ជាតិ
សិល្បះ
លោកស្រី ភឿង ស​កុ​ណា​៖ សាលា​រចនា​ថ្មី នៅតែ​រក្សា​រចនាប័ទ្ម និង​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​
09, Mar 2017 , 2:50 pm        
រូបភាព
​លោកស្រី ភឿង ស​កុ​ណា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សាលា​រចនា​ថ្មី នៅតែ​រក្សា​នូវ​រចនាប័ទ្ម ខ្មែរ រក្សា​អត្តសញ្ញាណ​វប្បធម៌ និង​ទម្រង់​បែប​បត់​ជា​របស់​ខ្មែរ​។ បន្ថែម​ពីនេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ប្រាប់​ឲ្យ​សាធារណជន​រីករាយ ចំពោះ​ការប្តូរ​ទីតាំង​នេះ ពីព្រោះ​វា​នឹង​ជួយ​ឲ្យ​វិស័​យ​វប្បធម៌ខ្មែរ ប្រសើរឡើង​។​



​សកល​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រសិល្បៈ ឬ​សាលា​រចនា នឹងត្រូវ​ពង្រីក​ជា​សារមន្ទីរ​ជាតិ ហើយ​សាលា​រចនា​ចាស់​នេះ នឹង​ប្តូរ​ទីតាំង​ទៅ​តំបន់​ជ្រោយចង្វារ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​ដំណើរការ​ខ្លះៗ នៃ​ការសង់​សាលា​រចនា​ថ្មី​នេះ​។ បើតាម​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្ទាល់ ជា​អ្នក​គូរ​ប្លង់​សាលា​ថ្មី​នេះ​។ ដ្បិតតែ​មិន​ដូច​ទាំងស្រុង នឹង​សាលា​រចនា​ចាស់ ប៉ុន្តែ​លោកស្រី ស​កុ​ណា អះអាងថា​ គំរូ​សាលា​ថ្មី នៅតែ​រក្សាបាន​នូវ​រចនាប័ទ្ម​បែប​ខ្មែរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការ​គូរ​ប្លង់​នេះ នៅ​មិនទាន់​បញ្ចប់​ជា​ស្ថាពរ​នៅឡើយ​។

​លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​ដូច្នេះ​ថា​៖ «​តាមពិត​ក្រសួង​វប្បធម៌ យើង​ជា​អ្នក​អភិរក្ស យើង​មិន​ឲ្យ​បាត់បង់​ទេ​។  យើង​នៅតែរក្សា​ទម្រង់ និង​រចនាប័ទ្ម​ខ្មែរ​។ ហើយ​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ជា ជា​អ្នកចេញ​ប្លង់​សាងសង់​ទៀត​។ អ៊ីចឹង​ច្បាស់​ណាស់​ថា មាន​ទម្រង់ បែបផែន​ជា​ខ្មែរ​»​។



​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​វិចិត្រសិល្បៈ ក៏បាន​ដឹងថា មាន​អ្នក​ពេញចិត្ត និង​អ្នក​មិន​ពេញចិត្ត ចំពោះ​ការប្តូរ​ទីតាំង​សាលា​រចនា​នេះ និង​បាន​ឆ្លៀត​ប្រាប់​កុំ​ឲ្យ​បារម្ភ​ចំពោះ​រឿងនេះ​។ ផ្ទុយទៅវិញ លោកស្រី បានប្រាប់ឲ្យសាធារណជន​គួរតែ​សប្បាយចិត្ត ព្រោះ​វា​នឹង​ជួយ​ឲ្យ​វិស័យ​វប្បធម៌​ខ្មែរ ប្រសើរឡើង​។ ត្រង់​ន័យ​នេះ លោកស្រី​រដ្ឋមន្ត្រី ពន្យល់ថា ការប្តូរ​ទីតាំង​នេះ ​ជា​ចេតនា​ល្អ ខណៈ​សាលា​ថ្មី​​ ស្ថិតនៅ​ទីតាំង​ធំ​ទូលាយ​ជាង​មុន ដែល​អាច​ទទួល​សិស្ស​បាន​ច្រើន​បន្ថែមទៀត ហើយ​ក្រសួង ​ក៏​ចង់​ឲ្យ​មានមុខ​វិជ្ជា​ទាក់ទង​នឹង​វប្បធម៌​​ច្រើនជាង​បច្ចុប្បន្ន​ដែរ​។

លោកស្រី ភឿង ស​កុ​ណា បន្ថែមថា ចំពោះ​សាលា​ចាស់ ត្រូវ​ពង្រីក​ជា​សារមន្ទីរ​ជាតិមែន ប៉ុន្តែ​ក្រសួង​មិន​ប៉ះពាល់​អគារសាលាចាស់នេះ​ទេ គឺ​រក្សាទុក​នៅ​ដដែល ទាំង​រោង​ជាង និង​បណ្ណាល័យ​ជាដើម។ ​សិស្ស​ក៏​អាច​ចុះ​កម្មសិក្សា​នៅ​សាលា​រចនា​ចាស់​​ ដើម្បីស្វែងយល់​ពី​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​បានដែរ​។ ​លោកស្រី ភឿង ស​កុ​ណា ឆ្លៀតឆ្លើយតប​​ទៅនឹង​ការបារម្ភ​របស់​សាធារណជន​​ដូច្នេះ​ថា​៖«​រឿង​បារម្ភ យើង​បារម្ភ​ជាង​គាត់​ផង យើង​ប្រយ័ត្ន​ជាង​គាត់​ផង រឿង​រក្សា​អត្តសញ្ញាណ របៀបរបប បែបបទ​ខ្មែរ​នោះ​»​។

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា ចាប់ផ្តើម​សង់​នៅក្នុង​ឆ្នាំ​១៩១៧ ពោល​គឺមាន​ចំណាស់​១០០​ឆ្នាំ​ហើយ​។ សាកលវិទ្យាល័យ​នេះ មាន​៥​មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​បុរាណវិទ្យា មហាវិទ្យាល័យ​វិចិត្រសិល្បៈ​សូន​រូប មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​។​

កាលពី​ថ្ងៃទី ៣ ខែមីនា សម្តេច ហ៊ុន សែន បាន​ឯកភាព​ឲ្យ​អាជ្ញា​រធរ និង​ក្រសួង​ពាក់ព័ន្ធ​អនុវត្ត​គម្រោង​នេះ រួចរាល់​រយៈពេល ៣​ឆ្នាំ ដើម្បី​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ​រដ្ឋាភិបាល នឹង​ចំណាយថវិកា ប្រមាណ​១២​លាន​ដុល្លារ សង់​សង់សាលា​វិចិត្រសិល្បៈ​ថ្មី​ នៅ​តំបន់ជ្រោយចង្វារ​៕


Tag:
 សាលា​រចនា​
  RUFA
 ​ ភឿង ស​កុ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com