ជាតិ
CPP ហួសចិត្ត ពេលលឺថា ថវិកាជាតិ២០ភាគរយនឹងទម្លាក់ឲ្យឃុំ-សង្កាត់ បើ CNRP ឈ្នះ
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ សន្យាថា នឹងយកថវិកាជាតិប្រមាណជា២០ភាគរយ ទៅអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា យល់ថា គោលនយោបាយបែបនេះ មិនអាចអនុវត្តបានឡើយ។
ឃុំ-សង្កាត់នីមួយៗ នឹងទទួលបានថវិកាចំនួន៥០ម៉ឺនដុល្លារ នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត បានដឹកនាំរដ្ឋាភិបាល នៅឆ្នាំ២០១៨ ។ បើគិតទាំង ១,៦៤៦ ឃុំ-សង្កាត់ នៅទូទាំងប្រទេស គឺត្រូវចំណាយថវិកាចំនួន ៨២៣ លានដុល្លារ ស្មើប្រមាណ២០ភាគរយ នៃថវិកាជាតិទាំងមូល។
ជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៥ ដែលគណបក្ស សង្គ្រោះជាតិបង្កើតឡើង ដើម្បីប្រើក្នុងការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ និងដែលត្រូវបានអនុម័តជាផ្លូវការ នៅក្នុងសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ។
ឯកឧត្តម កឹម សុខា ដែលត្រូវជ្រើសតាំងឲ្យធ្វើជាប្រធានបក្សនៅក្នុងអង្គសមាជវិសាមញ្ញនោះ បានសន្យាថា គណបក្សបក្សសង្គ្រោះជាតិ នឹងអនុវត្តគោលនយោបាយខាងលើ ដើម្បីធ្វើឲ្យមូលដ្ឋាន រីកចម្រើន និងជឿនលឿន ដូចទីប្រជុំជន ឬទីក្រុងដែរ។ ប្រធានបក្សរូបនេះ សង្កត់ធ្ងន់ថា គោលនយោបាយនេះ អាចអនុវត្តបាន លុះត្រាតែគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨ ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកគោលនយោបាយខាងលើ ថាជាការបោកប្រាស់ប្រជាជនទៅវិញទេ។ លោក សុខ ឥសាន យល់ថា កម្ពុជាមិនទាន់អាចគោលនយោបាយ ដែលត្រូវចំណាយហួសពីធនធានបែបនេះ នោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើគោលនយោបាយខាងលើ អាចអនុវត្តបានមែន ម្ល៉េះគណបក្សប្រជាជនកម្ពុជា អនុវត្តយូរមកហើយ។ លោក សុខ ឥសាន បន្ទរបន្ថែមដូច្នេះ៖«វាមិនអាចក្លាយជាការពិតទេ គ្រាន់តែជាក្តីស្រមៃនៅលើក្រដាសប៉ុណ្ណោះ។ យើងបានលុយមកពីណា ធ្វើដល់ថ្នាក់នេះនុ៎ះ? គណបក្សប្រជាជនកម្ពុជា មានបទពិសោធរាប់ឆ្នាំមកហើយ។ បើធ្វើបានមែននោះ យើងធ្វើលើសហ្នឹងផង»។
គេមិនទាន់ភ្លេចទេថា មុនបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានបង្កើតគោលនយោបាយមួយ ដោយសន្យាផ្តល់ប្រាក់ចំនួន៤ម៉ឺនរៀល ដល់ចាស់ៗ អាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ មិនខុសគ្នាទេ កាលណោះគណបក្សសង្គ្រោះជាតិ បានប្រកាសថា គោលនយោបាយខាងលើ នឹងអាចអនុវត្តទៅបានលុះត្រាតែខ្លួន បានកាន់អំណាចជាមុខសិន។ តែយ៉ាងណា គោលនយោបាយផ្តល់ប្រាក់ចំនួន៤ម៉ឺនរៀលដល់ចាស់ៗ នៅតែត្រូវបានគណបក្សប្រជាជនកម្ពុជា ចំអកដដែលថា វាគ្រាន់តែជាការសន្យាខ្យល់ របស់គណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com