ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំណាង​ក្រុមហ៊ុន Microsoft ប្រាប់​សិស្ស​និស្សិត​ខ្មែរ​ពី​របៀប​សិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​
10, Mar 2017 , 9:24 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Wellington Perera នាយក​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន Microsoft ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សិស្ស​និស្សិត​ខ្មែរ​អាច​ទាញ​ឯកសារ និង​កម្មវិធី Software រួមទាំង​ចូលរួម​កម្មវិធីសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​នានា​ពី​ក្រុមហ៊ុន Microsoft ដោយ​ឥតគិតថ្លៃ​។ លោក​បាន​បញ្ជាក់ថា ពួកគេ​អាច​សិក្សា​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង នៅពេល​ពួកគេ​មាន​អ៊ី​ន​ធឺ​ណិត (Internet) ក្នុងសម័យ​សកលភាវូបនីយកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា បច្ចុប្បន្ន​។​



ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក Wellington Perera នាយក​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន Microsoft ក្នុង​មហោស្រព​ជាតិ​លើក​ទី​៣ ស្តីពី វិទ្យា​សា​ស្ក្រ និង​វិស្វកម្ម​កម្ពុជា​ឆ្នាំ ២០១៧ ដូចខាងក្រោម​៖

​លោក រឿន ភា​រុន ៖ ជម្រាបសួរ លោក Wellington! ថ្ងៃនេះ ក្រុមហ៊ុន Microsoft កំពុង​ចូលរួម​មហោស្រព​ជាតិ​លើក​ទី​៣ ស្តីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៅ​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក ប្រទេស​កម្ពុជា​។ ខ្ញុំ​ឃើញថា ក្រុមហ៊ុន​លោក ​កំពុងផ្តល់​កម្មវិធី​មួយ​ឈ្មោះថា Hour of Code ឲ្យ​សិស្ស​និស្សិត​ចូលរួម​សិក្សា​ស្រាវជ្រាវ ពេលនេះ​។ តើ​វា​ជា​កម្មវិធី​បច្ចេកវិទ្យា​អ្វី​? វា​បង្កើតឡើង​តាំងពី​ពេលណា​? នៅក្នុង​ប្រទេស​ណា​?

​លោក Wellington Perera ៖ បាទ​! យើង​ដឹងថា ក្រុមហ៊ុន Microsoft ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ត្រូវ​ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ជា​មូលដ្ឋាន​។ ដូច្នេះ Hour of Code ជា​កម្មវិធីសិក្សា​ដែល​ផ្តល់​ឲ្យ​សិស្ស​ និស្សិត​ ស្វែងយល់​ពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ជា​មូលដ្ឋាន​។ នេះ​ជា​អ្វីដែល​យើង​រៀបចំ​នៅថ្ងៃនេះ ព្រោះ យើង​ចង់​ឲ្យ​សិស្ស​ និស្សិត ​ស្វែងយល់​ពី​កម្មវិធី​កុំព្យូទ័រ លើកដំបូង​។ វា​ត្រូវបាន​បង្កើតឡើង​តាំងពី ៣​ឆ្នាំមុន​ក្នុង​សហរដ្ឋអាមេរិក​។



​លោក រឿន ភា​រុន ៖ តើ​សិស្ស​និស្សិត​ប៉ុន្មាន​នាក់ បាន​ចូលរួម​សិក្សា​កម្មវិធី​នេះ​? ក្នុងប្រទេស​ណាខ្លះ​? តើ​ពួកគេ​អាច​ទទួល​ប្រយោជន៍​អ្វីខ្លះ ​ពី​កម្មវិធី​របស់​ក្រុមហ៊ុន Microsoft​នេះ​? តើ​ពួកគេ​អាច​សិក្សា​វា​តាមរបៀប​ណា តាម​អាន ឬ​ការអនុវត្ត​លើ​កុំព្យូទ័រ​ដោយផ្ទាល់​?

