ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ត្រីជាកម្មករសំណង់ ចង់បានប្រាក់ឈ្នួលស្មើនឹងបុរស
08, Mar 2017 ,
10:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ ស្ត្រីជាកម្មករសំណង់នៅកម្ពុជា មានប្រមាណ ៣០ ភាគរយ នៃចំនួនកម្មករសំណង់ជាង ២០ ម៉ឺននាក់។ ភាគច្រើនពួកគេជាអ្នកធ្វើចំណាកស្រុកពីទីជនបទ ដែលស្ត្រីមានចំណេះដឹងតិចតួច ហើយពួកគេនៅតែទទួលបានប្រាក់ឈ្នួល តិចជាងបុរស។
នៅក្នុងការដ្ឋានសំណង់ នៅទីតាំងណាក៏ដោយ គេតែងប្រទះឃើញ ស្ត្រី បំពេញការងារផ្នែកសំណង់នេះ ដូចបុរសដែរ។ កម្មករសំណង់ មិនថាជាំស្រ្តី ឬបុរសនោះទេ គឺមានការងារប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្វីដែលខុសគ្នា គឺស្ត្រីជាកម្មករសំណង់ ទទួលបានប្រាក់ឈ្នួលទាបជាងបុរស។ ជាទូទៅស្ត្រីកម្មករសំណង់ ទទួលបានប្រាក់ឈ្នួលទាបជាងបុរស ចាប់ពី ១ ទៅ៣ដុល្លារ ក្នុងតួនាទីការងារដូចគ្នា។
ក្នុងការដ្ឋានសំណង់សង់ផ្ទះល្វែងមួយកន្លែង នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្ត្រីពី ៤ទៅ៥នាក់ កំពុងធ្វើការជាកម្មករសំណង់។ កញ្ញា លាង សុខហេង ជាស្ត្រីវ័យក្មេងម្នាក់ ក្នុងចំណោមកម្មករប្រុស ស្រី ប្រមាណ២០នាក់។
យុវតីមានវ័យ១៨ឆ្នាំរូបនេះ រៀនបានថ្នាក់ទី៦ និងបានមកធ្វើជាកម្មករសំណង់នៅទីនេះ ជាង៥ខែ ហើយ។ សុខហេង បញ្ជាក់ថា នាងសម្រេចចិត្តមកធ្វើជាកម្មករសំណង់ ដើម្បីជួយសម្រួលដល់បន្ទុកក្នុងគ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត។ សុខហេង រៀបរាប់បណ្តើ ដៃកាន់ខ្សែពួរទាញសម្ភារសំណង់ឡើងទៅជាន់ទី៣ បណ្តើរថា៖ «ខ្ញុំមិនចង់ធ្វើការរោងចក្រទេ ដោយសារគ្មានសេរីភាពដូចការងារសំណង់ ជាពិសេសការងាររោងចក្របើមិនទៅធ្វើ ត្រូវគេកាត់លុយជាដើម។ ប៉ុន្តែការងារសំណង់មិនបានកាត់លុយកម្មករឡើយ»។
មានរូបរាងស្គម សុខហេង ធ្វើការងារស្ទើរតែដូចបុរស គឺការងារចូក ឬលាយខ្សាច់ ស៊ីម៉ង់ និងជញ្ជូនឥដ្ឋ ហើយស្ត្រីកម្មករសំណង់ផ្សេងទៀតនៅក្នុងការដ្ឋានក៏កំពុងមមាញឹកនឹងការងារទាំងនេះដែរ។ ដ្បិតមានការប្រហាក់ប្រហែលនឹងកម្មករសំណង់ជាបុរស ប៉ុន្តែកម្មករស្ត្រីសំណង់វ័យក្មេងរូបនេះ ទទួលបានប្រាក់ឈ្នួលប្រចាំថ្ថៃ តែ២ម៉ឺន៥ពាន់រៀល ប៉ុណ្ណោះ ខណៈបុរសៗ គេទទួលបានប្រាក់ឈ្នួលពី២ម៉ឺន៨ពាន់រៀល ទៅ៣ម៉ឺន២ពាន់រៀល។
ទោះបីជាស្ត្រីកម្មករសំណង់ សុខហេង មិនមានការខ្មាសអៀននោះទេ ដោយបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនខ្មាសគេទេ ដែលខ្លួនខ្ញុំជាកម្មករសំណង់ តែបើគិតថាខ្មាសគេនិងការងារបែបនេះ គ្មានអ្នកណាមកជួយខ្ញុំឡើយ»។
ដូចគ្នាដែរ អ្នកស្រីកក្កដា បានមកធ្វើការសំណង់តាមប្ដីដែលជាកម្មករសំណង់ដូចគ្នា ប្រមាណ៥ឆ្នាំមកហើយ។ ជីវិតជាកម្មករសំណង់របស់ស្ត្រីមានស្រុកកំណើតនៅស្វាយរៀងរូបនេះ មិននៅមួយកន្លែងឡើយ។ អ្នកស្រី ត្រូវទៅធ្វើការតាមការដ្ឋាននានានៅតាមបណ្តាខេត្តផ្សេងៗផង។ អ្នកស្រី កក្កដា លើកឡើងថាការងារសំណង់នេះ ក្លាយជាមុខរបររបស់ខ្ញុំ និងគ្រួសារទាំងមូលទៅហើយ។
