ជាតិ
គណបក្សមួយចំនួន រិះគន់នៅចំពោះមុខសមាជិកគ.ជ.ប ជុំវិញការចុះបញ្ជីបេក្ខជនបោះឆ្នោត
× ភ្នំពេញ៖ តំណាងគណបក្សនយោបាយមួយចំនួន លើកឡើងថា មន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតាមឃុំ-សង្កាត់ អនុវត្តនីតិវិធីមិនបានត្រឹមត្រូវ ដែលបង្កឲ្យមានភាពស្មុគស្មាញក្នុងការបំពេញសំណុំបែបបទផ្សេងៗ ជាពិសេសបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ គ.ជ.ប ទទួលយកការរិះគន់នេះ។ ប៉ុន្តែ គ.ជ.ប នៅតែបញ្ជាក់ថា បញ្ហាទាំងនេះ មិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតទាំងមូល នោះទេ។
-
តំណាងគណបក្សមួយចំនួន មិនសូវសប្បាយចិត្តប៉ុន្មានទេ ចំពោះនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាក់ទងនឹងការចុះបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ តំណាងគណបក្សទាំងនោះ អះអាងថា នីតិវិធីនៃការបំពេញសំណុំបែបបទសម្រាប់ចុះបញ្ជីបេក្ខជន មានលក្ខណៈផ្សេងៗពីគ្នា ពីឃុំ-សង្កាត់មួយ ទៅឃុំ-សង្កាត់មួយ។
នីតិវិធី និងទម្រង់ឯកសារសម្រាប់បំពេញសំណុំបែបបទ ក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវមានលក្ខណៈតែមួយ។ ប៉ុន្តែ ជាក់ស្តែង មន្ត្រីរបស់គ.ជ.ប នៅតាមឃុំ-សង្កាត់ បានអនុវត្តនីតិវិធីខាងលើ ផ្សេងៗគ្នា ដែលធ្វើឲ្យគណបក្សនីមួយៗ ជួបការលំបាក ក្នុងការបំពេញសំណុំបែបបទទាំងនោះ។ ទាំងនេះ គឺជាការរៀបរាប់របស់តំណាងគណបក្សនានា នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងនៅទីស្តីការ គ.ជ.ប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
បើតាមការលើកឡើងរបស់តំណាងគណបក្សនៅក្នុងកិច្ចប្រជុំ ដោយសារតែការអនុវត្តរបស់មន្ត្រីនៅថ្នាក់ឃុំ-សង្កាត់ មិនត្រឹមត្រូវតាមនីតិវិធីបែបនេះហើយ ទើបគណបក្សខ្លះ មានភាពយឺតយ៉ាវ និងខកខានក្នុងការរៀបចំបញ្ជីបេក្ខជន នៅក្នុងឃុំ-សង្កាត់មួយចំនួន។ មែនទែនទៅ សូម្បីតែរូបថតរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ក៏មានបញ្ហាដែរ ដោយមន្ត្រីគ.ជ.ប នៅថ្នាក់ឃុំ-សង្កាត់ខ្លះ ទារហួសពីតម្រូវការ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនោះ បានឡើងនិយាយនៅចំពោះមុខសមាជិកគ.ជ.ប ថា មន្ត្រីគ.ជ.ប នៅតាមឃុំ-សង្កាត់មួយចំនួន យល់ដឹងមិនច្បាស់ពីកិច្ចការងារ ទាក់ទងនឹងការបំពេញសំណុំបែបបទនៃការចុះបញ្ជីបេក្ខជន។ លោក សង្កត់ធ្ងន់ថា គួបផ្សំនឹងបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមន្ត្រីគណបក្ស ក៏មិនសូវជាយល់ផងនោះ បញ្ហា កាត់តែស្មុគស្មាញថែមទៀត។
លោក ម៉ម សូណង់ដូ បាននិយាយថា ព្រោះតែបញ្ហាខាងលើ គណបក្សរបស់លោក ខកខាន មិនបានរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់មួយចំនួន។ អ្វីដែលលោក បានរិះគន់ធ្ងន់ជាងគេ គឺកំហុសឆ្គងជាច្រើន ដែលបានកើតឡើងក្នុងអំឡុងនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមានរយៈពេលត្រឹមតែ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រធិបតេយ្យរូបនេះ បាននិយាយដូច្នេះថា៖«ការខុសឆ្គង គឺច្រើនណាស់ នៅថ្ងៃទី១ ដល់ថ្ងៃទី៥។ គណៈកម្មការ គ.ជ.ប នៅថ្នាក់ក្រោមជាតិ ភាគច្រើនគឺពួកគាត់ អត់យល់ពីកិច្ចការរបស់ពួកគាត់ ហើយថែមទាំង បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនច្បាស់លាស់រៀងៗខ្លួន គឺរឹតតែលំបាក។ ខ្ញុំសង្កេតឃើញថា មន្ត្រី គ.ជ.ប ខ្លះ នៅតាមឃុំ គឺរឹងរូស។ បើពួកគាត់ធ្វើអ្វី គឺចង់ឲ្យគេតាមធ្វើភ្លាម។ វា ស្មុគស្មាញមែនទែន។ នេះជារឿងមួយដែល មិនអាចឲ្យគណបក្សខ្ញុំ ធ្វើឯកសារបានទាន់ពេលវេលាមួយចំនួនដែរ។ សូម (គ.ជ.ប) ពិចារណាពីបញ្ហាទាំងអស់ហ្នឹង»។