​លោក Wellington Perera ៖ សិស្ស​និស្សិត​រាប់លាន​នាក់ បាន​ចូលរួម​សិក្សា​កម្មវិធី​នេះ​ នៅ​ទូទាំង​ពិភពលោក។ ខ្ញុំ​ចាំបាន​ថា សិស្ស​ និស្សិត​ មកពី​ជាង ១០០​ប្រទេស បាន​ចូលរួម​ស្វែងយល់​កម្មវិធី​នេះ​។  វា​ជា​កម្មវិធី​វិទ្យាសាស្ត្រ​ ដែល​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ច្នៃប្រឌិត និង​ការសម្រេចចិត្ត​...​។ វា​មាន​កម្មវិធី​ជាង ២០​កម្រិត​។ ពួកគេ​អាច​ស្វែងយល់​ពី​បច្ចេកវិទ្យា​ជា​មូលដ្ឋាន​ច្បាស់ ប្រសិនបើ​ពួកគេ​ចំណាយពេល​ជាង​មួយម៉ោង ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ពួកគេ​ត្រូវមាន​កម្មវិធី Microsoft មួយ​ឈ្មោះថា Minecraft ដើម្បី​សិក្សា​ពី កម្មវិធី​នេះ​...​។

​លោក រឿន ភា​រុន ៖ តើ​វា​មាន​វត្ត​មាននៅ​កម្ពុជា ក្នុង​ឆ្នាំ​ណា​? ហេតុអ្វី​បានជា​ក្រុមហ៊ុន Microsoft នាំ​វា​មកប្រទេស​កម្ពុជា​? តើលោកឃើញថា យុវជន​កម្ពុជា​កំពុង​ចាប់​ជំនាញ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ (STEM) ឬ​? 

​លោក Wellington Perera ៖ វា​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ដំបូង​គេនៅពេលនេះ​។ យើង​បាន​ចូលរួម​មហោស្រព​វិទ្យាសាស្ត្រ​នេះ​ឆ្នាំកន្លងមក ដោយឡែក​ឆ្នាំនេះ វា​មាន​លក្ខណៈ​ធំ​ជាង​មុន​។ អ្នក​បាន​ឃើញថា សិ​ស្សិ​និស្សិត​កំពុង​ស្វែងយល់​ពី​វា​។ យើង​សង្ឃឹមថា ពួកគេ​នឹង​ចាប់អារម្មណ៍​វា​កាន់តែច្រើន​។ ខ្ញុំ​ឃើញថា ពួកគេ​ចាប់​ជំនាញ​វិទ្យាសាស្ត្រ STEM ដូច្នេះ​វា​ជា​មូលដ្ឋាន​ដែល​យើង​មាន​វត្ត​មាននៅ​កម្ពុជា ព្រោះ​យើង​ជា​ក្រុមហ៊ុន​ផ្តល់​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​...​។ យើង​ជឿជាក់ថា ពួកគេ​នឹងមាន​គំនិត​ច្នៃ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ នៅពេល​ពួកគេ​បាន​ស្វែងយល់​ពី​កម្មវិធី​របស់​យើង តប​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​អនាគត​។ តាម​ការសង្កេត យើង​មាន​តម្រូវការ​ផ្នែក​បច្ចេកវិទ្យា​ច្រើន បច្ចុប្បន្ន ឧទាហរណ៍ សេវា​កក់​រថយន្តឈ្នួល កក់​សណ្ឋាគារ និង​សេវា​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។​



​លោក រឿន ភា​រុន ៖ ចឹ​ង តើ​លោកលើកទឹកចិត្ត​ពួកគេ​ ឲ្យ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ឬ​? តើ​ក្រុមហ៊ុន Microsoft បានផ្តល់​ជំនាញ​សិក្សា​វិទ្យាសាស្ត្រ​អ្វីខ្លះ​ ដល់​សិស្ស​និស្សិត​កម្ពុជា​?

​លោក Wellington Perera ៖ បាទ​! ប្រាកដ​ណាស់​។ យើង​ទឹកចិត្ត​សិស្ស​និស្សិត​កម្ពុជា ​ឲ្យ​ចាប់យក​ជំនាញ​ដែលមាន​តម្រូវការ​ទីផ្សារ​ទាំងនេះ រួមមាន កម្មវិធី​កុំព្យូទ័រ និង​ជំនាញ STEM នានា​ទៀត​។ ពួកគេ​នឹងមាន​អាជីព​ល្អ ពេលអនាគត ប្រសិនបើ​ពួកគេ​សិក្សា​ជំនាញ​ទាំងនេះ​។ យើង​បាន​ជួយ​ពួកគេ​ពី​ការសិក្សា​ស្រាវជ្រាវ​ ពី​ជំនាញ​ជាស​កល​។​



​លោក រឿន ភា​រុន ៖ ដោយសារ​លោក​កំពុងធ្វើការ​ឲ្យ​ក្រុមហ៊ុន Microsoft ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បើតាម​គំនិត​របស់​លោក តើ​សិស្ស​និស្សិត​កម្ពុ​ជាមាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​ប៉ុណ្ណា ធៀប​នឹង​យុវជន តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​? តើ​ លោកអាច​ចាត់​ចំណាត់ថ្នាក់​បាន​ឬទេ​?

