សង្គមអន្តរជាតិ
អន្តរជាតិ
ថៃ៖ បុរសគម្រក់ម្នាក់បោះបង់ចោលគ្រួសារភ្លាមៗ ក្រោយដឹងថាប្រពន្ធមានជំងឺមហារីក Wiramon Inthaneth និងកូនស្រី ទទួលបានការឧបត្ថម្ភពី Monk Bhin។ Photo: Exclusivepix Media)
× ស្ត្រីថៃម្នាក់ ទទួលបានមេរៀនដ៏សែនឈឺចាប់បំផុតក្នុងជីវិតទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដោយគាត់ និងកូនស្រី ត្រូវបានស្វាមីបោះបង់ចោល បន្ទាប់ពីបុរសរូបនោះ ដឹងថាអ្នកស្រីមានជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ។ នេះបើតាមការផ្សាយរបស់ The Mirror។
អ្នកស្រី Wiramon Inthaneth ជនជាតិថៃ អាយុ៣៦ឆ្នាំ ត្រូវបានពិនិត្យឃើញថា មានជំងឺមហារីកសុដន់ ៦ខែកន្លងមកហើយ។ ជាអកុសល Wiramon មិនទទួលបានការលើកទឹកចិត្ត ឬថែទាំពិសេសពីស្វាមីនោះឡើយ ដោយស្វាមីគម្រក់រូបនោះ បានដើរចេញពីគាត់ និងកូនស្រី ដោយគ្មានស្តាយស្រណោះ។
ក្រោយមក Wiramon បានបង្ខំចិត្តទៅរស់នៅជាមួយឪពុកបង្កើតរបស់ខ្លួន ដែលជាអ្នករត់តាក់ស៊ីម្នាក់ និងជាអ្នករ៉ាប់រងរកកម្រៃព្យាបាលជំងឺរបស់នាង។ ស្ថានភាពជំងឺដែលស្ថិតដល់ដំណាក់ចុងក្រោយនេះ បានធ្វើឲ្យ Wiramon មានការឈឺចុកចាប់យ៉ាងខ្លាំង និងត្រូវទៅពិនិត្យនៅពេទ្យជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន ស្ត្រីកម្សត់ ទទួលបានការឧបត្ថម្ភជាពិសេសផងដែរ ពីលោក Bhin (គេនិយមហៅថា ព្រះតេជគុណ Bhin) ដែលជាអតីតតារាសម្តែង និងជាសប្បុរសជនដ៏ល្បីឈ្មោះម្នាក់នៅប្រទេសថៃ។ លោក Bhin បានផ្តល់ថវិកា និងរៃអង្គាសថវិកាដើម្បីជួយដល់ Wiramon។
ឪពុករបស់អ្នកស្រី Wiramon ទទួលស្គាល់ថា ការប្រឹងប្រែងរបស់គាត់តែម្នាក់ ពិតជាមិនអាចជួយកូនស្រីបាននោះឡើយ ដោយសារតែគាត់ជាអ្នករត់តាក់ស៊ី ដែលមានចំណូលទាបស្រាប់។
លោក Bhin បាននិយាយថា៖ «ថ្ងៃដែលខ្ញុំទៅមើលគាត់ [Wiramon] គាត់បានយំយ៉ាងខ្លាំង ពីព្រោះស្ថិតក្នុងពេលវេលាដ៏សែនពិបាកមួយ ដោយត្រូវថែទាំកូនស្រី ហើយចំណូលពឹងផ្អែកលើឪពុកទាំងស្រុង។ គាត់អាចបន្តរស់បានដោយសារទទួលបានថាមពលផ្លូវចិត្តពីគ្រួសារ។ គាត់ត្រូវការលុយសម្រាប់កូនស្រី និងព្យាបាលជំងឺខ្លួនឯង ប៉ុន្តែគាត់មិនដឹងថា ខ្លួនរស់ដល់ពេលណានោះឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com