្បី​ធ្វើ​ឲ្យ​មូលដ្ឋាន រីកចម្រើន និង​ជឿនលឿន ដូច​ទីប្រជុំជន ឬ​ទីក្រុង​ដែរ​។ ប្រធាន​បក្ស​រូបនេះ សង្កត់ធ្ងន់ថា គោលនយោបាយ​នេះ អាចអនុវត្ត​បាន លុះត្រាតែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០១៨ ។

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​គោលនយោបាយ​ខាងលើ ថា​ជាការ​បោកប្រាស់​ប្រជាជន​ទៅវិញ​ទេ​។ លោក សុខ ឥសាន យល់ថា កម្ពុជា​មិនទាន់​អាច​គោលនយោបាយ ដែល​ត្រូវ​ចំណាយ​ហួស​ពី​ធនធាន​បែបនេះ នោះទេ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើ​គោលនយោបាយ​ខាងលើ អាចអនុវត្ត​បាន​មែន ម្ល៉េះ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​យូរ​មកហើយ​។ លោក សុខ ឥសាន បន្ទរ​បន្ថែម​ដូច្នេះ​៖«​វា​មិនអាច​ក្លាយជា​ការពិត​ទេ គ្រាន់តែ​ជា​ក្តី​ស្រមៃ​នៅលើ​ក្រដាស​ប៉ុណ្ណោះ​។ យើង​បាន​លុយ​មកពីណា ធ្វើ​ដល់​ថ្នាក់​នេះ​នុ៎ះ​? គណបក្ស​ប្រជាជន​កម្ពុជា មាន​បទពិសោធ​រាប់​ឆ្នាំ​មកហើយ​។ បើ​ធ្វើបាន​មែន​នោះ យើង​ធ្វើ​លើស​ហ្នឹង​ផង​»​។

​គេ​មិនទាន់​ភ្លេច​ទេ​ថា មុន​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គោលនយោបាយ​មួយ ដោយ​សន្យា​ផ្តល់ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ដល់​ចាស់ៗ អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ មិន​ខុសគ្នា​ទេ កាលណោះ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គោលនយោបាយ​ខាងលើ នឹង​អាចអនុវត្ត​ទៅបាន​លុះត្រាតែ​ខ្លួន បាន​កាន់អំណាច​ជា​មុខ​សិន​។ តែ​យ៉ាងណា គោលនយោបាយ​ផ្តល់ប្រាក់​ចំនួន​៤​ម៉ឺន​រៀល​ដល់​ចាស់ៗ នៅតែ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ដដែល​ថា វា​គ្រាន់តែ​ជាការ​សន្យា​ខ្យល់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​៕


Tag:
 CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com