ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​បក្ស​កាន់អំណាច កំពុង​ពិនិត្យ​ផ្លូវច្បាប់ ដើម្បី​ប្តឹង​បក្សប្រឆាំង ដែល​មិន​ព្រម​ប្តូរ​ពាក្យស្លោក​
09, Mar 2017 , 12:41 pm        
រូបភាព
ពាក្យស្លោកគណបក្សសង្គ្រោះជាតិ ដែលកញ្ញា កឹម មនោវិទ្យា បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក
ពាក្យស្លោកគណបក្សសង្គ្រោះជាតិ ដែលកញ្ញា កឹម មនោវិទ្យា បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក
 
​ភ្នំពេញ​៖ បក្ស​កាន់អំណាច កំពុងដំណើរការ​នីតិវិធី ដើម្បី​ប្តឹង​បក្សប្រឆាំង ដែល​នៅតែ​បន្ត​ប្រើ​ពាក្យស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ បក្សប្រឆាំង ហាក់​មិន​អើពើ​នឹង​ការព្រមាន​ប្តឹង​របស់​បក្ស​កាន់អំណាច​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​រក្សាទុក​ពាក្យស្លោក​ខាងលើ​ដដែល​។

 
​ដោយសារតែ​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លើកឡើងថា «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​» មិនទាន់​ត្រូវបាន​កែប្រែ តាម​សំណើ​របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ក៏​ចាប់ផ្តើម​រក​វិធី​ដោះស្រាយ​តាមផ្លូវ​តុលាការ​វិញ​ម្តង​។ ប្រហែលជា​មិនយូរ​ទេ បណ្តឹង​របស់​បក្ស​កាន់អំណាច អាច​នឹង​ធ្លាក់​ទៅ​ដល់ដៃ​តុលាការ ដើម្បី​ទាមទារ​ឲ្យ​បក្សប្រឆាំង កែសម្រួល​ពាក្យស្លោក​នេះ​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មេធាវី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ពិនិត្យ​ពី​បញ្ហា​ផ្លូវច្បាប់ មុននឹង​សម្រេច​ដាក់​បណ្តឹង​ទៅកាន់​តុលាការ ដើម្បី​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការប្រើ​សារ​នយោបាយ ដែលមាន​លក្ខណៈ​ជា​ពាក្យស្លោក​ខាងលើ​។ យ៉ាងណា​លោក សុខ ឥសាន មិនទាន់​បញ្ជាក់ថា បក្ស​កាន់អំណាច នឹងដាក់​បណ្តឹង​នេះ ទៅកាន់​តុលាការ​នៅពេលណា​នោះទេ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​ប្តឹង គឺ​ប្តឹង​បក្ស​តែម្តង ព្រោះ​បក្ស​ជា​អ្នក​ប្រើពាក្យ​ស្លោក​ហ្នឹង​។ ឥឡូវ​យើង កំពុងតែ​ដំណើរការ​។ ចាំមើល​មេធាវី ពិនិត្យ​ផ្លូវច្បាប់​សិន​»​។ 
 
​លោក សុខ ឥសាន បញ្ជាក់ថា គម្រោង​នៃ​ការប្តឹង​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​បក្សប្រឆាំង ផ្លាស់ប្តូរ​ពាក្យស្លោក​ខាងលើ​។ លោក និយាយ​ទុកជាមុន​ថា ការចាត់វិធានការ​តាមផ្លូវ​តុលាការ​នេះ  មិនមែនជា​លេស​របស់​បក្ស​កាន់អំណាច ដើម្បី​រំលាយ​បក្សប្រឆាំង​ឡើយ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មិនមែន​គេច​ង់​រំលាយ​ទេ មកពី​បក្សប្រឆាំង ចង់​រំលាយ​ខ្លួនឯង​។ មកពី​បក្សប្រឆាំង​ហ្នឹង ប្រើពាក្យ​ស្លោក ដែល​ខុសពី​គោលការណ៍​ច្បាប់​»​។ 
 
