ភ្នំពេញ៖ បក្សកាន់អំណាច កំពុងដំណើរការនីតិវិធី ដើម្បីប្តឹងបក្សប្រឆាំង ដែលនៅតែបន្តប្រើពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ បក្សប្រឆាំង ហាក់មិនអើពើនឹងការព្រមានប្តឹងរបស់បក្សកាន់អំណាចឡើយ ហើយគណបក្សសង្គ្រោះជាតិ ទំនងជារក្សាទុកពាក្យស្លោកខាងលើដដែល។
ដោយសារតែពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» មិនទាន់ត្រូវបានកែប្រែ តាមសំណើរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា ក៏ចាប់ផ្តើមរកវិធីដោះស្រាយតាមផ្លូវតុលាការវិញម្តង។ ប្រហែលជាមិនយូរទេ បណ្តឹងរបស់បក្សកាន់អំណាច អាចនឹងធ្លាក់ទៅដល់ដៃតុលាការ ដើម្បីទាមទារឲ្យបក្សប្រឆាំង កែសម្រួលពាក្យស្លោកនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា មេធាវីខាងគណបក្សប្រជាជនកម្ពុជា កំពុងតែពិនិត្យពីបញ្ហាផ្លូវច្បាប់ មុននឹងសម្រេចដាក់បណ្តឹងទៅកាន់តុលាការ ដើម្បីប្តឹងគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការប្រើសារនយោបាយ ដែលមានលក្ខណៈជាពាក្យស្លោកខាងលើ។ យ៉ាងណាលោក សុខ ឥសាន មិនទាន់បញ្ជាក់ថា បក្សកាន់អំណាច នឹងដាក់បណ្តឹងនេះ ទៅកាន់តុលាការនៅពេលណានោះទេ។ លោក និយាយដូច្នេះថា៖«យើងប្តឹង គឺប្តឹងបក្សតែម្តង ព្រោះបក្សជាអ្នកប្រើពាក្យស្លោកហ្នឹង។ ឥឡូវយើង កំពុងតែដំណើរការ។ ចាំមើលមេធាវី ពិនិត្យផ្លូវច្បាប់សិន»។
លោក សុខ ឥសាន បញ្ជាក់ថា គម្រោងនៃការប្តឹងនេះ គឺដើម្បីទាមទារឲ្យបក្សប្រឆាំង ផ្លាស់ប្តូរពាក្យស្លោកខាងលើ។ លោក និយាយទុកជាមុនថា ការចាត់វិធានការតាមផ្លូវតុលាការនេះ មិនមែនជាលេសរបស់បក្សកាន់អំណាច ដើម្បីរំលាយបក្សប្រឆាំងឡើយ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«មិនមែនគេចង់រំលាយទេ មកពីបក្សប្រឆាំង ចង់រំលាយខ្លួនឯង។ មកពីបក្សប្រឆាំងហ្នឹង ប្រើពាក្យស្លោក ដែលខុសពីគោលការណ៍ច្បាប់»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សុំមិនធ្វើអត្ថាធិប្បាយចំពោះគម្រោងនៃការប្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ លោក គ្រាន់តែបញ្ជាក់ថា ប្រសិនបើបក្សកាន់អំណាច មានបំណងប្តឹងបក្សប្រឆាំងមែននោះ ក៏ប្តឹងទៅចុះ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា៖«បើគាត់ចង់ធ្វើយ៉ាងម៉េច ក៏ធ្វើទៅ»។
លោក យឹម សុវណ្ណ នៅតែអះអាងថា ពាក្យស្លោកខាងលើ មិនខុសច្បាប់ឡើយ។ ម្យ៉ាងទៀត លោក ក៏មិនទាន់ឃើញអ្នកច្បាប់ណាម្នាក់ អះអាងថា ពាក្យស្លោកនេះ ខុសអ្វីដែរ ក្រៅតែពីបក្សកាន់អំណាច។
បើតាមលោក យឹម សុវណ្ណ រហូតមកដល់ពេលនេះ បក្សប្រឆាំង នៅមិនទាន់ពិចារណាថា កែប្រែឬមិនកែប្រែពាក្យស្លោកខាងលើនោះទេ។ លោក លើកឡើងថា៖«ប្រាប់ខ្ញុំមក អ្នកណានិយាយថា ខុសច្បាប់? ពាក្យស្លោកហ្នឹង មិនមែនមើលងាយមេឃុំទេ គឺយើងប្រើចំពោះតែមេឃុំណាដែលបម្រើបក្ស»។
សម្រាប់បក្សកាន់អំណាច ពាក្យស្លោករបស់បក្សប្រឆាំង ដែលពោលថា«ដូរមេឃុំ បម្រើបក្សដាក់មេឃុំ បម្រើរាស្ត្រ» គឺជាការញុះញង់ និងជាការប្រមាថមើលងាយ ទៅដល់មន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ដោយសារតែយល់បែបនេះហើយ ទើបអ្នកនាំពាក្យបក្សកាន់អំណាច បានសេចក្តីថ្លែងការណ៍មួយកាលពីប៉ុន្មានថ្ងៃមុន ដើម្បីទាមទារឲ្យបក្សប្រឆាំងកែប្រែពាក្យស្លោកខាងលើ។
តាមរយៈសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបក្សកាន់អំណាច បានព្រមានប្តឹងបក្សប្រឆាំង ទៅកាន់តុលាការ ប្រសិនបើពាក្យស្លោកខាងលើ មិនត្រូវបានកែសម្រួលខ្លឹមសារនោះទេ។ ការចេញសេក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សកាន់អំណាច បានលើកឡើងថា ពាក្យស្លោករបស់បក្សប្រឆាំង គឺជាការបង្អាប់ និងការវាយប្រហារដល់អ្នកដទៃ។
តាមពិតទៅ គេធ្លាប់ឮពាក្យស្លោកមួយនេះ គឺតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ប៉ុន្តែ កាលនោះ ពាក្យស្លោកខាងលើ មិនសូវជាមានប្រជាប្រិយភាពដូចជាពេលនេះ ឡើយ។
ពាក្យស្លោកនេះ ទើបតែត្រូវបានបក្សប្រឆាំង យកមកធ្វើជាសារនយោបាយជាផ្លូវការ នៅក្នុងអង្គសមាជវិសាមញ្ញ កាលពីសប្តាហ៍មុន ដើម្បីឃោសនាក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ ក្រោយមក អ្នកគាំទ្របក្សប្រឆាំង បាននាំគ្នានិយាយ និងបង្ហោះពាក្យស្លោកនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងផុសផុល៕