ចំណែកឯ លោក ប៉ែន ស៊ាប តំណាងគណបក្សអំណាចខ្មែរ ក៏មានចម្ងល់ដែរ ចំពោះបញ្ហា ដែលលោក ម៉ម សូណង់ដូរ បានលើកឡើង។ លោក ប៉ែន ស៊ាប សង្កេតឃើញថា មន្ត្រីគ.ជ.ប នៅតាមឃុំ-សង្កាត់ខ្លះ មិនបានអនុវត្តនីតិវិធីឲ្យដូចគ្នាៗ ដែលគ.ជ.ប បានកំណត់នោះទេ។
តំណាងគណបក្សអំណាចខ្មែររូបនេះ បានបញ្ជាក់បែបនេះថា៖«គំរូ និងនីតិវិធី គឺតែមួយ ប៉ុន្តែការអនុវត្តមានស្តង់ដាពីរ។ ឃុំខ្លះទាមទារនេះ ឃុំខ្លះទាមទារនោះ។ អ៊ីចឹងមានលក្ខណៈពីរខុសគ្នា»។
លើសពីនេះ លោក ប៉ែន ស៊ាប ថែមទាំង អះអាងថា បេក្ខជនពីគណបក្សអំណាចខ្មែរ ដែលឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ធ្លាប់ត្រូវបានមន្ត្រីគ.ជ.ប គំរាមដកពួកគេចេញពីបញ្ជីបេក្ខជនផងដែរ នៅពេលណា ដែលមានបញ្ហាអ្វីមួយកើតឡើង។ នៅក្នុងកិច្ចប្រជុំនោះ លោក បានស្នើឲ្យសមាជិក គ.ជ.ប ជួយពន្យល់ពីអ្វី ដែលលោកបានលើកឡើងខាងលើ។
លោក មាន សទិ សមាជិកគ.ជ.ប មួយរូប ដែលដឹកនាំកិច្ចប្រជុំនេះ មិនបដិសេធចំពោះបញ្ហា ខាងលើ ដែលតំណាងគណបក្សនានា បានលើកឡើងនោះទេ។ លោក បញ្ជាក់ថា ការខ្វះចន្លោះ និងភាពអសកម្មរបស់មន្ត្រីគ.ជ.ប នៅតាមមូលដ្ឋាន គឺប្រាកដជាមាន ដោយជៀសមិនផុតទេ។ លោក និយាយដូច្នេះថា៖«យើងសារភាពថា វាមានចំណុចខ្វះខាត។ ការអនុវត្តការងារទាំងមូល គឺមានខ្លះៗ មិនអត់ទេ។ ក៏ប៉ុន្តែ មិនមែនរហូតទៅដល់ថា ធ្វើឲ្យបរាជ័យការបោះឆ្នោតទេ»។
ជុំវិញការរិះគន់ខាងលើ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ក៏ទទួលស្គាល់ដូចលោក មាន សទិ ដែរ។ លោក សង្កត់ធ្ងន់ថា មូលហេតុចម្បងដែលនាំឲ្យមានបញ្ហាទាំងនេះ គឺដោយសារធនធានមនុស្សរបស់គ.ជ.ប នៅមានកម្រិត។
អគ្គលេខាធិការគ.ជ.ប រូបនេះ បាននិយាយដូច្នេះថា៖«មិនមែនអត់បញ្ហាទេ ជាការងារមួយ ជាយុទ្ធនាការធំមួយ ដែលធ្វើទូទាំងប្រទេស។ ហើយគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ទើបរើសបាន ហើយរៀនបានពីរថ្ងៃ ក៏ចូលទៅធ្វើការ។ ខ្ញុំ មិនធានាថា ពួកគាត់ធ្វើបាន ១០០ភាគរយទេ។ វា មានបញ្ហា។ ក៏ប៉ុន្តែ យើង មានឯកសារ ទុកឲ្យពួកគាត់ មានអ្នកទំនាក់ទំនង និងអ្នកសម្របសម្រួល។ អ៊ីចឹង នេះ ជាការងារមួយ ដែលយើងបានយកចិត្តទុកដាក់ក្នុងកម្រិតមួយដែលយើង អាចទំនាក់ទំនងនិងដោះស្រាយបាន»។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់គ.ជ.ប ជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃសុក្រនេះ ក៏បានប្រកាសបិទផ្សាយជាលើកដំបូង នូវបញ្ជីបក្ខជនឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ផងដែរ។ យោងតាមការប្រកាសរបស់គ.ជ.ប គណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងអាណត្តិទី៤នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com