ពាក់អាវដៃវែងពីរជាន់ ដៃស្តាំងកំពុងកាន់ស្លាបព្រាសម្រាប់បៀកស៊ីម៉ង់ ស្ត្រីរូបនេះត្អូញត្អែរថា ស្ត្រីកម្មករសំណង់ នៅតែបានប្រាក់ឈ្នួលតិចជាងបុរស ខណៈការងារ គឺមានម៉ោងពេល ច្បាស់លាស់។ ពេលព្រឹកកម្មករទាំងអស់ ត្រូវចូលបំពេញការងារពីម៉ោង៧ដល់ម៉ោង១១ និងពេលរសៀល ចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាច។ អ្នកស្រី កក្កដា ទទួលបានប្រាក់ឈ្នួលចំនួន ២ម៉ឺន៤ពាន់រៀល។ ដ្បិតត្អូញថា បានប្រាក់តិច និងហត់នឿយពិតមែន ប៉ុន្តែអ្នកស្រី កក្កដា គិតថា ការងារជាកម្មករសំណង់ បានផ្តល់សេរីភាពឲ្យអ្នកស្រី ជាងការងារផ្សេងៗ។
នៅម្ដុំកោះពេជ្រ មានការដ្ឋានសំណង់សាងសង់អគារខ្ពស់ៗ និងផ្ទះល្វែងជាច្រើន។ អ្នកស្រី យ៉ាន ជាអ្នកខេត្តកំពត ដែលមកធ្វើជាស្ត្រីកម្មករសំណង់ ជាមួយកូនស្រីវ័យ១៦ឆ្នាំ។ អ្នកស្រី យ៉ាន ទើបតែមកធ្វើការសំណង់នៅក្នុងការដ្ឋាននេះ បានរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីក៏ធ្លាប់ជាកម្មករសំណង់ពីមុនមកដែរ។ ដៃពាក់ស្រោមដៃ និងមានពាក់មួកការពារសុវត្ថិភាព កំពុងលីដែកទៅឲ្យកម្មករដទៃទៀត ស្ត្រីរូបនេះ ឆ្លៀតរៀបរាប់ថា ការងារនេះ មិនបង្កផលលំបាកដល់ខ្លួនឡើយ ព្រោះអ្នកស្រីធ្លាប់ធ្វើការងារធ្ងន់ៗបែបនេះយូរឆ្នាំមកហើយ។
ប៉ុន្តែអ្វីដែលស្ត្រីវ័យ៤៩ឆ្នាំរូបនេះ ចង់បានគឺប្រាក់ឈ្នួលឲ្យស្មើនឹងបុរស ខណៈបច្ចុប្បន្ន រូបគាត់បានប្រាក់ឈ្នួលប្រចាំថ្ងៃ ចំនួន ២ម៉ឺន៤ពាន់រៀល រីឯបុរសទទួលបានប្រាក់ឈ្នួលពី៣ម៉ឺន២ពាន់រៀល ដល់៤ម៉ឺនរៀល។
បើតាមរបាយការណ៍របស់អង្គការឃែរ ដែលស្រាវជ្រាវសាជាថ្មីទាក់ទងនឹងស្ថានភាពការងាររបស់ស្ត្រីក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជាមានកម្មករសំណង់ប្រមាណជាង២០ម៉ឺននាក់ ហើយ៣០ភាគរយ ជាស្ត្រីដែលចំណាកស្រុកពីជនបទ។
គួរបញ្ជាក់ថា ស្ត្រីកម្មករសំណង់ទទួលបានប្រាក់ឈ្នួលទាបជាងបុរសចាប់ពី១ដុល្លារ ដល់៣ដុល្លារ ក្នុងតួនាទីការងារដូចគ្នា។ ម្យ៉ាងវិញទៀត មានរឿងជាច្រើនដែលស្ត្រីជួបប្រទះបញ្ហាក្នុងការដ្ឋានសំណង់ ហើយ៤០ភាគរយ នៃស្ត្រីកម្មករសំណង់ បានជួបរឿងអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមលើនេះ ការបែងចែកការងាររវាងបុរស និងស្ត្រី មានលក្ខណៈខុសគ្នា។ ការងារសម្រាប់បុរសមួយដូចជា ចូកខ្សាច់ ឬស៊ីម៉ង់ កាត់ដែក ចាក់គ្រឹះ និងជញ្ជូនសម្ភារធ្ងន់ៗ រីឯការងារសម្រាប់ស្ត្រី គឺជញ្ជូនឥដ្ឋ និងសម្អាតការដ្ឋានសាងសង់ជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ត្រី
កម្មករសំណង់
៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម