ជាតិ
សិល្បះ
ទេវ​នាថ​និមិត្ត ឯម ធ្ធា​យ​៖«​មិនទាន់មាន​អ្នកណា​យកចំណេះ​អស់ពី​ខ្លួន​ខ្ញុំ​ទេ​»
10, Mar 2017 , 2:37 pm        
រូបភាព
​ដោយ​ពុំ​សូវ​មានការ​សម្តែង​ល្ខោន​ខ្មែរ​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ទីសាធារណៈ ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ស្គាល់​ជាទូទៅ​នោះ នាដកា​របាំ​បុរាណ​ក៏​សូវ​ជាមាន​អ្នកណា​ស្គាល់​ដែរ​។ ផ្ទុយទៅវិញ គឺ​របាំ​បុរាណ​ខ្មែរ​នេះហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​អង្គការ​យូណេស្កូ​តាំងពី​ឆ្នាំ​២០០៣​។ នាដកា​ម្នាក់​ក្នុងចំណោម​នាដកា​ជាច្រើន​ដែល​បាន​ជួយ​ថែរក្សា និង​បណ្តុះបណ្តាល​បង្ហាត់​របាំ​បុរាណ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គឺ អ្នកគ្រូ ឯម ធ្ធា​យ​។ អ្នកគ្រូ ឯម ធ្ធា​យ គឺជា​អ្នក​ដែល​បានទទួល​ការបណ្តុះបណ្តាល​ផ្ទាល់​គ្រូរបាំ​របស់​ព្រះបរមរាជវាំង​តែម្តង​តាំងពី​ជាង​៧០​ឆ្នាំមុន​។



​មាន​ឪពុក​ជា​ទាហាន​បម្រើ​ផ្ទាល់​របស់​ព្រះ​នរោត្តម សុរាម្រិត ព្រះមហា​ក​ញ្ច​នៈកោ​ដ្ឋ និង​ម្តាយ​ជា​អ្នកបម្រើ​ព្រះ​ស្ងោ​យ​ថ្វាយ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន កុមារី ឯម ធ្ធា​យ មានឱកាស​បាន​ចូល​ហាត់​របាំ​បុរាណ​ខ្មែរ​តាំងពី​អាយុ​៧​ឆ្នាំ​។​

​អតីត​នាដកា ឯម ធ្ធា​យ រម្លឹក​អំពី​ថ្ងៃ​ពិសេស​កាលពី​ជាង​៧០​ឆ្នាំមុន​ដែល​នៅ​ធ្វើ​ឲ្យ​លោកយាយ​ព្រឺ​សម្បុរ​នៅឡើយ យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ឃើញ​គេ​ហាត់​រាំ​រាល់ថ្ងៃ ហើយ​ខ្ញុំ​ចេះតែ​លួច​រៀន​រាំ​តាម​ពីក្រោយ​។ សម្តេចឪ (​ព្រះ​បរម​រតន​កោដ្ឋ​) បាន​ទត​ឃើញ  ហើយក៏​បាន​ទៅ​ទូល​ម្តាយ​។ ស្អែក​ឡើង​គ្រូរបាំ​តួយក្ស​ក៏បាន​យក​ខ្ញុំ​ទៅ​បង្ហាត់ ហើយ​គ្រូ​ផ្សេងៗ​ទៀត​បាន​បង្ហាត់​ខ្ញុំ​ជា​តួ​ផ្សេងៗ​ក្នុង​របាំង​បុរាណ​ជា​បន្តបន្ទាប់​គ្នា​»​។​

​តាំងពី​ពេលនោះ​មក ជីវិត​របស់ ឯម ធ្ធា​យ ត្រូវបាន​ឧទ្ទិស​ទៅ​ឲ្យ​របាំ​បុរាណ​ខ្មែរ ឬ របាំ​ព្រះរាជ​ទ្រព្យ​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ​។ បើ​ធៀប​ជាមួយ​វ័យ​៨៤​ឆ្នាំ​ក្នុងពេល​បច្ចុប្បន្ននេះ លោកយាយ ឯម ធ្ធា​យ បានរស់នៅ​ជាមួយ​របាំ​បុរាណ​ខ្មែរ​ជាង​៧០​ឆ្នាំ​ហើយ ទាំង​បាន​សម្តែង​ខ្លួនឯង និង​ក្រោយមក​បានក្លាយ​ជា​គ្រូបង្រៀន​ផង​នោះ​។ សូម្បីតែ​នៅក្នុង​របប​វាលពិឃាត​ប៉ុល ពត របាំ​បាន​ជួយសង្គ្រោះ​ជីវិត​លោកយាយ ឲ្យ​ឆ្លង​ផុត​របប​ប្រល័យពូជសាសន៍​នេះដែរ​។ «​ឲ្យ​តែ​ពេល​សម្រាក​ពី​ការងារ គេ​សុំ​ឲ្យ​ខ្ញុំ​រាំ​ឲ្យ​គេ​មើល​។ ពេលខ្លះ​ខ្ញុំ​រាំ​រហូតដល់​ដួល​»​។ លោកយាយ​ដែល​អង្គុយ​នៅលើ​គ្រែ​នៅក្នុង​ផ្ទះល្វែង​ក្នុង​សង្កាត់​ព្រែកប្រា​បាន​រៀបរាប់​ប្រាប់​យ៉ាង​ដូច្នេះ​។​

​អតីត​នាដកា​ទំនងជា​មិនបាន​ដួល​ដោយសារ​ការ​រាំ​នោះឡើយ ប៉ុន្តែ​គឺ​ការខ្វះ​អាហារ ហើយ​បាក់កម្លាំង​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅក្នុង​សម័យ​នោះ​។ ក្រោយពី​ការដួលរលំ​នៃ​របប​ប៉ុល ពត អ្នកស្រី ឯម ធ្ធា​យ ដែល​បាន​ក្លាយជា​គ្រូបង្រៀន​របាំ​តាំងពី​សម័យ លន់ នល់ មកហើយ​នោះ គឺជា​ធនធាន​ដែល​នៅសល់​ពី​ការស្លាប់ ហើយក៏​បានចាប់ផ្តើម​ចូលរួម​ជាមួយ​គ្រូរបាំ​មួយចំនួនទៀត​ដើម្បី​ចាប់ផ្តើម​ថ្នាក់រៀន​របាំ​ឡើងវិញ​។ ការខិតខំ​សំភី​បូជាជីវិត​ទៅលើ​របាំ​បុរាណ​របស់​អ្នកគ្រូ ឯម ធ្ធា​យ ក៏បាន​ចាប់ផ្តើម​ឡើងវិញ​ដែរ រហូតដល់​បច្ចុប្បន្ននេះ​។​



​កាលពី​២​ឆ្នាំមុន អ្នកគ្រូ​យាយ​នៃ​របាំ​បុរាណ​ខ្មែរ​ត្រូវបាន​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រទាន​ងារ​ជា​ទេវ​នាថ​និមិត្ត ឯម ធ្ធា​យ​។ គឺជា​ងារ​ដែល​ប្រជា​ជាតិខ្មែរ​លើកតម្កើង​ជា​បេតិកភណ្ឌ​មនុស្ស​រស់ ដូច​វីរៈ​សិល្បករ វីរ​សិល្បការិនី​ផ្សេងៗ​ទៀត​របស់​ខ្មែរ​ដែរ​។ ងារ​នេះ​បានអនុញ្ញាត​ឲ្យ​លោកយាយ​ទទួលបាន​ប្រាក់ខែ​ចំនួន​៧២​ម៉ឺន​រៀល ដោយ​ពុំ​គិតដល់​ប្រាក់ខែ​ចូល​និវត្ត​ប្រមាណ​៣០​ម៉ឺន​រៀល និង​ប្រាក់ឧបត្ថម្ភ​២០​ម៉ឺន​រៀល​ជា​រៀងរាល់ខែ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ​។​

​មាន​វ័យ​ជរា​មែន ប៉ុន្តែ​ទឹកចិត្ត​លោកយាយ ឯម ធ្ធា​យ មិនទាន់​ជរា​ឡើយ​។ លោកយាយ​នៅមាន​ទឹកចិត្ត​ពុះពោរ​ចង់​បង្ហាត់បង្រៀន និង​ចែករម្លែក​ពិសោធន៍ និង​ចំណេះដឹង​ដល់​អ្នកមាន​និស្ស័យ​នឹង​របាំ​បុរាណ​ខ្មែរ​បន្តទៀត​។ ប៉ុន្តែ​វា​មិនអាច​ទៅរួច​។ លោកយាយ​បានត្រឹមតែ​សម្តែង​ការសោកស្តាយ​។​

​ក្នុង​សម្លៀកបំពាក់​អាវប៉ាក់​ព​ណ៌​ស និង​សំពត់សូត្រ​ពណ៌​ស្វាយ​ក្រ​ម៉ៅ​ដូចដែល​លោកយាយ​ធ្លាប់​ស្លៀកពាក់​ទៅ​បង្រៀន​រាំ​របាំ ទេវ​នាថ​និមិត្ត ឯម ធ្ធា​យ ឆ្លើយ​យ៉ាង​ស្វាហាប់ និង​ពោរពេញ​ដោយ​កម្លាំង នៅពេលដែល​យើង​សួរ​លោកយាយ​ថា តើ​លោកយាយ​ស្តាយ​យ៉ាងណា នៅពេលដែល​លោកយាយ​មិនអាច​ទៅ​បង្រៀន​របាំ​ទៀត​៖«​ខ្ញុំ​ស្តាយ​ណាស់ ដែល​គេ​មិន​ហៅ​ខ្ញុំ​ទៅ​បង្ហាត់​។ មិនទាន់មាន​អ្នកណា​យកចំណេះ​អស់ពី​ខ្លួន​ខ្ញុំ​ទេ​»​។

​មាន​តួ​ជាច្រើន​ដែល​ត្រូវ​សម្តែង​នៅក្នុង​របាំ​បុរាណ​ខ្មែរ​នេះ​។ អតីត​នាថការ​បាន​អះអាង​ទាំង​មោទន​ថា គាត់​អាច​សម្តែង​តួ​បាន​គ្រប់​ទាំងអស់ ដូចជា​តួយក្ស នាយ​រោង និង​ត្លុក ជាដើម​។ បូជាជីវិត​ចំពោះ​ការហាត់​រាំ​របាំ​ដែល​ប្រើ​អស់​សារពាង្គកាយ ពត់​ពែន និង​ហាត់​តាម​ក្បាច់​ទៅតាម​តួអង្គ​នីមួយៗ​នៅក្នុង​របាំ​នោះ​ហើយ​ដែល​បានធ្វើ​ឲ្យ​សុខភាព​លោកយាយ​វ័យ​៨៤​ឆ្នាំ​នៅ​រឹងប៉ឹង និង​មាំទាំ​យ៉ាងនេះ​។ ឈ្មោះថា​ហាត់​របាំ ប៉ុន្តែ​វា​ក៏​មិន​ខុសពី​ការហាត់​កីឡា​នោះដែរ​។ នេះ​ជា​អ្វីដែល​ទេវ​នាថ​និមិត្ត​បាន​អធិប្បាយ​។​
 
សូមទស្សនាវីដេអូ៖



​លោកយាយ ឯម ធ្ធា​យ មានកូន​ប្រុស​ស្រី​៤​នាក់​ដែលជា​សិល្បករ សិល្បការិនី​ដែរ​។ អ្នកគ្រូ ថោង គឺ​ម​អាន ដែល​មជ្ឈដ្ឋាន​អ្នកសិល្បៈ និង​សាលា​របាំ​ហៅ​ឈ្មោះ​ក្រៅ​ថា អ្នកគ្រូ​«​ព្រាប​» ក៏​ជា​អ្នករាំ​របាំ​បុរាណ និង​ជា​គ្រូបង្ហាត់​របាំ​ដែល​ចូល​និវត្ត​ទៅហើយ​ដែរ​។ ប៉ុន្តែ​នៅក្នុង​វ័យ​៦៤​ឆ្នាំ អ្នកគ្រូ​ក៏​នៅ​រវល់ និង​ជួយ​បង្ហាត់បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ​នៅពេល​ដែលមាន​តម្រូវការ​នានា​។

បើតាម​ការបញ្ជា​ក់រប​ស់​អ្នកគ្រូ​ព្រាប  ការណ៍​ដែល​អ្នកគ្រូ​ខិតខំ​ប្រឹងប្រែង​ក្នុង​អាជីព​ជា​អ្នករបាំ​បុរាណ ក៏​ដើម្បី​ជួយ​បំពេញ​បំណង និង​ទឹកចិត្ត​អ្នក​ម្តាយ​របស់​អ្នកគ្រូ​ដែល​ស្រឡាញ់ និង​គោរព​របាំ​បុរាណ​ខ្មែរ​នេះដែរ​។ អ្នកគ្រូ​ព្រាប មាន​មោទនភាព​ដែល​បាន​ក្លាយជា​កូនស្រី​ផង និង​ជា​កូនសិស្ស​ផង​របស់​ទេវ​នាថ​និមិត្ត ឯម ធា​យ ដែល​ប្រៀប​បី​ដូចជា​បណ្ណាល័យ​នៃ​របាំ​បុរាណ​ខ្មែរ​៕


Tag:
 ឯម ធ្ធា​យ​
  របាំ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com