ជាតិ
នយោបាយជាតិ
មេបក្សប្រឆាំង មិនទាន់ឲ្យផ្សាយគោលនយោបាយបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ជាសាធារណៈ រូបភាពពីហ្វេសប៊ុករបស់ឯកឧត្តម កឹម សុខា
× ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវដល់មន្ត្រី និងសកម្មជនគ្រប់រូប កុំឲ្យប្រញាប់ផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយអាទិភាពទាំង៥ចំណុច ដែលទើបបង្កើតឡើងកាលពីសប្តាហ៍មុន។ មេបក្សប្រឆាំង បញ្ជាក់ថា គោលនយោបាយទាំងនោះ ត្រូវផ្សាយក្នុងផ្ទៃគណបក្សជាមុនសិន មុននឹងឈានទៅផ្សាយជាសាធារណៈ។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់អនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួន រួមទាំងសកម្មជនទាំងអស់ យកគោលនយោបាយអាទិភាពទាំង៥ចំណុច ដែលទើបតែត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ទៅផ្សព្វផ្សាយជាសាធារណៈ នោះទេ។ ឯកឧត្តម កឹម សុខា បានបញ្ជាក់ថា នៅក្នុងដំណាក់ដំបូង គោលនយោបាយទាំងនោះ ត្រូវផ្សព្វផ្សាយ ក្នុងរង្វង់គណបក្ស និងពន្យល់ដល់បេក្ខជន ដែលឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងសកម្មជន ដែលជាឃោសនិក ជាមុនសិន។
ឯកឧត្តម កឹម សុខា បានលើកឡើងបែបនេះ នៅលើកទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ។ ប្រធានបក្សប្រឆាំងរូបនេះ បានសរសេរដូច្នេះថា៖«ខ្ញុំ បានគូសបញ្ជាក់យ៉ាងច្បាស់ជូនដល់ ថ្នាក់ដឹកនាំ ឃោសនិក និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ជ្រាបថា គោលនយោបាយអាទិភាពជាផ្លូវការ ដែលបានអនុម័តដោយសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺសម្រាប់តែការផ្សព្វផ្សាយផ្ទៃក្នុងគណបក្ស គឺយើងមិនទាន់ឲ្យយកទៅឃោសនាជាសាធារណៈនៅឡើយទេ»។
គោលនយោបាយអាទិភាពទាំង៥ចំណុនោះរួមមាន ការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍, ការផ្ដល់សេវាសាធារណៈ, ការពង្រឹងសន្ដិសុខ និងវិមជ្ឈការ នូវគោលនយោបាយថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់)៕
© រក្សាសិទ្ធិដោយ thmeythmey.com