​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​គម្រោង​នៃ​ការប្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក គ្រាន់តែ​បញ្ជាក់ថា ប្រសិនបើ​បក្ស​កាន់អំណាច មានបំណង​ប្តឹង​បក្សប្រឆាំង​មែន​នោះ ក៏​ប្តឹងទៅ​ចុះ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា​៖«​បើ​គាត់​ចង់​ធ្វើ​យ៉ាងម៉េច ក៏​ធ្វើទៅ​»​។ 
 
​លោក យឹម សុវណ្ណ នៅតែ​អះអាងថា ពាក្យស្លោក​ខាងលើ មិន​ខុសច្បាប់​ឡើយ​។ ម្យ៉ាងទៀត លោក ក៏​មិនទាន់​ឃើញ​អ្នកច្បាប់​ណា​ម្នាក់ អះអាងថា ពាក្យស្លោក​នេះ ខុស​អ្វី​ដែរ ក្រៅតែពី​បក្ស​កាន់អំណាច​។ 
 
​បើតាម​លោក យឹម សុវណ្ណ រហូតមកដល់​ពេលនេះ បក្សប្រឆាំង នៅ​មិនទាន់​ពិចារណា​ថា កែប្រែ​ឬ​មិន​កែប្រែ​ពាក្យស្លោក​ខាងលើ​នោះទេ​។ លោក លើកឡើងថា​៖«​ប្រាប់​ខ្ញុំ​មក អ្នកណា​និយាយថា ខុសច្បាប់​? ពាក្យស្លោក​ហ្នឹង មិនមែន​មើលងាយ​មេឃុំ​ទេ គឺ​យើង​ប្រើ​ចំពោះតែ​មេឃុំ​ណា​ដែល​បម្រើ​បក្ស​»​។  
 
​សម្រាប់​បក្ស​កាន់អំណាច ពាក្យស្លោក​របស់​បក្សប្រឆាំង ដែល​ពោលថា​«​ដូរ​មេឃុំ បម្រើ​បក្ស​ដាក់​មេឃុំ បម្រើ​រាស្ត្រ​» គឺជា​ការ​ញុះញង់ និង​ជាការ​ប្រមាថមើលងាយ ទៅដល់​មន្ត្រីឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​។ ដោយសារតែ​យល់​បែបនេះហើយ ទើប​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ទាមទារ​ឲ្យ​បក្សប្រឆាំង​កែប្រែ​ពាក្យស្លោក​ខាងលើ​។
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ព្រមាន​ប្តឹ​ងបក្សប្រឆាំង ទៅកាន់​តុលាការ ប្រសិនបើ​ពាក្យស្លោក​ខាងលើ មិន​ត្រូវបាន​កែសម្រួល​ខ្លឹមសារ​នោះទេ​។ ការចេញ​សេ​ក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់អំណាច បាន​លើកឡើងថា ពាក្យស្លោក​របស់​បក្សប្រឆាំង គឺជា​ការ​បង្អាប់ និង​ការវាយប្រហារ​ដល់​អ្នក​ដទៃ​។ 
 
​តាមពិតទៅ គេ​ធ្លាប់​ឮ​ពាក្យស្លោក​មួយ​នេះ គឺ​តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។ ប៉ុន្តែ កាលនោះ ពាក្យស្លោក​ខាងលើ មិនសូវ​ជាមាន​ប្រជាប្រិយភាព​ដូចជា​ពេលនេះ ឡើយ​។ 
 
​ពាក្យស្លោក​នេះ ទើបតែ​ត្រូវបាន​បក្សប្រឆាំង យកមក​ធ្វើជា​សារ​នយោបាយ​ជា​ផ្លូវការ នៅក្នុង​អង្គសមាជ​វិសាមញ្ញ កាលពី​សប្តាហ៍​មុន ដើម្បី​ឃោសនា​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។ ក្រោយមក អ្នកគាំទ្រ​បក្សប្រឆាំង បាននាំគ្នា​និយាយ និង​បង្ហោះ​ពាក្យស្លោក​នេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ផុសផុល​៕
 

Tag:
 CPP
  CNRP
  ប្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com