ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​ថា ការ​ថ្កោលទោស​របស់​មេឃុំ​-​ចៅសង្កាត់ រឿង​ប្រើ​ពាក្យស្លោក មិនមែន​ចេញពី​ឆន្ទៈ​
09, Mar 2017 , 9:19 pm         27450
រូបភាព
​ភ្នំពេញ​៖ ពាក្យស្លោក​របស់​បក្សប្រឆាំង ដែល​ពោលថា «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​» ត្រូវបាន​មេឃុំ និង​ចៅសង្កាត់​មួយចំនួន​ពី​បក្ស​កាន់​អំ​អាច នាំគ្នា​ថ្កោលទោស​។ បក្សប្រឆាំង យល់ថា​ការចេញ​ញត្តិ​ថ្កោលទោស​ទាំងនោះ គឺជា​ការរៀបចំ​ដោយ​មនុស្ស​តែមួយ​។ តែ​បក្ស​កាន់អំណាច បាន​ច្រានចោល​ចំពោះ​ការលើកឡើង​បែបនេះ ហើយ​អះអាងថា ការចេញ​ញ្ញាត្តិ​ថ្កោលទោស គឺ​កើតឡើង​ពី​ឆន្ទៈ​របស់​មេឃុំ និង​ចៅសង្កាត់​ដោយ​ខ្លួនឯង​។

​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ វា គ្មានអ្វី​ប្លែក​ទេ ដែល​មេឃុំ និង​ចៅសង្កាត់​មួយចំនួន មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​ញត្តិ​ថ្កោលទោស ដោយសារតែ​ប្រើពាក្យ​ស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ បក្សប្រឆាំង ដែល​ទើបនឹង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ដឹកនាំ​មួយ​នេះ ស្ទើរតែ​ចាត់ទុក​បញ្ហា​ខាងលើ ថា​ជា​រឿង​ធម្មតា​ទៅហើយ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ មីនា លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សង្កេតឃើញថា ខ្លឹមសារ​នៃ​ញត្តិ​ទាំងនោះ គឺមាន​លក្ខណៈ​ស្រដៀង​គ្នា​។ ដូច្នេះ លោក យឹម សុវណ្ណ ក៏​សន្និដ្ឋានថា ញត្តិ​ថ្កោលទោស​របស់​មេឃុំ  និង​ចៅសង្កាត់​ទាំងនោះ ហាក់​ចេញពី​ប្រភព​តែមួយ​។​

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ យល់ឃើញថា ការ​ថ្កោលទោស​ខាងលើ មិនមែន​ចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​មេឃុំ​-​និង​ចៅសង្កាត់​ឡើយ​។ លោក ហ៊ាន​វាយតម្លៃ​ដូច្នេះ​ថា​៖«​ញត្តិ​ថ្កោលទោស​ទាំងនេះ គឺជា​ការរៀបចំ មិនមែន​ចេញពី​ឆន្ទៈ​»​។

​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់លោក យឹម សុវណ្ណ ដែលថា​ការចេញ​ញត្តិ​ថ្កោលទោស​ខាងលើ គឺមាន​ការរៀបចំ ឬក៏​ការជំរុញ​ពី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សង្កត់ធ្ងន់ថា ញត្តិ​ថ្កោលទោស​ទាំងនេះ គឺ​ផុស​ចេញពី​ឆន្ទៈ​របស់​មេឃុំ និង​ចៅសង្កាត់ ដោយសារតែ​យល់ថា ពួកគេ​ពិតជា​ត្រូវបាន​បក្សប្រឆាំង​ប្រមាថមើលងាយ​មែន​។​

​ម្យ៉ាងទៀត លោក សួស យ៉ា​រ៉ា យល់ថា ការចេញ​ញត្តិ​ថ្កោលទោស គឺ​បង្ហាញ​ពី​ឆន្ទៈ​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​មេឃុំ ឬ​ចៅសង្កាត់​ទាំងនោះ ដែល​មិនអាច​ទទួលយកបាន​ចំពោះ​ពាក្យស្លោក​ខាងលើ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ពួកគាត់​និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​តែមួយ​។ ហើយ​វា ក៏​បង្ហាញ​ពី​ភាពរឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​»​។​

​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ដែល​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ខ្លឹមសា​នៃ​ពាក្យស្លោក​នេះ គឺ សម្តេច ហ៊ុន សែន​។ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​បក្ស​កាន់អំណាច បានចាត់ទុក​ពាក្យស្លោក​របស់​បក្សប្រឆាំង ថា ជាការ​បង្អាប់ និង​វាយប្រហារ​ទៅលើ​អ្នកដទៃ​។

​បន្ទាប់មក អ្នកនាំពាក្យ​គណបក្ស​ប្រជា​កម្ពុជា បានចេញ​ថ្លែងការណ៍​មួយ ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែតម្រូវ​ពាក្យស្លោក​ខាងលើ​ឡើងវិញ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ បក្ស​កាន់អំណាច បានចាត់ទុក ពាក្យស្លោក​របស់​បក្សប្រឆាំង ថា​ជាការ​ញុះញង់​និង​ជាការ​ប្រមាថមើលងាយ​ទៅដល់​មន្ត្រីឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​។ រហូតមកដល់​ពេលនេះ បក្ស​កាន់អំណាច កំពុងតែ​ដំណើរការ​នីតិវិធី ដើម្បី​ប្តឹង​បក្សប្រឆាំង​ទៅ​តុលាការ ក្នុង​គោលបំណង​សុំ​ឲ្យ​កែប្រែ​ពាក្យស្លោក​នេះ​។

​ក្រោយ​មានប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​កម្ពុជា មេឃុំ និង​ចៅសង្កាត់​មួយចំនួន ក៏​នៅ​មិន​ស្ងៀម​ដែរ ចំពោះ​ពាក្យស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ មេឃុំ​និង​ចៅសង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ បាននាំគ្នា​ចេញ​ញត្តិ​ថ្កោលទោស គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ម្ចាស់​ពាក្យស្លោក ជា​បន្តបន្ទាប់​។ ជាទូទៅ ខ្លឹមសារ​នៃ​ញ្ញត្តិ​ថ្កោលទោស​ទាំងនោះ បានទាមទារ​ឲ្យ​បក្សប្រឆាំង កែប្រែ​ពាក្យស្លោក​ខាងលើ ដែល​ពួកគេ​ចាត់ទុកថា ជាការ​ចោទប្រកាន់​មន្ត្រីឃុំ​-​សង្កាត់ ដោយ​ខុសពី​ការពិត​៕

Tag:
 CPP
  CNRP
  ពាក្យស្លោក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង