ជាតិ
លោក យ៉ាន់ បូ​រិ​ន ជំរុញ​ឲ្យ​យុវជន​ចូលរួម​ការប្រកួតប្រជែង​ស្មូត​កំណាព្យ​បន្ថែមទៀត​
09, Mar 2017 , 3:50 pm        
រូបភាព
លោក យ៉ាន់ បូរិន
លោក យ៉ាន់ បូរិន
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ការប្រកួត​ប្រជែង​ការអាន ការ​ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​ជា​លើកដំបូង​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩-១០ មីនា​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ការរៀបចំ​ការប្រកួត​ប្រជែង​នេះ  គឺ​ដើម្បី​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរួម​ការអាន ក្នុង​ទិវា​អំ​ណាន​នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​ខាងមុខ​។ ជាមួយគ្នានេះ លោក យ៉ាន់ បូ​រិ​ន ជា​គណៈកម្មការ​ក្នុងការ​ប្រកួតប្រជែង​ស្មូត​កំណាព្យ​នេះ ក៏បាន​ជំរុញ​ឲ្យ​យុវជន ចូលរួម​ការប្រកួតប្រជែង​ស្មូត​កំណាព្យ​ផងដែរ​។​



​នា​ព្រឹក​ថ្ងៃទី​០៩ មីនា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ការប្រកួត​ប្រជែង​ការអាន ការ​ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​។ ការរៀបចំ​ការប្រកួត​ប្រជែង​នេះ  គឺ​ដើម្បី​ជ្រើសរើស​សិស្ស​ឲ្យ​ចូលរួម​ការអាន ក្នុង​ទិវា​អំ​ណាន​នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​ខាងមុខ​។ ក្រសួង​អប់រំ ក៏បាន​ដាក់​នូវ​វិញ្ញាសា​ចំនួន ៣ សម្រាប់​សិស្សានុសិស្ស​ចូលរួម​ប្រកួតប្រជែង​ផងដែរ ដោយ​វិញ្ញាសា​ការអាន​អត្ថបទ ផ្ដោត​សម្រាប់​សិស្ស​ថ្នាក់​ទី​៦, ការ​ស្មូត​កំណាព្យ សម្រាប់​សិស្ស ថ្នាក់​ទី​៩ និង​ការ​តែង​និពន្ធ សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។​



​គណៈកម្មការ​សម្រាប់​ក​ម្ម​វិធី​ប្រកួតប្រជែង​ការ​ស្មូត​កំណាព្យ​នេះ មាន​សាស្ត្រាចារ្យ​ល្បីៗ​ខាង​ផ្នែក​កំណាព្យ ដែលមាន​វ័យ​ចំណាស់ ដូចជា លោក​សាស្ត្រាចារ្យ វែ​ន សុន លោក​សាស្ត្រាចារ្យ យ៉ាន់ បូ​រិ​ន និង​អ្នកស្រី ចាន់ ធី​។ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ លោក​សាស្ត្រ​ចា​រ្យ យ៉ាន់ បូ​រិ​ន ក៏បាន​ជំរុញ​ឲ្យ​មាន​កម្មវិធី​ប្រកួតប្រជែង​នេះ​បន្តទៀត ហើយ​ឲ្យ​មាន​យុវជន ចូលរួម​ការប្រកួតប្រជែង​ស្មូត​កំណាព្យ​នេះ​បន្ថែមទៀត​។​



​លោក​សាស្ត្រាចារ្យ យ៉ាន់ បូ​រិ​ន បាន​លើកឡើងថា​៖ «​ខ្ញុំ​ពេញ​ចិត្តនឹង​កម្មវិធី​ការប្រកួតប្រជែង​នេះ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។  ខ្ញុំ​នឹងចូលរួម​កម្មវិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ការសិក្សា​ផ្នែក​កំណាព្យ​ដល់​ស្រទាប់​យុវជន​បច្ចុប្បន្ន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រាចារ្យ យ៉ាន់ បូ​រិ​ន​។ ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​កំណាព្យ​ដ៏​ល្បី​ម្នាក់ លោក យ៉ាន់ បូ​រិ​ន សំណូមពរ​ឲ្យ​យុវជន​បច្ចុប្បន្ន​ជួយ​ថែរក្សា​វប្បធម៌​ទាំងអស់គ្នា កុំ​ឲ្យ​បាត់បង់​។ ជាពិសេស កុំ​យក​គ្រាប់ពេជ្រ ទៅ​ដូរ​នឹង​គ្រប់​ខ្សាច់​។​



​គួរ​បញ្ជាក់ថា ការប្រកួតប្រជែង​នេះ មាន​រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី ០៩ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ បន្ថែម​លើ​នេះ ការប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី​លើ​វិញ្ញាសា​ទាំង​៣ ទូទាំងប្រទេស​នឹង​ប្រព្រឹត្ត​ទៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​អំ​ណាន​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕


Tag:
 អប់រំ​
  កំណាព្យ​
  ស្មូត​កំណាព្យ​
  យ៉ាន់ បូ​រិ​ន
© រក្សាសិទ្ធិដោយ thmeythmey.com