ជាតិ
ឯកឧត្តម កឹម សុខា ថា​ក្រៅពី CNRP កម្រ​មាន​បក្ស​ផ្សេង​ផ្តល់​តំណែង​កំពូល​ដល់​ស្ត្រី​
08, Mar 2017 , 5:02 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​បក្សប្រឆាំង​មួយ​នេះ បានចេញ​មុខ​លើ​កត​ម្កើ​ន​តម្លៃ​ស្ត្រី​។ ឯកឧត្តម កឹម សុខា សរសើរ​គណបក្ស​ខ្លួន​ថា បានផ្តល់​តួនាទី​សំខាន់ៗ​ជាច្រើន ដល់​ស្ត្រី​។



​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧​នេះ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សារលិខិត​មួយ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​។ តាមរយៈ​សារលិខិត​នោះ ឯកឧត្តម កឹម សុខា ហាក់​មាន​មោទនភាព​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានផ្តល់​តួនាទី​ជាច្រើន និង​សំខាន់ៗ ដល់​ស្ត្រី​។

​ឯកឧត្តម កឹម សុខា បាន​លើក​ករណី​របស់​លោកស្រី មូរ សុខ​ហួរ ដែល​ទើបតែ​ទទួលបាន​តំណែង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីពេល​ថ្មីៗ​នេះ មក​ធ្វើជា​ទឡ្ហីករណ៍ នៅក្នុង​សារលិខិត​របស់ខ្លួន​។ ប្រធាន​បក្សប្រឆាំង​រូបនេះ បាន​វាយតម្លៃថា សម្រាប់​តួនាទី​កំពូល​បែបនេះ គណបក្ស​ដទៃ កម្រ​នឹង​ផ្តល់​ឲ្យ​ស្ត្រី​ណាស់​។

​ឯកឧត្តម កឹម សុខា បាន​សរសេរ​ក្នុង​សារលិខិត​នោះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​តួនាទី​ដល់​ស្ត្រី​ក្នុងការ​ដឹកនាំ​គណបក្ស​ថ្នាក់​កំពូល ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​ប្រៀបធៀប​ទៅ​គណបក្ស​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា កម្រ​មាន​គណបក្ស​ណា ដែល​ផ្តល់​តួនាទី​ដ៏​សំខាន់​នេះ ដល់​ស្ត្រី​ដូច្នេះ​ឡើយ​»​។  

​ក្រៅពី​លើក​គុណសម្បត្តិ​ខាងលើ​ហើយ ឯកឧត្តម កឹម សុខា ថែមទាំង​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់​ស្ត្រី​និង​យុវនារី ជាច្រើនរូប ទៅក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ផងដែរ​។ 

​ដោយឡែក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​រស់​នៅឯ​បរទេស បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ លើក​ទី​១០៦​។ តាមរយៈ​វីដេអូ​ឃ្លី​ប​នោះ លោក សម រង្ស៊ី បាន​និយាយថា ដើម្បី​ឲ្យ​មាន​សេចក្តីថ្លៃថ្នូរ​ពេញ​មួយជីវិត ស្រី្ត ត្រូវមាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​។

​លោក បន្ថែមថា ដើម្បី​មាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ស្ត្រី​គ្រប់រូប ត្រូវមាន​ការងារ​ត្រឹមត្រូវ​និង​ច្បាស់លាស់ ដែល​អាច​ផ្តល់ប្រាក់​ចំណូល​សមរម្យ​ដល់​ពួកគេ សម្រាប់​ចិញ្ចឹមជីវិត​។ លោក និយាយ​ដូច្នេះ​ថា​៖«​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន ដែល​អាច​ឲ្យ​ស្ត្រី​មានការ​ងារ​ត្រឹមត្រូវ ការងារ​សមរម្យ ការងារ​ថ្លៃថ្នូរ​មួយជីវិត យើង​ត្រូវតែ​រៀបចំ​ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​យុវជន​ខ្មែរ ជាពិសេស​ស្ត្រី​»​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​កម្មវិធី​មួយ ដែលមាន​ឈ្មោះថា «​រយ​ពាន់​ពន្លឺ​ដើម្បី​ស្ត្រី​» ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៕


Tag:
 កឹម សុខា​
  សម រង្ស៊ី​
  ទិវា​សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com