ជាតិ
នយោបាយជាតិ
បក្សប្រឆាំងថា ការថ្កោលទោសរបស់មេឃុំ-ចៅសង្កាត់ រឿងប្រើពាក្យស្លោក មិនមែនចេញពីឆន្ទៈ
× ភ្នំពេញ៖ ពាក្យស្លោករបស់បក្សប្រឆាំង ដែលពោលថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» ត្រូវបានមេឃុំ និងចៅសង្កាត់មួយចំនួនពីបក្សកាន់អំអាច នាំគ្នាថ្កោលទោស។ បក្សប្រឆាំង យល់ថាការចេញញត្តិថ្កោលទោសទាំងនោះ គឺជាការរៀបចំដោយមនុស្សតែមួយ។ តែបក្សកាន់អំណាច បានច្រានចោលចំពោះការលើកឡើងបែបនេះ ហើយអះអាងថា ការចេញញ្ញាត្តិថ្កោលទោស គឺកើតឡើងពីឆន្ទៈរបស់មេឃុំ និងចៅសង្កាត់ដោយខ្លួនឯង។
សម្រាប់គណបក្សសង្គ្រោះជាតិ វា គ្មានអ្វីប្លែកទេ ដែលមេឃុំ និងចៅសង្កាត់មួយចំនួន មកពីគណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោស ដោយសារតែប្រើពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ បក្សប្រឆាំង ដែលទើបនឹងផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំមួយនេះ ស្ទើរតែចាត់ទុកបញ្ហាខាងលើ ថាជារឿងធម្មតាទៅហើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍ទី ៩ មីនា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សង្កេតឃើញថា ខ្លឹមសារនៃញត្តិទាំងនោះ គឺមានលក្ខណៈស្រដៀងគ្នា។ ដូច្នេះ លោក យឹម សុវណ្ណ ក៏សន្និដ្ឋានថា ញត្តិថ្កោលទោសរបស់មេឃុំ និងចៅសង្កាត់ទាំងនោះ ហាក់ចេញពីប្រភពតែមួយ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ យល់ឃើញថា ការថ្កោលទោសខាងលើ មិនមែនចេញពីឆន្ទៈពិតប្រាកដរបស់មេឃុំ-និងចៅសង្កាត់ឡើយ។ លោក ហ៊ានវាយតម្លៃដូច្នេះថា៖«ញត្តិថ្កោលទោសទាំងនេះ គឺជាការរៀបចំ មិនមែនចេញពីឆន្ទៈ»។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះការលើកឡើងរបស់លោក យឹម សុវណ្ណ ដែលថាការចេញញត្តិថ្កោលទោសខាងលើ គឺមានការរៀបចំ ឬក៏ការជំរុញពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ លោក សង្កត់ធ្ងន់ថា ញត្តិថ្កោលទោសទាំងនេះ គឺផុសចេញពីឆន្ទៈរបស់មេឃុំ និងចៅសង្កាត់ ដោយសារតែយល់ថា ពួកគេពិតជាត្រូវបានបក្សប្រឆាំងប្រមាថមើលងាយមែន។
ម្យ៉ាងទៀត លោក សួស យ៉ារ៉ា យល់ថា ការចេញញត្តិថ្កោលទោស គឺបង្ហាញពីឆន្ទៈរួមរវាងគណបក្សប្រជាជនកម្ពុជា និងមេឃុំ ឬចៅសង្កាត់ទាំងនោះ ដែលមិនអាចទទួលយកបានចំពោះពាក្យស្លោកខាងលើ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំយល់ថា ពួកគាត់និងគណបក្សប្រជាជនកម្ពុជា មានឆន្ទៈតែមួយ។ ហើយវា ក៏បង្ហាញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែរ»។
នៅក្នុងគណបក្សប្រជាជនកម្ពុជា អ្នកដែលបានបង្ហាញការមិនពេញចិត្តចំពោះខ្លឹមសានៃពាក្យស្លោកនេះ គឺ សម្តេច ហ៊ុន សែន។ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានបក្សកាន់អំណាច បានចាត់ទុកពាក្យស្លោករបស់បក្សប្រឆាំង ថា ជាការបង្អាប់ និងវាយប្រហារទៅលើអ្នកដទៃ។
បន្ទាប់មក អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា បានចេញថ្លែងការណ៍មួយ ដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិ កែតម្រូវពាក្យស្លោកខាងលើឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បក្សកាន់អំណាច បានចាត់ទុក ពាក្យស្លោករបស់បក្សប្រឆាំង ថាជាការញុះញង់និងជាការប្រមាថមើលងាយទៅដល់មន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ បក្សកាន់អំណាច កំពុងតែដំណើរការនីតិវិធី ដើម្បីប្តឹងបក្សប្រឆាំងទៅតុលាការ ក្នុងគោលបំណងសុំឲ្យកែប្រែពាក្យស្លោកនេះ។
ក្រោយមានប្រតិកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកម្ពុជា មេឃុំ និងចៅសង្កាត់មួយចំនួន ក៏នៅមិនស្ងៀមដែរ ចំពោះពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ មេឃុំនិងចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទាំងនោះ បាននាំគ្នាចេញញត្តិថ្កោលទោស គណបក្សសង្គ្រោះជាតិ ដែលជាម្ចាស់ពាក្យស្លោក ជាបន្តបន្ទាប់។ ជាទូទៅ ខ្លឹមសារនៃញ្ញត្តិថ្កោលទោសទាំងនោះ បានទាមទារឲ្យបក្សប្រឆាំង កែប្រែពាក្យស្លោកខាងលើ ដែលពួកគេចាត់ទុកថា ជាការចោទប្រកាន់មន្ត្រីឃុំ-សង្កាត់ ដោយខុសពីការពិត៕
© រក្សាសិទ្ធិដោយ thmeythmey.com