​លោក Wellington Perera ៖ ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​សមត្ថភាព​វិទ្យាសាស្ត្រ​ពួកគេ​ទេ​។ តាម​ខ្ញុំ​សង្កេត​ក្នុង​តំបន់​នេះ ទីផ្សារ​បច្ចេកវិទ្យា​មាន​តម្រូវការ​ខ្ពស់​។ ពួកគេ​ពិតជា​ចាប់អារម្មណ៍​ចង់​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​។ ក្រុមហ៊ុន​យើង​បាន​ប្តេជ្ញាចិត្ត​ជួយ​បំពេញ​ការសិក្សា​របស់​ពួកគេ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​។ យើង​ជឿជាក់ថា វា​នឹងមាន​តម្រូវការ​ការងារ​ខ្ពស់ ពេលអនាគត​...​។

​លោក រឿន ភា​រុន ៖ ខ្ញុំ​ក្រឡេក​ទៅ​កម្មវិធី Hour of Code វិញ តើ​សិស្ស​និស្សិត​អាច​សិក្សា​ដោយ​ខ្លួន​ពួកគេ​បែបណា​? តើ​ពួកគេ​អាច​សិក្សា​ស្រាវជ្រាវ​អ្វីខ្លះ​ទៀត ពី​ក្រុមហ៊ុន Microsoft ដោយ​ខ្លួនគេ​ផ្ទាល់​?



​លោក Wellington Perera ៖ ពួកគេ​អាចមក​ចូលរួម​ក្នុង​ពិព័រណ៍​ពេលនេះ យើង​នឹង​ជួយ​ណែនាំ​ពួកគេ​ឲ្យ ស្វែងយល់​ពី​បច្ចេកវិទ្យា​នេះ​។ ប្រសិនបើ​ពួកគេ​ពុំ​មក​ចូលរួម ពួកគេ​អាច​ចូលទៅ​កាន់​គេហទំព័រ ឈ្មោះថា https://code.org/ ដើម្បី​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង តាម​ទូរស័ព្ទ និង​កុំព្យូទ័រ នៅពេល​មាន​អ៊ី​ន​ធឺ​ណិត​។ ប្រសិនបើ​ពួកគេ​ចង់​សិក្សា​ជំនាញ​ផ្សេងទៀត​ដោយ​ខ្លួន​ឯង យើង​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិទ្យាសាស្ត្រ​ជាច្រើន​ទៀត ដោយ​ពួកគេ​ត្រូវ​ចូលទៅ​កាន់​គេហទំព័រ​ក្រុមហ៊ុន Microsoft Academy គឺ https://mva.microsoft.com/ នោះ ពួកគេ​នឹង​អាច​ទទួល​វគ្គ​បណ្តុះបណ្តាល​រាប់រយ​ពី​ក្រុមហ៊ុន ដោយ​ឥតគិតថ្លៃ​...​។​

​លោក រឿន ភា​រុន ៖ អរគុណ លោក Wellington Perera​។​

​លោក Wellington Perera ៖ អរគុណ​ច្រើន សម្រាប់​ការសម្ភាសន៍នេះ​។​



​សម្រាប់​ព័ត៌មាន​បន្ថែម សិស្ស​និស្សិត​អាច​ចូលរួម មហោស្រព​ជាតិ​លើក​ទី​៣ ស្តីពី វិទ្យា​សា​ស្ក្រ និង​វិស្វកម្ម​កម្ពុជា​ឆ្នាំ ២០១៧​។ មហោស្រព​ដែល​ប្រមូលផ្តុំ​អ្នកជំនាញ​វិទ្យាសាស្ត្រ​ជាច្រើន​នេះ ប្រព្រឹត្តឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់ទី​១១ ខែមីនា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ​៕


Tag:
 Wellington Perera
  Microsoft
  អប់រំ​
  វិទ្យាសាស្ត្រ​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com